ពីនេះ ពីនោះ
ដើម្បី​ដឹកនាំ​ស្ថាប័ន​ឲ្យ​ជោគជ័យ តើ​គេ​ត្រូវការ​មន្ត្រី​ស្មោះត្រង់ ឬ​មន្ត្រី​មានចំណេះ​?
28, Mar 2017 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការដឹកនាំ​ស្ថាប័ន​មួយ មិន​ថា នៅក្នុង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន ឬ​ក្នុង​ស្ថាប័ន​អង្គការ​ទេ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ព្រោះ ការយល់ឃើញ​របស់​ម​នុស្ស​ខុសគ្នា ចំណេះដឹង​ខុសគ្នា ភាពស្មោះត្រង់​ខុសគ្នា ការតាំង​ចិត្ត​ខុសគ្នា​។​ល​។ តើ​គេ​ត្រូវការ​មន្ត្រី​ស្មោះត្រង់ ឬ​មន្ត្រី​មានចំណេះ​ដើម្បី​ដឹកនាំ​ស្ថាប័ន​ឲ្យ​ជោគជ័យ​?



​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​ជោគជ័យ​? ដឹកនាំ​ស្ថាប័នរដ្ឋ​ឲ្យ​ជោគជ័យ​? ដឹកនាំ​អង្គការ​ឲ្យ​ជោគជ័យ​? ដឹកនាំ​គ្រួសារ​ឲ្យ​ជោគជ័យ​? ដឹកនាំ​សហគមន៍​ឲ្យ​ជោគជ័យ​? ទាំងអស់នេះ មិនមែនជា​រឿង​សាមញ្ញ​ឡើយ​។ អ្នកខ្លះ​ថា ឲ្យ​តែមាន​លុយ និង​មាន​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព​-​ចំណេះដឹង ពេលនោះ ស្ថាប័ន​នោះ​នឹង​រីកចម្រើន​ភ្លាម​។ អ្នកខ្លះ​ទៀតថា មិនចាំបាច់​ត្រូវការ​ប្រាក់ និង​ធន​ធន​មនុស្ស​ខ្ពស់​ប៉ុន្មាន​ឡើយ បើ​មាន​មនុស្ស​ស្មោះត្រង់​ច្រើន​រូប ជួយ​ធ្វើការ​រួមគ្នា ពេលនោះ ស្ថាប័ន​នឹង​រីកចម្រើន​លឿន​ជាក់​ជាពុំខាន​។

​សរុបសេចក្តី​មក ដើម្បី​រុញច្រាន​ឲ្យ​ស្ថាប័ន​មួយ​ជោគជ័យ​ក្នុង​រយៈពេល​យូរអង្វែង​បាន កត្តា​មូលធន កត្តា​សមត្ថភាព​មនុស្ស គឺជា​រឿង​ចាំបាច់​។ ប៉ុន្តែ​អ្វីដែល​ចាំបាច់​ជាងនេះទៅទៀត​នោះ គឺ​កត្តា​ធនធានមនុស្ស​ដែល​ស្មោះត្រង់​។ មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ មាន​ធន​មនុស្ស​ល្អ​សម្រាប់ធ្វើ​ឲ្យ​ចង្វាក់​ការងារ​ដំណើរ បូក​នឹង​ភាពស្មោះត្រង់​របស់​មន្ត្រី ឬ​បុគ្គលិក​ទៀតផង​នោះ ពេលនោះ ស្ថាន​ប័ន​នឹង​ដំណើរ​ល្អ​ជាក់​ជាពុំខាន​។ ពាក្យ​«​ស្មោះត្រង់​នៅទីនេះ​» គឺ​ចង់​សំដៅថា បុគ្គលិក ឬ​មន្ត្រី​ដែលមាន​ទឹកចិត្ត​ធ្វើការ​បម្រើ​ស្ថាប័ន​ពិតប្រាកដ បម្រើ​មហាជន​ពិតប្រាកដ ពោលគឺ​មិនមែន​អ្នកចេះដឹង​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។

​ប្រសិនបើ​និយាយ​ឲ្យ​ចំ​នៅក្នុង​ស្ថាប័នរដ្ឋ​វិញ គេ​រឹតតែ​ត្រូវការ​មន្ត្រី​ស្មោះត្រង់​នឹង​រាស្ត្រ ស្មោះត្រង់​នឹង​រដ្ឋ ស្មោះត្រង់​នឹង​ស្ថាប័ន​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​ស្ថាប័ន និង​អភិវឌ្ឍ​តំបន់​ដែល​ពួកគេ​ដឹកនាំ​។ មន្ត្រី​ដែល​ពូកែ មាន​ទាំង​លទ្ធភាព សមត្ថភាព តែ​ខ្វះ​ភាពស្មោះត្រង់​មិន​បម្រើ​រាស្ត្រ និង​រដ្ឋ មន្ត្រី​ប្រភេទ​នេះ ក៏​អាច​បំផ្លាញ​ស្ថាប័ន និង​បំផ្លាញ​រដ្ឋ​វិញ​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com