ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរ​យានយន្ត​គ្មាន​បណ្ណ​សម្គាល់​យានយន្ត ឬ​គ្មាន​ស្លាក​លេខ​ត្រូវ​រង​ពិន័យ​ពី ៤​សែន ដល់​ជាង ៨​សែន​រៀល​
26, Mar 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកបើកបរ​យានយន្ត​ត្រូវ​រង​ពិន័យ​ប្រាក់​ពី ៤​សែន​ដល់ ៨​សែន​រៀល ប្រសិនបើ​ពួកគេ​បើកបរ​យានយន្ត​គ្មាន​បណ្ណ​សម្គាល់​យានយន្ត ឬ​គ្មាន​ស្លាក​លេខ​។ នេះ​បើតាម​មាត្រា​១២ នៃ​អនុក្រឹត្យ​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។​



​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី រដ្ឋាភិបាល​បាន​បង្គាប់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឲ្យ​ពិន័យ​ចំពោះ​អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន ៤០០ ០០០ (​បួន​សែន​) រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន ៨០០ ០០០ (​ប្រាំបី​សែន​)​រៀល​។​

​បន្ថែម​លើសពីនេះ មាត្រា​១២​នៃ​អនុក្រឹត្យ​នេះ​បានចែង​បញ្ជាក់ទៀតថា សមត្ថកិច្ច​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅ​អយ្យការ​អម​សាលាដំបូង ក្នុងករណី​ជនល្មើស​ធ្លាប់​ទទួលរង​ពិន័យ​ម្តង​រួច ហើយ​គេ​នៅតែ​បន្ត​ប្រព្រឹត្តល្មើស​ក្នុងអំឡុងពេល ៦ (​ប្រាំមួយ​)​ខែ គិត​ចាប់ពី​ការពិន័យ​អន្តរការណ៍​លើក​មុន​។​

​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​វិញ សមត្ថកិច្ច​ត្រូវ​អនុវត្តតាម​ប្បញ្ញត្តិ​នៃ​មាត្រា ៩ នៃ​អនុក្រឹត្យ​។ អនុក្រឹត្យ ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី ចែងបញ្ជាក់​។​

​តាម​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​២១ មីនា​នេះ ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ប្រសិនបើ​អនីតិជន​មាន​អាយុ ក្រោម ១៥​ឆ្នាំ បាន​ប្រព្រឹត្តល្មើស​នឹង​អនុក្រឹត្យ​។ តាម​អនុក្រឹត្យ​ដដែល បុគ្គល​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ពេល​អនុវត្ត​ច្បាប់ មាន​សិទ្ធិ​ប្តឹងតវ៉ា​ទៅ​ប្រធាន​អង្គភាព​ដែល​គ្រប់គ្រង​មន្ត្រី​អនុវត្ត​នោះ​ផ្ទាល់​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ៣០​ថ្ងៃ​យ៉ាងយូរ គិតពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​៕


Tag:
 ច្បាប់​
  ចរាចរណ៍​
  មហាផ្ទៃ​
  សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com