សង្គមជាតិ
ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ ប្រាប់​ពី​របៀប​លេងល្បែង​ចោល​ឈូង
28, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ល្បែង​ឈូង ជា​ល្បែង​ម្យ៉ាង​របស់​កំលោះ​ក្រមុំ មនុស្ស​ចាស់​ប្រុស​ស្រី ដែល​គេ​តែង​លេង​នៅវេលា​យប់​ខែភ្លឺ​ក្នុង​រដូវចូលឆ្នាំ​ថ្មី​ខ្មែរ​(​ខែចេត្រ -​ពិសាខ​)​នៅ​ទូទាំងប្រទេស​កម្ពុជា​។ គេ​ចែកជា​២​ពួក ដោយមាន​ប្រុស​១​ពួក ស្រី​មួយ​ពួក​។ ១​ពួក​មាន​មនុស្ស​១០​ឬ​២០​នាក់​ឡើងទៅ ឈរ​ត្រៀម​ជា​២​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា​៨​ឬ​១០​ម៉ែត្រ​។ គេ​យក​ក្រមា ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល​ចងរឹត​ឲ្យ​តឹង​ណែន ទុក​ឲ្យ​មាន​កន្ទុយ​បន្តិច​ហៅថា​«​ឈូង​»​សម្រាប់​កាន់​បោះ ឬ​ចោល​ទៅមក​រកគ្នា​។​



​ប្រភេទ​ល្បែង​ឈូង គេ​ចែកជា​ពីរ​ប្រភេទ​៖
          

១.​ឈូង​ច្រៀង​រាំ​៖ មុនដំបូង ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឲ្យ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី​គេ​ចាត់ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅ​ឲ្យ​ខាង​ប្រុស​វិញ​។ ពួក​ខាង​ប្រុស​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី​។ កាល​ចាប់បាន​ហើយ ចោល​សំដៅទៅ​ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ​។ បើ​ចោល​ខុស គេ​ចាត់ជា​ស្អុយ រួច​គេ​ផ្តើម​បោះ​ជាថ្មីទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅជូន​ខាង​ប្រុស ហៅថា «​ច្រៀង​រាំ​ជូន​ឈូង​»​។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​តាម​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា​«​ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​ប្រុស​ស្ងួន ទទួល​ឈូង​ទៅ​»​។ ពួក​ស្រីៗ​ក្រៅពីនោះ​គ្រប់គ្នា​ច្រៀង​ទទួល​ថា​៖«​ឱ​ណា​កែវ កែវ​ពិ​អា ឱ​ណា​កែវ​អើយ​អឺ​អឺ​ង​អឺយ​!» រួចហើយ​ហុច​ឈូង​នោះ​ទៅ​ប្រុសៗ ទទួលយក​ហើយក៏​ផ្តើម​បោះ​ឈូង​នោះ​ទៅ​ឲ្យ​ពួក​ខាង​ស្រី​ចាប់​វិញ​។  
​បើ​ពួក​ស្រី​ចាប់​ឈូង​បាន ក៏​ចោល​សំដៅទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា ប្រុស​នោះ​ត្រូវ​នាំ​ឈូង​ទៅជូន​ស្រី​ដោយ​ច្រៀង​ទំនុក​ថា​«​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួល​ឈូង​ទៅ​»​។ ពួក​ប្រុសៗ​គ្រប់គ្នា​ទទួល​បន្ទរ​ថា​«​ឱ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​!» ហើយក៏​ហុច​ឈូង​នោះ​ទៅ​ឲ្យ​ពួក​ស្រីៗ ទទួលយក​ទើប​ផ្តើម​បោះ​តទៅទៀត​។     
 
២. ឈូង​លោះ​ខ្ញុំ​៖ ដើមដំបូង ខាង​ប្រុស​គេ​ផ្តើម​ច្រៀង​១​ទំនុក​ជាមុន​។ ឯ​ទំនុកច្រៀង​ឈូង​មាន​ច្រើនបែប ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង និង​តាម​ស្រុក​។ ទីនេះ ស្រង់​តែ​ទំនុក​ធម្មតា ដែល​អ្នកលេង​ឈូង​គ្រប់​ស្រុក គេ​តែងតែ​ច្រៀង​គ្រប់គ្នា​ថា​«​បង​បោះ​ឈូង អូន​អើយ កម្ពស់​ចុង​ដូង​(​ស្ទួន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ ទទួល​ឈូង​បង​»​ឬថា​«​បង​បោះ​ឈូង​ទៅ ឈូក​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង​»​។​ល​។ ច្រៀង​ហើយ​គេ​ស្រែក​ប្រាប់ថា ឈូង​អឺយ​ឈូង​។ ហើយ​អ្នក​ផ្តើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​ស្រីៗ ឲ្យ​ពួក​ស្រីៗ​ចាប់​។ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោល​សំដៅ​ទៅរក​ប្រុស​ណា​ដែល​ត្រូវចិត្ត បើ​ចោល​ទៅ​ប្រុស​ណា គេ​ទៅ​ចាប់យក​ប្រុស​នោះមក​ទុក​ខាង​ពួកគេ​។ បើ​ចោល​មិនត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មករក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យកទៅ​លើក​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​មិនត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។ បើ  ខាង​ណា​ប៉ិនប្រសប់​គេ​ចោល​យកតែ​អស់​។ កាលណា​អស់​គ្នា​ហើយ​គេ​ផ្តើម​លេង​សាជាថ្មី​ដោយ​ខាង​ស្រី​បោះ​ឈូង​ទៅខាង​ប្រុស​មុន​វិញ​។ មុននឹង​ស្រីៗ​បោះ​ឈូង​ទៅ​ឲ្យ​ប្រុស​គេ​ស្រែកច្រៀង​ថា​«​អូន​បោះ​ឈូង​ទៅ បង​អើយ កម្ពស់​ចុង​ស្លា ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង​ប្អូន​»​។​ល​។ ច្រៀង​ហើយ​គេ​ស្រែកថា​«​ឈូង​អឺយ​ឈូង​!» ហើយ​គេ​បោះ​ឈូង​ទៅលើ​ពួក​ប្រុសៗ​។    

​ខាង​ប្រុស បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅទៅ​ស្រីៗ​កាល​ត្រូវ​ស្រី​ណា​ម្នាក់ គេ​ចាប់យក​ស្រី​នោះ មក​ទុក​ខាងគេ​។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែកគ្នា​លេង​សារជាថ្មី​។ មនុស្ស​ដែល​គេ​ចាប់​នោះ ជួនកាល​គេ​ចង​មុខ​ឲ្យ​ជិត​លេង​ឲ្យ​ទៅកាន់​ទី​ផ្សេងៗ​ជាការ​កម្សាន្ត​សប្បាយ​។  
 
​របៀប​លេង​បែប​ទី​២​នេះ ជួនកាល​អ្នកលេង គេ​កាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្តង​ក៏មាន​។ ល្បែង​នេះ រាប់​ចូលក្នុង​ពួក​ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ដៃ​ឲ្យ​ត្រង់​ផង ជាការ​កម្សាន្ត​សប្បាយ ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង​៕  

​ប្រភព​៖ ល្បែង​ប្រជាប្រិយ​ខ្មែរ រៀបរៀង​ដោយ លោក ចាប ពិន អធិបតី​ក្រុម​ជំនុំ អ្នកស្រី ពេជ្រ សល់ លោក លី ធា​ម​តេង និង ស្តើង ឆូ​រ សមាជិក​ក្រុម​ជំនុំ     


Tag:
 ល្បែង​ឈូង​
 ​ ចូលឆ្នាំថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com