អត្ថបទពាណិជ្ជកម្ម
​សុវត្ថិភាព​ចរាចរណ៍​បន្ត​ជា​ចំណុច​ព្រួយបារម្ភ
28, Mar 2017 , 4:10 pm        
រូបភាព
រូបភាព៖ សុវត្ថិភាពចរាចរណ៍នៅកម្ពុជា នៅជាចំណុចព្រួយបារម្ភ ដែលត្រូវការការយកចិត្តទុកដាក់បន្ថែម ។
រូបភាព៖ សុវត្ថិភាពចរាចរណ៍នៅកម្ពុជា នៅជាចំណុចព្រួយបារម្ភ ដែលត្រូវការការយកចិត្តទុកដាក់បន្ថែម ។
​រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ នៅ​ទូទាំង​សកលលោក មនុស្ស​ប្រមាណ ១.២៥ លាន​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ឆ្នាំ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​មូលហេតុ​ចម្បង​ទីមួយ​នៃ​ការបាត់​បង់ជីវិត​រប​ស់​យុវវ័យ​អាយុ​ពី ១៥ ទៅ ២៩​ឆ្នាំ ។​

​នៅក្នុង​ប្រទេស​កម្ពុជា បណ្តាញ​ផ្លូវថ្នល់​ដែល​អភិវឌ្ឍ​ឥតឈប់ឈរ បាន​សម្រួលការ​ធ្វើដំណើ​រ ទៅដល់​ភូមិ​-​ស្រុក​ឆ្ងាយៗ និង​បាន​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន​យ៉ាងច្រើន ។ ចំនួន​អ្នកប្រើប្រាស់​ផ្លូវថ្នល់ រួមមាន រថយន្ត​និង​ម៉ូតូ យានយន្ត​ដឹកជញ្ជូន​ផ្សេងទៀត ក៏​បាននិងកំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ។ ទោះជា​យ៉ាងនេះ​ក្តី គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ឃាតករ​ដ៏​ធំ​មួយ ទោះ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័នឯកជន និង​អ្នកពាក់ព័ន្ធ​ដ៏ទៃទៀត ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ក៏ដោយ ។​

​កាលពី​ខែមករា ឆ្នាំ​២០១៥ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​ចូល​ជាធរ​មាននៅ​ទូទាំងប្រទេស​កម្ពុជា ។ ច្បាប់​នេះ​ចែង​យ៉ាងច្បាស់​ពី​គ្រប់​ទិដ្ឋភាព​នៃ​ការប្រើប្រាស់​ផ្លូវ និង​ប្រការ​សុវត្ថិភាព ក៏ដូចជា​កំណត់​ទោសទណ្ឌ​សម្រាប់​អ្នក​ល្មើសច្បាប់​ផងដែរ ។ លក្ខខណ្ឌ​តម្រូវ​សំខាន់បំផុត​មួយ ដែល​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​គួរអោយកត់សម្គាល់​នោះ គឺ​ការ​តម្រូវអោយ​អ្នកដំណើរ​តាម​ទោចក្រយាន​ទាំងអស់​ពាក់មួក​សុវត្ថិភាព ។​

​នៅ​ប្រទេស​កម្ពុជា យោងតាម​អ្នកជំនាញ អ្នកបើកបរ​ម៉ូតូ គឺជា​ក្រុម​អ្នកប្រើប្រាស់​ផ្លូវ ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​ក្នុងការ​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​ឈានដល់​បាត់បង់​ជីវិត និង​រងរបួស​ធ្ងន់ ទោះបី​អ្នកបើកបរ​ភាគច្រើន​គោរព​ច្បាប់ ដោយ​ពាក់មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ​ក៏ដោយ ។​

​លោកស្រី លឹម សុខ​ជា ទីប្រឹក្សា​ជាន់ខ្ពស់ អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (CRY) ដែល​នឹងចូលរួម​រៀបចំ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៧ នាពេល​ឆាប់ៗ​ខាងមុខនេះ បាន​មានប្រសាសន៍ថា “​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំនេះ យើង​ចង់​ឆ្លុះបញ្ចាំង​ពី​បញ្ហា​កំពុង​បន្ត​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​អប់រំ​ប្រជាពលរដ្ឋ​បន្ថែមទៀត​អំពី​របៀប​ប្រើប្រាស់​ផ្លូវ​ដោយ​សុវត្ថិភាព ។ យើង​មាន​មោទនភាព​មែនទែន ដោយមាន​កិច្ចសហការ​ពី មូលនិធិ​ព្រូ​ដិ​នស៍ និង “​កម្មវិធី​អប់រំ​វិធានការ​សុវត្ថិភាព​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​”  (Safe Steps Road Safety)​ក្នុងការ​អនុវត្ត​កិច្ចការ​ដ៏​សំខាន់​នេះ ។​”

“​កម្មវិធី​អប់រំ​វិធានការ​សុវត្ថិភាព ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​” ត្រូវបាន​បង្កើតឡើង​ដោយ មូលនិធិ​ព្រូ​ដិ​នស៍ ក្រោម​ភាពជា​ដៃគូ​ជាមួយនឹង​ប៉ុស្តិ៍​ទូរទស្សន៍ National Geographic Channel និង​សហព័ន្ធ​យានយន្ត​អន្តរជាតិ (FIA) ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ការប្រើប្រាស់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព ។ រាល់​សារ​អប់រំ​ទាំងអស់​ដែល​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​នេះ ត្រូវបាន​អនុម័ត​ដោយ​សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍ​ច័ន្ទ​ក្រហម ។​

“​កម្មវិធី​អប់រំ​វិធានការ​សុវត្ថិភាព ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​” មានការ​ចាក់​វីដេអូ​អប់រំ​ខ្លីៗ របស់លោក​ស្រី Michelle Yeoh ជា​តារា​សម្តែង​លំដាប់​អន្តរជាតិ និង​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្មវិធី ដោយ​ក្នុងនោះ​លោកស្រី​នឹង​ចែករំលែក​គន្លឹះ និង​ដំបូន្មាន​ច្បាស់លាស់ និង​មាន​សារប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ រួមមាន​ដូចជា បង្កើន​ការប្រុងប្រយ័ត្ន​ពេល​បើកបរ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ប្រុងប្រយ័ត្ន​ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​ថ្មើរជើង ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​អោយបាន​ត្រឹមត្រូវ និង​បើកបរ​តាម​ល្បឿន​កំណត់ ។ បន្ថែម​ពីលើ​វីដេអូ​អប់រំ​ទាំងនេះ ក៏មាន​ការផ្សព្វផ្សាយ​តាមរយៈ​ផ្ទាំង​រូបភាព និង​ខិត្តប័ណ្ណ​ផងដែរ ដើម្បី​ធានាថា​មនុស្ស​ច្រើន​បំផុត​អាច​ទទួលបាន​ព័ត៌មាន​ដ៏​សំខាន់​ទាំងនេះ ។​



រូបភាព៖ លោកស្រី Michelle Yeoh ទូតសុឆន្ទៈនៃ “កម្មវិធីអប់រំវិធានការសុវត្ថិភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” នៃ មូលនិធិព្រូដិនស៍ ថ្លែងក្នុងសន្និសីទកាសែតអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ កាលពីពេលកន្លងទៅ ។

​កម្មវិធី​នេះ នឹង​សម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ព្រឹត្តិការណ៍​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១០ ក្នុង​ខេត្តព្រៃវែង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​វីដេអូ​អប់រំ​របស់ “​កម្មវិធី​អប់រំ​វិធានការ​សុវត្ថិភាព ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​” នឹងត្រូវ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ CTN និង​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើ​វិទ្យុ Radio One ផងដែរ ។ បន្ទាប់ពី​ការសម្ពោធ​កម្មវិធី​ថ្នាក់ជាតិ​នេះ​ជា​ផ្លូវការ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ដឹកនាំ​ក្រុម​អ្នកស្ម័គ្រចិត្ត និង​បុគ្គលិក​ក្រុមហ៊ុន ដើម្បី​រៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​បន្ថែម​នៅក្នុង​ខេត្ត​មួយចំនួនទៀត ជាពិសេស​តំបន់​ដែលមាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ ។​

( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 Quantum Communications
© រក្សាសិទ្ធិដោយ thmeythmey.com