អន្តរជាតិ
កូរ៉េខាងជើង គំរាម​វាយប្រហារ​អាមេរិក និង​កូរ៉េខាងត្បូង​ដោយ​មិន​ប្រាប់​មុន​
27, Mar 2017 , 11:39 am        
រូបភាព
​កងទ័ព​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៦ ខែមីនា បានប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​បើក​ការវាយប្រហារ​ដោយ​មិនចាំបាច់​ប្រាប់​មុន លើ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ខណៈ​ប្រទេស​ទាំងពីរ​នេះ​កំពុង​អនុវត្ត​លំ​ហាត់​កម្ទេច​ក្បាលម៉ាស៊ីន​ដឹកនាំ​កូរ៉េខាងជើង​ក្នុង​សមយុទ្ធ​រួមគ្នា​មួយ​។ សមយុទ្ធ​ដ៏​ធំ​នេះ ចូលរួម​ដោយ​កម្លាំង​ពិសេស​អាមេរិក​ជាច្រើន​ក្រុម ដែល​ហ្វឹកហាត់​វាយប្រហារ​លើ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង ក្នុងករណី​ផ្ទុះ​សង្គ្រាម​ឡើង​មែន​។



​ខណៈដែល​សមយុទ្ធ​រួមគ្នា​ដ៏​ធំ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង កំពុង​ធ្វើឡើង​នោះ កូរ៉េខាងជើង​ឯណោះ​នៅ​មិន​សុខ​ឡើយ​ដោយបាន​គំរាម​វាយបក​វិញ បើ​សមយុទ្ធ​រួមគ្នា​អាមេរិក និង​កូរ៉េខាងត្បូង ហ៊ាន​បំពាន​អធិបតេយ្យ​របស់ខ្លួន​តែ​បន្តិច​។ កូរ៉េខាងជើង ក៏​ព្រមាន​វាយប្រហារ​ដោយ​មិន​ប្រាប់​មុន​លើ​អាមេរិក និង​កូរ៉េខាងត្បូង​ផងដែរ​។ នេះ​ក៏​ព្រោះតែ​សមយុទ្ធ​រួមគ្នា​លើក​នេះ ក៏មាន​វត្តមាន​កម្លាំង​ប្រតិបត្តិការ​ពិសេស​របស់​អាមេរិក​ជាច្រើន ដែល​ធ្វើ​លំ​ហាត់​កម្ទេច​ក្បាលម៉ាស៊ីន​ក្រុង​ព្យុងយ៉ាង​តែម្ដង​។​

​ជាការ​ឆ្លើយតប​នឹង​សមយុទ្ធ​ប៉ង​សម្លាប់​មេដឹកនាំ​របស់ខ្លួន កងទ័ព​កូរ៉េខាងជើង ក៏​ចេញមក​ប្រកាសថា ខ្លួន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​រារាំង​ការប៉ុនប៉ង​វាយប្រហារ​មកលើ​មេដឹកនាំ​របស់ខ្លួន​មាន​លោក គីម ជុង​អ៊ុន ជាដើម​។ កូរ៉េខាងជើង ព្រមាន​ដែរ​ថា កងទ័ព​រំដោះប្រជាជន នឹងមិន​លើកលែង​ឲ្យ​បំណង​អាក្រក់​ណាមួយ​ឡើយ ហើយ​ខ្លួន​នឹង​បើក​ប្រតិបត្តិការ​វាយប្រហារ​មិនដឹង​មុន​លើ​បច្ចាមិត្ត គឺ​អាមេរិក និង​កូរ៉េខាងត្បូង ជា​អាយ៉ង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap កងកម្លាំង​ពិសេស​អាមេរិក​ដូចជា Navy SEAL Team 6, Army Rangers, Delta Force និង Green Berets កំពុងតែ​ចូលរួម​សមយុទ្ធ​រួមគ្នា​ប្រចាំឆ្នាំ​នៅ​ឧបទ្វីប​កូរ៉េ​។ កងកម្លាំង​ទាំងនេះ ត្រូវបាន​ហ្វឹកហ្វឺន​ជាពិសេស និង​ទទួលខុសត្រូវ​វាយប្រហារ​គោលដៅ​នៃ​ថ្នាក់ដឹកនាំ​កំពូល​របស់​របប​កុម្មុយនីស្ត​កូរ៉េខាងជើង ក្នុងករណី​សង្គ្រាម​ពិតជា​ផ្ទុះឡើង​ដោយ​ចៀស​មិន​រួច​មែន​នោះ​។​

​សហរដ្ឋអាមេរិក​ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ហាក់​អស់​ការអត់ធ្មត់​នឹង​ទង្វើ​របស់​កូរ៉េខាងជើង បើទោះជា​រដ្ឋ​ក្រីក្រ​នេះ រង​ទណ្ឌកម្ម​ច្រើន​ហើយ​ក្ដី​។ ក្នុងពេល​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង រដ្ឋ​ន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson បាន​បង្ហើប​ថា ការប្រើប្រាស់​កម្លាំង​ទ័ព​ស្ថិតនៅក្នុង​ការពិចារណា​សម្រាប់​ដោះស្រាយ​បញ្ហា​។ វា​ជា​លើកដំបូង​បំផុត​ដែល​អាមេរិក​និយាយ​ដល់​រឿង​ប្រើប្រាស់​កងទ័ព​នេះ ដ្បិត​ធម៌​ត្រជាក់​ពិតជា​មិនអាច​បង្ខំ​កូរ៉េខាងជើង​បានឡើយ​។​

​យ៉ាងណាមិញ កូរ៉េខាងជើង ដែល​អះអាងថា​រង​ការ​គំរាម​មិន​ឈប់ឈរ​ពី​សំណាក់​អាមេរិក និង​សម្ព័ន្ធមិត្ត​តំបន់​អាស៊ី មិន​ខ្លា​ចការ​គំរាម​របស់​អា​មេ​រិ​កឡើ​យ ហើយ​កងទ័ព​កូរ៉េខាងជើង ក៏​ត្រៀមខ្លួន​រួចរាល់​ដែរ​ដើម្បី​វាយបក​លើ​បច្ចាមិត្ត​ទាំងឡាយ ដែល​ហ៊ាន​បំពាន​អធិបតេយ្យ​ទៀតផង​។ កូរ៉េខាងជើង​ក៏​គំរាម​វាយកម្ទេច​អាមេរិក និង​កូរ៉េខាងត្បូង​ឲ្យ​ក្លាយជា​ផេះផង់​ទៀតផង បើ​ប្រទេស​ទាំងនេះ​ហ៊ាន​វាយប្រហារ​ខ្លួន​មុន​នោះ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com