អន្តរជាតិ
អាមេរិក និង​ចិន នាំគ្នា​ចែចូវ​លោក Duterte នា​ថ្ងៃ​ខួបកំណើត​
28, Mar 2017 , 7:39 pm        
រូបភាព
ប្រធានាធិបតី Rodrigo Duterte ទទួលគំនូរមួយផ្ទាំងពីអគ្គរដ្ឋទូតចិន (រូបភាពពីវិមានប្រធានាធិបតីហ្វីលីពីន)
ប្រធានាធិបតី Rodrigo Duterte ទទួលគំនូរមួយផ្ទាំងពីអគ្គរដ្ឋទូតចិន (រូបភាពពីវិមានប្រធានាធិបតីហ្វីលីពីន)
​អគ្គរដ្ឋទូត​អាមេរិក និង​ចិន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ជា​បន្តបន្ទាប់​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា មុន​មួយថ្ងៃ​នៃ​ឱកាស​ខួបកំណើត​៧២​ឆ្នាំ​របស់លោក​។ លោក​ប្រធានាធិបតី Duterte និង​តំណាង​អាមេរិក ក៏ដូចជា​តំណាង​ចិន បាន​ជជែក​លើ​ប្រធានបទ​សំខាន់ៗ​ជាច្រើន ជាពិសេស​បញ្ហា​សន្តិសុខ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​តែម្ដង​។ ដោយឡែក អគ្គរដ្ឋទូត​ចិន ក៏បាន​ជូន​លោក Duterte នូវ​រូបគំនូរ​សម្រាប់​ថ្ងៃកំណើត​លោក Duterte ដែរ​។​



​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ឈានដល់​វ័យ​៧២​ឆ្នាំ​នៅ​ថ្ងៃទី​២៨ ខែមីនា​។ ឱកាស​ខួបកំណើត​របស់លោក ក៏​ក្លាយជា​វេលា​ប្រជែង​សម្រាប់​មហាអំណាច ដើម្បី​ដណ្ដើម​យកចិត្ត​ប្រធានាធិបតី​រូបនេះ​។ លោក Duterte បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​អាមេរិក និង​ចិន ដែលជា​សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល​របស់​ហ្វីលីពីន​។ ក្នុងជំនួប​ដាច់ឡែក អគ្គរដ្ឋទូត​អាមេរិក មិនបាន​យក​អ្វី​ជូន​លោក Duterte តែ​តំណាង​ចិន​ជូន​គំនូរ​គ្រួសារ​ដល់​លោក Duterte ។​

​អគ្គរដ្ឋទូត​អាមេរិក Sung Kim ជា​អ្នក​ចូលជួប​លោក​ប្រធានាធិបតី Duterte មុនគេ​។ លោក Kim និង​ប្រធានាធិបតី​ហ្វីលីពីន បាន​ចំណាយពេល​ភាគច្រើន​នៃ​ជំនួប​លើក​នេះ​និយាយ​ពី​រឿង​សន្តិសុខ និង​ការធានា​របស់​អាមេរិក​ដើម្បី​ការពារ​ហ្វីលីពីន​ជាស​ម្ប័​ន្ធ​មិត្ត​។ បើទោះជា​គ្មាន​កាដូ​អនុស្សាវរីយ៍​ក្ដី អគ្គរដ្ឋទូត​អាមេរិក​បាន​ធានា​ចំពោះមុខ​លោក Duterte ថា អាមេរិក​ត្រៀមខ្លួន​រួចរាល់​ផ្ដល់ជំនួយ​យោធា​សម្រាប់​ហ្វីលីពីន​។​

​បើតាម​សារព័ត៌មាន Rappler អ្នកនាំពាក្យ​ប្រធានាធិបតី​និយាយថា លោក Duterte ក៏​ធានា​ចំពោះ​អគ្គរដ្ឋទូត​អាមេរិក​ដែរ​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន នៅតែ​រឹងមាំ​ដដែល បើ​ទោះ​មានការ​ខ្វែងគំនិត​គ្នា​ក៏ដោយ​។ នៅមុន​ជំនួប​ប៉ុន្មាន​ថ្ងៃ លោក Duterte បាន​រិះគន់​អាមេរិក ដែល​មិន​ព្រម​ចាត់វិធានការ​អ្វី​សោះ និង​ទុក​ឲ្យ​ស្ថានការណ៍​សមុទ្រ​ចិន​ខាងត្បូង​មាន​សភាព​ដូច​សព្វថ្ងៃ ទាំង​ដឹងថា​ចិន​ធ្វើ​អ្វី​ទៅហើយនោះ​។​

​ក្រោយ​ជំនួប​ជាមួយ​តំណាង​អាមេរិក ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ក៏​បន្ត​ជួប​ជាមួយ​មិត្ត​មួយទៀត គឺ​ចិន​។ បើតាម​វិមាន​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ក៏​ពិភាក្សា​បញ្ហា​សន្តិសុខ​ជាមួយ​អគ្គរដ្ឋទូត​ចិន Zhao Jianhua ហើយ​ភាគី​ទាំងពីរ​ជជែក​គ្នា​លើ​លើ​យន្តការ​ទ្វេភាគី​ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​ការយល់ច្រឡំ​ផ្សេងទៀត​។ លោក Zhao ក៏​នាំយក​គំនូរ​២​ផ្ទាំង​ជា​អំណោយ​ថ្ងៃ​ខួបកំណើត​របស់លោក Duterte ដែរ​។​

​អាមេរិក និង​ចិន កំពុង​ប្រជែង​គ្នា​ដើម្បី​វាតទី​ឥទ្ធិពល​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន​ទាមទារ​កម្មសិទ្ធិ​ស្ទើរ​ទាំងស្រុង​ទៅហើយ​។ ដោយឡែក​ហ្វីលីពីន ក៏​ជា​អ្នក​ទាមទារ​សិទ្ធិ​គ្រប់គ្រង​លើ​តំបន់​នេះដែរ តែ​បាន​បែរខ្នង​ដាក់​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ​របស់ខ្លួន​ក្រោម​អាណត្តិ​លោក Duterte ។ រដ្ឋបាល​អាមេរិក​បាន​រិះគន់​យុទ្ធនា​ការសម្អាត​គ្រឿងញៀន​របស់លោក Duterte ដែល​ធ្វើ​ឲ្យ​លោក Duterte មិន​សប្បាយចិត្ត រួច​ក៏​ងាក​ទៅជិត​ស្និទ្ធ​ជាមួយ​ចិន​វិញ​៕
 

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com