ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន អំពាវនាវ​ឲ្យ​គ្រប់​គណបក្សនយោបាយ កុំ​ឃោសនាបោះឆ្នោត​រិះគន់​គណបក្ស​ដទៃ​
27, Mar 2017 , 9:23 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​គ្រប់​បណ្ដា​គណបក្សនយោបាយ ដែល​បាន​ឈ​ឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា ឃុំ​-​សង្កាត់ នោះ ត្រូវគោរព​ក្រមសីលធម៌​ដោយ​ប្រើប្រាស់​សារ​នយោបាយ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​ឃោសនា​បន្ដុះបង្អាប់ ឬ​រិះគន់​ប៉ះពាល់​ដល់​គណបក្ស​ដទៃ​នោះទេ​។


​ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​ក្រុង​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៧ មីនា​នេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវយក​អ្នក​ឃោសនា​ពាណិជ្ជកម្ម​ធ្វើជា​គំរូ ។ អ្នក​ឃោសនា​ពាណិជ្ជកម្ម គឺ​គ្រាន់តែ​ឃោសនា​អំពី​ទំនិញ​របស់ខ្លួន​ប៉ុណ្ណោះ តែ​គេ​មិនបាន​បន្តុះបង្អាប់​នូវ​ទំនិញ​អ្នកដទៃ​ទេ​។ ការបន្តុះ​បង្អាប់​ទំនិញ​អ្នកដទៃ ឬ​បេក្ខជន​នៃ​បក្ស​ដទៃ វា​នឹង​នាំ​ឲ្យ​មាន​ជម្លោះ​ចៀស​មិន​ផុត ព្រោះ​អ្នក​ដែល​ទទួល​នូវ​ការប្រមាថ នូវ​ការ​ជេរ​លាប​ពណ៌ ពិតជា​គេ​មិន​សុខចិត្ត គេ​នឹង​ប្រើ​សិទ្ធិ​របស់គេ​ដើម្បី​ប្ដឹង​។ ដូច្នេះ​សង្ឃឹមថា បក្សនយោបាយ​នានា ក៏ដូចជា​បេក្ខជន​ដែល​ឈ​ឈ្មោះ​ត្រូវគោរព​ដោយ​ក្រមសីលធម៌ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏ដូចជា​ច្បាប់​ស្តីពី​បក្សនយោបាយ​ផងដែរ​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល ក៏​សង្ឃឹមថា ការបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​សន្តិសុខ សេរី និង​យុត្តិធម៌​ផងដែរ​។​
 
​សូម​ញ្ជា​ក់ថា ការបោះឆ្នោត​ឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ សម្រាប់​កៅអី​ឃុំ​-​សង្កាត់ ទាំង​១៦៤៦ ៕ 
 

Tag:
 ហ៊ុន សែន​
  ​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com