ពីនេះ ពីនោះ
«ប្រមាទ» មានន័យថា សេចក្តីប្រហែស រីឯ «ប្រមាថ» គឺការបៀតបៀនញាំញីគេ
04, Jan 2022 , 7:29 am        
រូបភាព
យើងអាចមានកំហុសដោយសារការសរសេរច្រឡូកច្រឡំគ្នារវាងពាក្យ «ប្រមាទ» និង «ប្រមាថ»។ តាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យពីរនេះ មានអត្ថន័យខុសគ្នាទាំងស្រុង។

 
«ប្រមាទ» មានន័យថា  ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស។ បើជាកិរិយាសព្ទ គឺ ភ្លេច, ធ្វេស, ប្រហែស ស្មារតី។ ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។
 
 
ពាក្យផ្ទុយនឹងប្រមាទ គឺ «អប្បមាទ» ឬ «អប្រមាទ»។ «អប្បមាទ» ឬ «អប្រមាទ» គឺ សេចក្ដីមិនធ្វេស, មិនប្រហែស ឬមិនធ្វេសប្រហែស; ការមិនធ្វេសស្មារតី; ការប្រុងប្រយ័ត្នជានិច្ច, ការប្រុងមិនឲ្យភ្លាំងភ្លាត់; ការប្រយ័ត្នមិនធ្វើអំពើអាក្រក់ : ធ្វើការដោយអប្បមាទ; ប្រតិបត្តិធម៌ច្បាប់ដោយអប្បមាទ; អប្បមាទជាធម៌ចម្បងជាងកុសលធម៌ទាំងពួង ជាមាតានៃសេចក្តីសុខចម្រើន ។ 
 
ចំណែកពាក្យ «ប្រមាថ» វិញ មានន័យថា ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុក្ខបុកម្នេញឲ្យគេលំបាក; ការមើលងាយគេ ។ ដូចគ្នាដែរ ពាក្យនេះ ប្រើជាកិរិយាសព្ទក៏ដោយ  មនុស្សប្រមាថសត្វ គឺមនុស្សបៀតបៀនសត្វ ។ មនុស្សប្រមាថចាស់ មនុស្សមើលងាយចាស់ ។ ប្រមាថកាតទាន មើលងាយបៀតបៀនឲ្យគេខាតលាភខាតប្រយោជន៍ ។
 
«អប្រមាថ» ជាពាក្យផ្ទុយនឹង «ប្រមាថ»។ អប្រមាថ មានន័យថា ការមិនបៀតបៀន; ការមិនធ្វើទុក្ខបុកម្នេញអ្នកដទៃ៕
 

Tag:
 ពន្យល់ពាក្យ
  ប្រមាថ
  ប្រមាទ
© រក្សាសិទ្ធិដោយ thmeythmey.com