កីឡាជាតិ
ជាតិ
កីឡា១១ប្រភេទដែលចូលរួមប្រកួត និងសម្តែងនៅបុណ្យទន្លេខេត្តស្ទឹងត្រែងបានបញ្ចប់ជាស្ថាពរ រូបភាព ពីហ៊្វេសប៊ុកNOCC
× ខេត្តស្ទឹងត្រែង៖ កីឡា១១ប្រភេទដែលបានដាក់ឲ្យប្រកួត និងសម្តែង ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៣នៅខេត្តស្ទឹងត្រែង បានបញ្ចប់ជាស្ថាពរនៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ។ ប៉ុន្តែការតាំងពិព័រណ៍ផលិតផល ការសម្ដែងសិល្បៈ និងការប្រគំតន្ត្រីមិនទាន់បញ្ចប់នោះទេគឺនៅបន្តរហូតដល់យប់ជ្រៅ។
ត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ការប្រកួត និងសម្ដែងលើ១១ប្រភេទកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង បានបញ្ចប់ជាស្ថាពរ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានវាយតម្លៃថា អ្នកចូលរួមទស្សនា និងគាំទ្រការប្រកួត និងសម្ដែងកីឡានៅខេត្តស្ទឹងត្រែង មានចំនួនប្រហាក់ប្រហែលនឹងបុណ្យទន្លេនៅខេត្តក្រចេះ និងខេត្តកំពង់ចាម។ ហើយតាមរយៈការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង បានធ្វើឲ្យការប្រកួត និងសម្តែងកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តស្ទឹងត្រែង ដំណើរការយ៉ាងរលូន និងកាន់តែអធិកអធម។
កីឡាទាំង១១ប្រភេទដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដាក់ឲ្យប្រកួត និងសម្ដែងរួមមាន ចំបាប់, ល្បុក្តតោ, ប្រដាល់គុនខ្មែរ, ទាញព្រ័ត្រ, បាល់ទាត់, បាល់ទះ, រត់ប្រណាំង, ប្រណាំងកង់, វាយសី, កីឡារាំ និងទូកកានូ។
ក្នុងចំណោមកីឡាទាំងនេះ កីឡាបាល់ទាត់ និងបាល់ទះដែលមានការចូលរួមពីក្រុមបាល់ទាត់ និងបាល់ទះរបស់ប្រទេសឡាវទើបតែបញ្ចប់កាលពីថ្ងៃទី២៦ ខែមីនា។ ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេលពីរថ្ងៃកន្លះក្នុងនោះជើងឯកផ្នៃកបុរសបានទៅក្រុម Sand Stone FC, លេខ២ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច និងលេខ៣ ក្រុមវីរៈ ៧០១។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមបាល់ទាត់ក្រុងស្ទឹងត្រែង លេខ២ ក្រុមស្រុកសាមឃួយរបស់ឡាវ និងលេខ៣ ក្រុមស្រុកសេសាន្ត។
ដោយឡែក ការប្រកួតបាល់ទះជើងឯកផ្នែកបុរសបានទៅក្រុមមន្ទីរអប់រំខេត្តស្ទឹងត្រែង, លេខ២ ក្រុមកីឡាស្ទឹងត្រែង និងលេខ៣ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច។ ចំណែកផ្នែកនារីជើងឯកបានទៅក្រុមស្រុកស្រែក្រសាំង លេខ២ ក្រុមស្រុកសេសាន និងលេខ៣ ក្រុមស្រុកថាឡាបូរីវ៉ាត់។
ទោះបីការប្រកួត និងសម្ដែងកីឡាបានបញ្ចប់ក៏ដោយ ប៉ុន្ដែព្រឹត្តិការណ៍បុណ្យទន្លេដែលធ្វើឡើងក្រោមប្រធានបទ ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន មិនទាន់បញ្ចប់នោះទេ។ ពោលគឺភ្ញៀវទេសចរជាតិ និងអន្តរជាតិអានទស្សនាការប្រគំតន្ត្រី និងផ្ទាំងទស្សនីយភាពសិល្បៈសម្តែងរបាំវប្បធម៌ ប្រពៃណី ព្រមទាំងស្តង់ពិព័រណ៍ផលិតផល កម្ពុជា ឡាវ និងថៃ នៅយប់ថ្ងៃទី២៦ ខែមីនា មួយយប់ទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com