កីឡាជាតិ
ជាតិ
លោក Leonardo៖ ម្ចាស់ផ្ទះ​ខ្លាំង កម្ពុជា​ត្រូវការពារ ប៉ុន្តែ​យើង​មិន​លេង​តែ​ការពារ​នោះឡើយ
28, Mar 2017 , 2:03 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ហ្ស៊​កដា​នី​នា​វេលា​ម៉ោង​១១​យប់​នេះ [​ម៉ោង​នៅ​កម្ពុជា​] នៅ​កីឡដ្ឋាន King Abdullah II ក្រុង​អា​ម៉ាន់ សម្រាប់​ជំនួប​បើកឆាក​ពូ​ល C នៃ​ការប្រកួត​ជម្រុះ ពានរង្វាន់ AFC Asian Cup 2019​។ គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino ទទួលស្គាល់​ភាពខ្លាំង​របស់​ក្រុម​ម្ចាស់ផ្ទះ ប៉ុន្តែ​លោក​រំពឹងថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក នឹង​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន បើទោះបីជា​អាច​មានការ​មមាញឹក​នៅ​តំបន់​ការពារ​ក៏ដោយ​។​



«​ហ្ស៊​កដា​នី​នឹង​បើក​ការវាយលុក​ដោយ​ពួកគេ​ជា​ម្ចាស់ផ្ទះ ហើយ​វា​ជា​ជំនួប​លើកដំបូង​នៅក្នុង​ពូ​ល​។ យើង​នឹង​យកចិត្តទុកដាក់​បំផុត​នៅ​តំបន់​ការពារ ប៉ុន្តែ​យើង​មិន​លេង​តែ​ការពារ​នោះឡើយ​។ យើង​មក​ទីនេះ​ដើម្បី​លេង​បាល់ទាត់​។ យើង​នឹង​ព្យាយាម​លេង​ឲ្យ​បានល្អ នៅពេលដែល​យើង​មាន​បាល់​លេង​»​។ នេះ​ជាការ​អះអាង​ប្រកបដោយ​ជំនឿ​ចិត្ត​របស់លោក Leonardo Vitorino នា​សន្និសីទ​សារព័ត៌មាន​មួយថ្ងៃ​មុន​ជំនួប​។​

​ឆ្លើយតប​នឹង​សំណួរ​ដែល​សួរ​ពី​ភាពខ្លាំង​របស់​ហ្ស៊​កដា​នី ដែល​ទើប​យកឈ្នះ​ហុងកុង ៤-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ គ្រូបង្វឹក​ថ្មី​របស់​កម្ពុជា ទទួលស្គាល់ថា ក្រុម​នៅ​អាស៊ី​ខាងលិច​នេះ ជា​ក្រុម​ខ្លាំង និង​មាន​គ្រូ​ប្រកបដោយ​បទពិសោធន៍ ប៉ុន្តែ​លោក​ក៏មាន​ជំនឿ​លើ​ស្មារតី​ក្រុម​ដែល​លោក​ទើបតែ​ដឹកនាំ​ជាង​បី​សប្តាហ៍​ផងដែរ​។​

​ហ្ស៊​កដា​នី ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១១៥​ក្នុង FIFA Ranking ធ្លាប់​យកឈ្នះ​ក្រុម​ខ្លាំង​ដូចជា ហ្ស​ក​ហ្ស៊ី និង​ហុងកុង មុន​ជំនួប​ជាមួយ​កម្ពុជា​ល្ងាច​នេះ​។ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ដែល​កម្ពុជា​ចាញ់​ឥណ្ឌា​ក្នុង ៣-២ កាលពី​ថ្ងៃទី​២២ មីនា ត្រូវបាន​គេ​មើលឃើញថា​ទម្រង់​លេង​របស់​ក្រុម​កម្ពុជា​មានការ​ប្រែប្រួល​ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ប្រែប្រួល​ខ្លាំង ត្រង់​ថា​កីឡាករ​ម្នាក់ៗ​លេង​ដោយមាន​ជំនឿ​ចិត្ត​ខ្ពស់ តាមរយៈ​ការប៉ះបាល់​ខ្លីៗ​នៅ​តំបន់​ខាងក្រោម​ដែលជា​តំបន់​គ្រោះថ្នាក់​។​

​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​ក្លិប​ឡាវ Lanexang United លោក Vitorino ហាក់​ផ្តោតទៅលើ​ខ្សែការពារ​៤​នាក់​រួមមាន កីឡាករ សរ ពិសិដ្ឋ និង​សឿ​យ វិ​សាយ នៅ​តំបន់​កណ្តាល រួមជាមួយ សឿត បារាំង និង​រស់ សំអឿន រត់​បម្លាស់​ទី​ចុះឡើង​នៅ​តំបន់​ស្លាប​ទាំងសងខាង​។​

​ក្នុង​ទម្រង់​នេះ ខ្សែការពារ​ទាំង​៤ ក៏មាន​ទំនាក់ទំនង​ជាមួយនឹង​ខ្សែបម្រើ​ច្រើន​គួ​ឲ្យ​គត់​សម្គាល់​ផងដែរ​។​ ទម្រង់​លេង​ដ៏​ល្អ​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឲ្យ​លោក​គ្រួ​សញ្ជាតិ​ប្រេ​ស៊ី Leonardo Vitorino មាន​ជំនឿ​ចិត្ត និង​ជឿជាក់​លើ​កូនក្រុម​របស់លោក នា​ជំនួប​កម្ពុជា​-​ហ្ស៊​កដា​នី​នៅ​យប់​នេះ។

នា​ជំនួប​ក្នុង​ពូ​ល C នេះដែរ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​ទទួល​ស្វាគមន៍ វៀតណាម​​​នៃ​ការប្រកួត​ជម្រុះ ពានរង្វាន់ AFC Asian Cup 2019ផងដែរ៕







Tag:
 ​បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com