ជាតិ
នយោបាយជាតិ
មេបក្សធំៗទាំងពីរ មិនចង់ឲ្យមានការវាយប្រហារគ្នា ពេលឃោសនាបោះឆ្នោត
× ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងឯកឧត្តម កឹម សុខា សុទ្ធតែមិនគាំទ្រការប្រហារពាក្យសំដីគ្នា ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា សាទរនៅពេលដែលអ្នកនយោបាយ ប្រកាន់គោលជំហរ បែបនេះ។
ការវាយប្រហារគ្នាដោយវោហារសាស្ត្រ ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត អាចនាំឲ្យមានផលមិនល្អដល់ប្រទេសជាតិ។ នេះជាការយល់ឃើញរបស់មេដឹកនាំនៃគណបក្សធំៗទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់អគារសិក្សាក្រុងក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ សម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា អ្នកនយោបាយ និងបេក្ខជនឃុំ-សង្កាត់ នៃគណបក្សនានា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងច្បាប់ស្តីពី គណបក្សនយោបាយ។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ជម្លោះ នឹងកើតមានឡើងដោយជៀសមិនរួច ប្រសិនបើគណបក្សនីមួយៗ មិនគោរពក្រមសីលធម៌ ហើយឆ្លៀតរិះគន់គ្នាទៅវិញទៅមក ពេលឃោសនាបោះឆ្នោត។
ប្រធានបក្សកាន់អំណាចរូបនេះ បាននិយាយដូច្នេះថា៖«យើងត្រូវយកអ្នកឃោសនាពាណិជ្ជកម្ម ធ្វើជាគំរូ។ អ្នកឃោសនាពាណិជ្ជកម្ម គឺគ្រាន់តែឃោសនាអំពីទំនិញរបស់ខ្លួនប៉ុណ្ណោះ។ តែគេមិនបានបន្តុះបង្អាប់នូវទំនិញអ្នកដទៃទេ។ ការបន្តុះបង្អាប់ទំនិញអ្នកដទៃ ឬបេក្ខជននៃបក្សដទៃ នឹងនាំឲ្យមានជម្លោះជៀសមិនផុត ព្រោះអ្នកដែលទទួលនូវការប្រមាថ នូវការជេរ លាបពណ៌ ពិតជាគេមិនសុខចិត្ត គេនឹងប្រើសិទ្ធិរបស់គេដើម្បីប្ដឹង។ [….] »។
ចំណែក ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ក៏បង្ហាញជំហរ ដូចសម្តេច ហ៊ុន សែន ដែរ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត។ ពីវេទិកាក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម កឹម សុខា បានលើកឡើងថា គណបក្សនានា គួរប្រើប្រាស់គោលនយោបាយរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយជៀសវាងការវាយប្រហារគ្នា។
មេបក្សប្រឆាំងរូបនេះ និយាយដូច្នេះថា៖«យើងប្រកួតគ្នាលើគោលនយោបាយនៃគណបក្សរៀងៗខ្លួន ដើម្បីបានផលប្រយោជន៍ទៅប្រជាពលរដ្ឋ និងប្រទេសជាតិយើង។ យើងមិនត្រូវប្រកួតគ្នាលើពាក្យសម្ដីអសុរោះ ដៀលត្មះ វាយប្រហារ ធ្វើទុក្ខបុកម្នេញ បង្កការឈឺចាប់ឲ្យគ្នានោះឡើយ។ [….] »។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា សប្បាយចិត្ត ពេលឃើញមេដឹកនាំនយោបាយកំពូលៗ បង្ហាញឥរិយាបថទន់ភ្លន់ដូច្នេះ។ លោក ប្រាប់សារព័ត៌មានថ្មីៗថា វា ជារឿងល្អសម្រាប់ប្រទេសជាតិ ដែលអ្នកនយោបាយ មិនជេរប្រមាថ ឬក៏លាបពណ៌ដាក់គ្នាទៅវិញទៅមក។
យ៉ាងណា លោក សូ ចន្ថា ហាក់មិនសូវជឿលើពាក្យសម្តីទាំងនេះ ទេ។ លោក នឹងតាមសង្កេតមើលការអនុវត្តរបស់អ្នកនយោបាយ ដែលបានបង្ហាញជំហរខាងលើ។ អ្នកវិភាគនយោបាយរូបនេះ និយាយដូច្នេះថា៖«ខ្ញុំ គាំទ្រ ដែលពួកគាត់បង្ហាញជំហរ មិនវាប្រហារ មិនជេរប្រមាថ មិនលាបពណ៌គ្នា។ ប៉ុន្តែ ខ្ញុំចង់ឃើញការអនុវត្តជាក់ស្តែង ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដ កុំបានតែថា!»។
សូមបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ សម្រាប់ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្ស មានរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ ដើម្បីឃោសនាពីកម្មវិធីនិងគោលនយោបាយ៕
Tag:
CNRP
CPP
ហ៊ុន សែន
កឹម សុខា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com