កីឡាជាតិ
ជាតិ
ស្តេច​អុក​ឆ្នាំ​ចាស់ ហូ​យ សូ​ណា មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​សម្រាប់​តំណែង​ជើងឯក​នៅ​ឆ្នាំនេះ​
28, Mar 2017 , 1:44 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កីឡាករ ហូ​យ សូ​ណា ម្ចាស់​ជើងឯក​កីឡា​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ហាក់​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​គ្រង​តំណែង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ​២០១៧ នេះឡើយ​។ អ្វីដែល​ធ្វើ​ឲ្យ​ម្ចាស់​ការពារ​តំណែង​ជើងឯក​រូបនេះ​មិន​ហ៊ាន​រំពឹង​ខ្ពស់​ដូច្នេះ ដោយសារ​ឆ្នាំនេះ មាន​កីឡាករ​ដែលមាន​ស​ត្ថ​ភាព​ចូលរួម​ប្រកួត​ច្រើន​។



​ម្ចាស់​ជើងឯក​កីឡា​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ហូ​យ សូ​ណា ទោះបី​ឆ្លង​ផុតពីរ​វគ្គ​នា​ការប្រកួត​ជម្រុះ​ក្នុង​វគ្គ​ដំបូង​ក៏ដោយ ប៉ុន្តែ​កត្តា​ធនធាន​មាន​សមត្ថភាព​ចូលរួម​ច្រើន ជាពិសេស​ការចូលរួម​របស់​ក្រុមយុវជន​ថ្មីៗ បានធ្វើ​ឲ្យ​ម្ចាស់​ការពារ​តំណែង​ជើងឯក​រូបនេះ ហាក់​មាន​ក្តី​រំពឹង​ទាប​ក្នុងការ​ការពារ​តំណែង​ជើងឯក​នៅ​ឆ្នាំនេះ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាករ ហូ​យ សូ​ណា បាន​បញ្ជាក់ថា​៖«​ដោយសារ​ឆ្នាំនេះ​មាន​កីឡាករ​ល្អៗ​ច្រើន អ៊ីចឹង​ការរំពឹងទុក​របស់ខ្ញុំ​ក៏​មិនបាន​ពេញលក្ខណ​ទៅតាម​នឹង​ដែរ គឺ​បានត្រឹមតែ​៥០​ភាគរយ​ប៉ុណ្ណោះ​។ ហើយ​កីឡាករ​ទាំងនេះ សុទ្ធតែជា​កីឡាករ​ល្អ​ទាំងអស់​មាន​សមត្ថភាព​មិន​លើ​គ្នា​ប៉ុន្មាន​ទេ​គ្រាន់តែ​ខុសគ្នា​តិចតួច​ប៉ុណ្ណោះ​»​។


 
​តែ​យ៉ាងណា ម្ចាស់​ការពារ​តំណែង​ជើងឯក​រូបនេះ បានចាត់ទុក​គូប្រជែង​ទាំងនោះ​មិនមែនជា​បញ្ហា​ចោទ​សម្រាប់​លោក​នោះទេ​។ ការលើកឡើង​បែបនេះ​ដោយសារ លោក គិតថា កីឡា​អុកចត្រង្គ​ខុសពី​ប្រភេទ​កីឡា​ដទៃ ព្រោះ​វា​ជា​ប្រភេទ​កីឡា​ល្បងប្រាជ្ញា ហើយ​ការយក​ឈ្នះ​ដៃគូ​តាមរយៈ​ការប្រើ​ចំណេះដឹង និង​យុទ្ធសាស្ត្រ​។

​ទោះបីជា​យ៉ាងនេះ​ក្តី ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ទទួលស្គាល់ថា បើ​ប្រៀបធៀប​សមាសភាព​ចូលរួម​ឆ្នាំ​ចាស់​នឹង​ឆ្នាំនេះ មាន​លក្ខណ​ខុសប្លែកគ្នា ពោលគឺ​ឆ្នាំនេះ​មាន​យុវជន​ចូលរួម​ច្រើនជាង​ឆ្នាំមុន​។ ហើយ​សមត្ថភាព​ក៏​ខុសគ្នា​ផងដែរ គឺ​យុវជន​មានការ​គិត​លឿន​ជាង​កីឡាករ​ជើងចាស់ ព្រោះ​ពួកគេ​ហ្វឹកហាត់ និង​អនុវត្តន៍​ប្រកួត​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ក្រោយ​យកឈ្នះ​កីឡាករ ប៊ូ​ម រដ្ឋា ដោយ​អវត្តមាន​ក្នុង​ជើង​ទី​១ និង​បន្ត​យកឈ្នះ​កីឡាករ ប្រាក់ ចន្ទ្រា ក្នុង​ជើង​ទី​២ នា​រសៀល​នេះ​ថ្ងៃទី​២៨ ខែមីនា នេះ ម្ចាស់​ជើងឯក ហូ​យ សូ​ណា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ កែវ វ​ឌ្ឍ​នា ជើង​ទី​៣​បន្តទៀត​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​៕  


Tag:
 អុកចត្រង្គ​
  អង្គរ​សង្ក្រាន្ត​
  ហូ​យ សូ​ណា
© រក្សាសិទ្ធិដោយ thmeythmey.com