ជាតិ
លោក កែវ រ៉េមី ថា សម្តេច ហ៊ុន សែន គួរ​ទទួលបាន​ពាន​ណូបែល​សន្តិភាព​
27, Mar 2017 , 12:22 pm        
រូបភាព
 
​ភ្នំពេញ​៖ ឆ្លើយតប​ទៅនឹង​ប្រធាន​សមាជិកសភា​អាស៊ាន​ដែល​រិះគន់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើក​ពី​គុណបំណាច់​របស់​សម្តេច ហ៊ុន សែន​។ មន្ត្រី​រដ្ឋាភិបាល​រូបនេះ​បញ្ជាក់ថា សម្តេច​បានបញ្ចប់​សង្គ្រាម​ស៊ីវិល ហើយ​បាន​នាំ​សន្តិភាព និង​ការគោរព​សិទ្ធិមនុស្ស​មក​ឲ្យ​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​នេះ​។​

 
​សូម​ស្តាប់ សំឡេង របស់លោក កែវ រ៉ា​មី​



 
​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ខែមីនា​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បានរៀបចំ​សន្និសីទកាសែត​មួយ​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​ស្ថាប័ន​សមាជិកសភា​អាស៊ាន​ដើម្បី​សិ​ទិ្ធ​មនុស្ស​។ នៅ​ចំពោះមុខ​អ្នកកាសែត លោក កែវ រ៉េមី បានលើកឡើង​ពី​គុណសម្បត្តិ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល និង​បាន​នាំ​ទាំង​សន្តិភាព និង​សិទ្ធិមនុស្ស​មក​កម្ពុជា​វិញ​។ សម្រាប់​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល​ដដែល សម្តេច ហ៊ុន សែន គួរតែ​ទទួលបាន​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ទៀតផង​។​
 
​កាលពី​សប្តាហ៍​មុន លោក ឆាល សាន់ត្យាហ្គោ (Charles Santiago) ដែលជា​សភា​នៃ​គណបក្សប្រឆាំង​នៅ​ម៉ាឡេស៊ី ហើយ​ជា​ប្រធាន​ស្ថាប័ន​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បានធ្វើ​សេចក្តីថ្លែងការណ៍​រិះគន់​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ស្ថាប័ន​សមាជិកសភា​អាស៊ាន​ដែល​កើត​ពី​ការប្រមូល​ផ្តុំគ្នា​នៃ​សមាជិកសភា​មកពី​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​អាស៊ាន បាន​រិះគន់​កម្ពុជា​ខ្លាំង​អំពី​ការអនុម័ត​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​អង្គការក្រៅរដ្ឋាភិបាល និង​ប្រទេស​ដៃគូ​អភិវឌ្ឍ​មួយចំនួន​បានបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ដែរ​៕
 







Tag:
 កែវ រ៉េមី​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com