កីឡាជាតិ
ជាតិ
ហ្ស៊​កដា​នី​ជា​ក្រុមទី​បី​នៅ​អាស៊ី​ខាងលិច​ដែល​កម្ពុជា​ប៉ះ​ក្នុង AFC Asian Cup
27, Mar 2017 , 8:19 pm        
រូបភាព
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិហ្ស៊កដានី។ រូបថត JFA Jordan
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិហ្ស៊កដានី។ រូបថត JFA Jordan
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានបង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup ជា​លើក ដំបូង​នៅ​ឆ្នាំ​១៩៥៦ និង​ជាការ​ប្រកួត​ឆាក​អន្តរជាតិ​លើកដំបូង​បំផុត​ផងដែរ​។ កាលណោះ កម្ពុជា​បាន​ប៉ះ​ជាមួយ​ម៉ាឡាយូ (​បច្ចុប្បន្ន​ម៉ាឡេស៊ី​) ក្នុង​វគ្គ​ជម្រុះ ដោយ​ចាញ់ ៩-២ នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ក្នុង​ជើង​ទីមួយ ហើយ​យកឈ្នះ ៣-២ វិញ នៅ​ជើង​ទី​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​គូ​វ៉ែត និង​អ៊ីរ៉ង់ ហ្ស៊​កដា​នី គឺជា​ក្រុមទី​បី​នៅ​តំបន់​អាស៊ី​ខាងលិច ដែល​នឹង​បើកទ្វារ​កីឡដ្ឋាន King Abdullah II ទទួល​កម្ពុជា​ក្នុងជំនួប​បើកឆាក​ពូ​ល C នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup នា​រាត្រី​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​



​ហ្ស៊​កដា​នី មាន​ប្រវត្តិ​ជួប​ជាមួយ​ក្រុម​នៅ​តំបន់​អាស៊ាន ដូចជា​សិង្ហ​បុរី ថៃ និង​ម៉ាឡេស៊ី ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup ប៉ុន្តែ​ក្រុម​មកពី​តំបន់​អាស៊ី​ខាងលិច​មួយ​នេះ នឹងត្រូវ​ស្វាគមន៍​កម្ពុជា​ជា​លើកដំបូង​ក្នុង​កំណត់ត្រា​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​របស់ខ្លួន​។

​នៅក្នុង​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់ AFC Asian Cup នេះ ក្រុម​ពី​តំបន់​អាស៊ី​ខាងលិច​ចំនួន​២ ដែល​កម្ពុជា​ធ្លាប់​ជួបនោះ មាន គូ​វ៉ែត និង​អ៊ីរ៉ង់​។ កាលពី​ឆ្នាំ​១៩៧២ ក្រុម​សាធារណរដ្ឋ​ខ្មែរ បាន​យកឈ្នះ​គូ​វ៉ែត​រហូតដល់​ទៅ ៤-០ នៅក្នុង​ពូ​ល B នៅ​កីឡដ្ឋាន Supachalasai Stadium ក្រុង​បាងកក ប្រទេស​ថៃ ដែល​ស៊ុត​បញ្ចូល​ទី​ជា​បន្តបន្ទាប់​ដោយ​កីឡាករ ឌឿ សុខុម​, សុខ ស៊ុន​ហៀន​, ទេស ស៊ាន និង សៀ ជាង​អេង​។

​ជាមួយគ្នានេះ​ផងដែរ កម្ពុជា​បាន​ជួប​អឺ​រ៉ង់​ម្តងទៀត​នៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពី​ពួកគេ​បាន​ប៉ះគ្នា​រួច​ម្តង​ហើយ​នៅ​វគ្គ​ជម្រុះ​បឋម​។ នៅ​វគ្គ​ជម្រុះ​បឋម អ៊ឺ​រ៉ង់ បាន​យកឈ្នះ ២-០ ហើយ​បន្ត​ជោគជ័យ​លើ​កម្ពុជា​ម្តងទៀត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-១​។ នាពេលនោះ កីឡាករ Safar Iranpak បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ១-០ សម្រាប់​អឺ​រ៉ង់​នៅ​នាទី ទី​១៣ ហើយ​កីឡាករ ស្លៃ​ម៉ាន សា​លីម រក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​កម្ពុ​ជានា​រយៈពេល​៥​នាទី​បន្ទាប់​។​

​ក្រុម​ដែល​ស្ថិតក្រោម​របប​សាធារណរដ្ឋ​ខ្មែរ បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ប្រចាំ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​១៩៧២ បន្ទាប់ពី​ពួកគេ​ចាញ់​ថា​ថៃ ៥-៣ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​លទ្ធផល​ស្មើ ២-២ នៅ​ម៉ោង​ធម្មតា​។ អឺ​រ៉ុង់​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​អាស៊ី​ជា​លើក​ទី​២ បន្ទាប់ពី​បាន​យកឈ្នះ កូរ៉េខាងត្បូង ២-១ នៅ​ម៉ោង​បន្ថែម​។​

​ក្រុម​ពី​តំបន់​អាស៊ី​ខាងលិច​ផ្សេងទៀត​ដែល​កម្ពុជា​ធ្លាប់​ជួប​រួមមាន លី​បង់ ប៉ា​ឡេ​ស្ទី​ន យ៉េ​មែន និង​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ជំនួប​មិត្តភាព​កាលពីដើម​ឆ្នាំកន្លងមក​។ កម្ពុជា​ក៏​ធ្លាប់​ជួប​ស៊ី​រី​ចំនួន​៣​លើក​កន្លងមក​ដែរ ដោយបាន​ចាញ់ ៥-១ ក្នុង​ពានរង្វាន់ Nehru Cup នៅក្នុង​ក្រុងញូ​វ​ដេលី កាលពី​ឆ្នាំ​២០០៧ ​ហើយ​ស៊ី​រី បាន​យកឈ្នះ​ក្នុង​លទ្ធផល ៦-០ ទាំងពីរ​ជើង​នា​ការប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​នៃ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ៕


Tag:
 បាល់ទាត់​
  AFC Asian Cup
  ប្រវត្តិ​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com