បន្ទាប់ពីបញ្ចប់តំណែងលោក Danny Blind ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ កាលពីថ្ងៃទី ២៦ មីនាម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់ហូឡង់ ចង់បានអតីតអ្នកចាត់ការទូទៅ Man Utd លោក Louis van Gaal ត្រឡប់មកដឹកនាំវិញ។
លោក Louis van Gaal បានចាកចេញពីក្រុមជម្រើសជាតិហូឡង់ ទៅដឹកនាំបិសាចក្រហម Manchester United កាលពីឆ្នាំ២០១៤។ លោកធ្លាប់ដឹកនាំហូឡង់បានឡើងទៅលេងពានអឺរ៉ុប Euro 2012 ដែលប៉ូឡូញ និងអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះ និងជួយឲ្យក្រុមមច្ចុរាជទឹកក្រូចបានចំណាត់ថ្នាក់លេខ៣ពានពិភពលោក World Cup នៅប្រេស៊ីលផងដែរ។
ហូឡង់កំពុងធ្លាក់ជើងយ៉ាងខ្លាំង និងប្រកួតចាញ់ប៊ុលហ្គារី ២-០ក្នុងវគ្គជម្រុះ World Cup ២០១៨ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូលA មានត្រឹម៧ពិន្ទុប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Danny Blind។ លទ្ធផលនេះអាចឲ្យហូឡង់ប្រឈមនឹអវត្តមាននៅ World Cup ឆ្នាំ២០១៨ បន្ទាប់ពីអាក់ខានមិនបានចូលរួមពានកំពូលអឺរ៉ុប Euro ២០១៦ នៅបារាំងម្តងរួចមកហើយ។
ទោះយ៉ាងណាក៏ដោយអ្នកចាត់ការសញ្ជាតិហូឡង់ វ័យ៦៥ឆ្នាំ រូបនេះមិនទាន់មានចំលើយបែបណានោះទេ ខណៈសហព័ន្ធកីឡាបាល់ទាត់ហូឡង់កំពុងព្យាមបញ្ចុះបញ្ចូល Van Gaal ដើម្បីឲ្យមកដឹកនាំក្រុមដែលកំពុងយ៉ាប់យឺននេះ៕