អន្តរជាតិ
រដ្ឋបាល​ត្រាំ ចាប់ផ្តើម​ជជែក​រឿង​ប្តូរ​ស្ថានទូត​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​តាម​ការសន្យា​
28, Mar 2017 , 9:36 am        
រូបភាព
​អាមេរិក​ចាប់ផ្តើម​ជជែក​ពិភាក្សា​ឡើងវិញ​ហើយពី​គម្រោង​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម តាម​ការសន្យា​របស់លោក ដូ​ណា​ល់ ត្រាំ​។ អនុ​ប្រធានាធិបតី​អាមេរិក Mike Pence ជា​អ្នកដឹកនាំ​ក្រុម​ពិភាក្សា​ជាមួយ​អ៊ីស្រាអែល​ពាក់ព័ន្ធ​គម្រោង​នេះ​។ បើសិនជា​មានការ​សម្រេច​មែន វា​បញ្ជាក់ថា​អាមេរិក​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ដោយ​ស្របច្បាប់​។​



​កិច្ចពិភាក្សា​មួយ​ជាមួយ​ក្រុមគាំទ្រ​អ៊ីស្រាអែល​ពាក់ព័ន្ធ​ការឈាន​ទៅ​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សេ​ឡិ​ម​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃអាទិត្យ​ទី ២៦ មីនា​។ វា​ជា​ជំហាន​ថ្មី​មួយ​ក្នុងការ​ឈានទៅ​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence បាន​ដឹកនាំ​កិច្ចពិភាក្សា​ជាមួយ​ក្រុមគាំទ្រ​អ៊ីស្រាអែល​គឺ​គណៈកម្មការ​កិច្ចការ​សាធារណ​អាមេរិក​អ៊ីស្រាអែល (AIPAC)​។ ក្នុង​កិច្ចពិភាក្សា​នេះ​លោក Mike Pence បាន​ថ្លែង​ដូច្នេះ​ថា​៖« ក្រោយ ចំណាយ​ច្រើន​ទសវត្សរ៍​ដើម្បី​ជជែក​គ្នា ប្រធានាធិបតី​អាមេរិក​កំពុង​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពាក់ព័ន្ធ​ការផ្លាស់ប្តូរ​ស្ថានទូត​អាមេរិក​ពី Tel Aviv ទៅកាន់​ក្រុង ហ្ស៊េ​រុយ​សា​ឡិ​ម​»​។​

​ក្នុងពេល​ឃោសនា​កន្លងមក លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​នេះ ទោះ​មានការ​ជំទាស់​ក៏ដោយ​។ ក្រោយពេល​ស្បថ​ចូលកាន់​អំណាច ការ​ឈានទៅ​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​ហាក់បីដូចជា​ពិបាកធ្វើ​ទៅរួច ហើយ​រដ្ឋបាល​លោក​ក៏​ប្រឈម​ការប្រឆាំង​ច្រើន​ទៀត​។​

​ប៉ុន្តែ​ប្រសិនជា​ករណី​ដែលមាន​ការផ្លាស់ប្តូរ​ស្ថានទូត​ពិតមែន​នោះ វា​នឹង​ក្លាយជា​បញ្ហា​ថ្មី​មួយ​ព្រោះ​វា​សញ្ញា​នៃ​ការទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​របស់​អា​ស្រា​អែល​ស្របច្បាប់ ហើយ​ប៉ា​ឡេ​ស្ទី​ន​ដែល​ទាមទារ​យក​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​ប្រាកដជា​មិន​សុខចិត្ត​ឡើយ​។​


​តាមពិតទៅ ក្រៅពី​ភាព​ពិសិដ្ឋ ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​មួយ​ដ៏​ចម្រូងចម្រាស​ដែល​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ថា​ជា​របស់​ភាគី​ណា ទោះជា​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​ក៏ដោយ​។ ហើយ​វា​ក៏​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។  អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រ៉ុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​។

​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី សហរដ្ឋអាមេរិក និង​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​មិនបាន​ទទួលស្គាល់​សកម្ម​ភាព​របស់​អ៊ីស្រាអែល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ​។ គេ​ចាត់ទុកថា​ការកំណត់​លក្ខន្តិក​នៃ​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ចំណុច​ស្នូល​មួយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ផង​។ មិនមាន​ប្រទេស​ណា​ដាក់​ស្ថានទូត​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ ដោយសារតែ​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ពី​អ្នកមាន​សិទ្ធិ​កាន់កាប់​។ គេ​ដាក់​ស្ថានទូត​នៅ​នៅ​ទីក្រុង Tel Aviv តែ​អាមេរិក​និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​ដាក់​ស្ថាន​កុងស៊ុល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។​

 នៅ​អាមេរិក សមាជិកសភា​ច្រើន​ដែរ​ដែល​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការផ្លាស់ប្តូរ​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម ដោយ​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​។ ដូច​ឃើញស្រាប់​នៅ​ឆ្នាំ ១៩៩៥ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការប្តូរ​ទីតាំង​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។​

​ប៉ុន្តែ​ទាំង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​មិនបាន​អនុវត្ត​ច្បាប់​នេះឡើយ ដោយសារ​វា​រំលោភ​លើ​អំណាច​ប្រតិបត្តិ​ពាក់ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​អ្នកនយោបាយ​ម្នាក់​ដែល​ខ្វាយខ្វល់​ខ្លាំង​រឿង​ដោះស្រាយ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដោយ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ដំណោះស្រាយ​រដ្ឋ​ពីរ (Two State Solution) បដិសេធ​ដាច់ខាត​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  Mike Pence
  Tel Aviv
© រក្សាសិទ្ធិដោយ thmeythmey.com