អន្តរជាតិ
បាតុករ​រាប់រយ​នាក់​ត្រូវ​ចាប់ខ្លួន ក្នុង​ការតវ៉ា​ប្រឆាំង​រឿងអាស្រូវ​ពុករលួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី
27, Mar 2017 , 10:59 pm        
រូបភាព
រូបភាព៖ RT
រូបភាព៖ RT
ដោយ: ថ្មីៗ
​បាតុករ​ប្រឆាំង​តវ៉ា​សំណុំរឿង​ពុករលួយ​របស់​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​ជាច្រើន​រយ​នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​នៅ​ចុង​សប្តាហ៍​កន្លងទៅ​។ សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ផ្សាយ​ថា បាតុករ​ដែល​ត្រូវ​ឃុំខ្លួន​នោះ​មាន​ត្រឹម ៥០០​នាក់​ប៉ុណ្ណោះ តែ​ខាង​ក្រុម​ឃ្លាំមើល​បាន​វាយតម្លៃថា អ្នក​ត្រូវ​ឃុំ​នោះ​មាន​យ៉ាងតិច ៨៥០ នាក់​។ មេដឹកនាំ​ក្រុមប្រឆាំង Alexei Navalny ស្ថិតក្នុង​ចំណោម​បាតុករ​ដែល​ត្រូវគេ​ឃុំខ្លួន​នោះដែរ ហើយ​អាជ្ញាធរ​រុស្ស៊ី​បកស្រាយ​ថា បាតុករ​ទាំងនោះ​ប្រមូល​ផ្តុំគ្នា​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។​



​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​ជាច្រើន​និង​នៅ​កណ្តាល​រដ្ឋធានី​ម៉ូស្គូ នៅ​ចុង​សប្តាហ៍​កន្លងទៅ​។ ឆ្លើយតប​ចំពោះ​ចលនា​បាតុកម្ម​នេះ កងកម្លាំង​បង្ក្រាប​បាតុកម្ម​រុស្ស៊ី​បាន​បំបែក​ក្រុមបាតុករ​និង​ចាប់ឃុំខ្លួន​បាតុករ​ជាច្រើន​រយ​នាក់​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ក្រុមបាតុករ​ដែល​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​ចាប់​និង​ឃុំខ្លួន​នេះ​មាន​ចំនួន ៥០០​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​សារព័ត៌មាន The Guardian បាន​ស្រង់​សម្តី​មន្ត្រី​ឃ្លាំមើល​ចលនា​បាតុកម្ម​នេះ​ដោយ​បញ្ជាក់ថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន​រហូតដល់​ជាង​៨៥០​នាក់​ឯណោះ​គ្រាន់តែ ក្នុង​រដ្ឋធានី​ម៉ូស្គូ​។​

​ចលនា​បាតុកម្ម​នេះ​ចាប់​ផ្តើមឡើង​ក្រោយ​ពេលដែល​លោក Alexei Navalny អ្នកនយោបាយ​ប្រឆាំង និង​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​អំពើពុករលួយ​នៅ​រុស្ស៊ី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា​។ បាតុកម្ម​នេះ​ជាការ​ឆ្លើយតប​ចំពោះ​ការ​បែកធ្លាយ​វីដេអូ​រឿងអាស្រូវ​ពុករលួយ​ដែល​ពាក់ព័ន្ធ​នាយករដ្ឋមន្ត្រី Dmitry Medvedev ដែល​លោក​ទទួល​សំណូក​ជា​ភូមិគ្រឹះ​, នាវា និង​សម្ភារៈ​មានតម្លៃ​ផ្សេងទៀត​ច្រើនសន្ធឹក​សន្ធាប់​។ ហើយ​ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​នេះ គេ​មិនឃើញ​មានការ​ឆ្លើយតប​ឬ​បកស្រាយ​ជា​ផ្លូវការ​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​ឡើយ​។​

​អាជ្ញាធរ​រុស្ស៊ី​បាន​បញ្ជាក់ថា ការ​បាតុកម្ម​ថ្ងៃអាទិត្យ​តី ២៦​មីនា​ម្សិលមិញ​នោះ​មាន​មនុស្ស​ចូលរួម​ប្រហែល​៧០០០​នាក់ តែ​ចំនួន​ពិតប្រាកដ​អាច​ខ្ពស់ជាង​នេះ​។ លោក Navalny ក៏​ស្ថិត​ក្នុងចំណោម​បាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះដែរ ដោយសារ​សមត្ថកិច្ច​ចាត់ទុកថា ចលនា​បាតុកម្ម​នេះ​មិនមាន​ការអនុញ្ញាត​ឡើយ​។

​យ៉ាងណាមិញ គេ​មើលឃើញថា​ទំហំ​នៃ​បាតុករ​ចូលរួម​ការតវ៉ា​នេះ​មាន​ច្រើន​ដែល​វា​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​របប​ដឹកនាំ​ក្រេ​ម​ឡាំង​ផង​។ ហើយ​វា​ជះឥទ្ធិពល​ខ្លាំង​លើ​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ឆ្នាំក្រោយ ដែល​គេ​រំពឹងថា លោក វ្ល៉ា​ឌី​មៀ  ពូ​ទីន​នឹង​អាច​ឈានទៅ​ឈ្នះឆ្នោត​និង​កាន់តំណែង ៦​ឆ្នាំ​ទៀតផង​ដែរ​៕


Tag:
 Dmitry Medvedev
  Alexei Navalny
  ពុករលួយ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com