អន្តរជាតិ
​បណ្តាញ​សណ្ឋាគារ​មួយ​នៅ​ស៊ុយអែត​នឹង​សងលុយ​វិញ​ក្នុងករណី​អតិថិជន​លែងលះគ្នា​
28, Mar 2017 , 9:39 pm        
រូបភាព
ដោយ: ធីតា

​បណ្តាញ​សណ្ឋាគារ​នៅ​ស៊ុយអែត Countryside Hotels ចាប់តាំងពី​ថ្ងៃទី​២០ ខែមីនា មក បានប្រកាស​ផ្តល់ប្រាក់​សំណង​ទៅ​អតិថិជន​របស់ខ្លួន​វិញ ប្រសិនបើ​ពួកគេ​លែងលះគ្នា​ក្នុង​រង្វង់​រយៈពេល​១​ឆ្នាំ បន្ទាប់ពី​ពួកគេ​ស្នាក់​នៅក្នុង​សណ្ឋាគារ​។



​អ្នកស្រី Annna Madsen អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​បស់ Countryside Hotels ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន The Local បាន​អះអាងថា​៖ «​យើង​ស្វាគមន៍​គូ​ស្វាមីភរិយា​សម្រាប់​ការ​មក​ស្នាក់​នៅក្នុង​បណ្តាញ​សណ្ឋាគារ​របស់​យើង​។ យើង​ផ្តល់​សេវាកម្ម​ពិសេស​ដល់​ពួកគេ ជាពិសេស​ឲ្យ​ពួកគេ​ស្វែងយល់​ពី​តម្លៃ​នៃ​ការរួមរស់​ដោយ​សុភមង្គល​ជាមួយគ្នា​»​។​

​តាមពិត​គោល​គំនិត​នេះ គឺ​ក្នុង​បំណង​ឲ្យ​ស្វាមីភរិយា​ដែលមាន​គម្រោង​លែងលះគ្នា នឹក​អនុស្សាវរីយ៍​ល្អៗ​កន្លងមក​ជាមួយគ្នា ដូចជា​ការដើរ​កម្សាន្ត​ចុង​សប្តាហ៍​ជាមួយគ្នា ឬ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ជាមួយគ្នា​។ វា​ជា​ផ្នែក​មួយ​ដែល​ជួយ​កាត់បន្ថយ​អត្រា​នៃ​ការ​លែងលះ​សម្រាប់​អ្នកផ្សេងៗ​ទៀត​។​

​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៣ បណ្តាញ​សណ្ឋាគារ Countryside Hotels មាន​សមាជិក​ប្រមាណ​៤០​សណ្ឋាគារ​នៅ​ទូទាំងប្រទេស​ស៊ុយអែត​។ លក្ខខណ្ឌ​ដែល​អាច​ទទួលបាន​សំណង​វិញ​នោះ គឺ​ត្រូវ​ស្ថិតក្នុង​អំឡុង​តិចជាង​១២​ខែ បន្ទាប់ពី​ពួកគេ​លែងលះ ហើយ​ត្រូវ​លិខិតបញ្ជាក់​ពី​ការ​លែងលះ​ផ្លូវការ​។ គំនិត​ចម្បង​របស់​បណ្តាញ​សណ្ឋាគារ​នោះ​គឺ ចង់​ឲ្យ​ពួកគេ​ស្នាក់នៅ (​ម្តងម្នាក់​) ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​ពួកគេ​បាន​ស្នាក់នៅ​រយៈពេល​២​រាត្រី​។​

​កាលពី​ឆ្នាំ​២០១៥ ភ្នាក់ងារ​ស្ថិតិ​ស៊ុយអែត បាន​រកឃើញថា គូ​ស្វាមីភរិយា​ចំនួន​២៤ ៨៧៦​គូ បាន​លែងលះគ្នា​។ ជនជាតិ​ស៊ុយអែត​ជាច្រើន​ចូលចិត្ត​រស់នៅ​តែម្នាក់ឯង ដោយសារតែ​ពួកគេ​មិនសូវ​បាន​ស្វែងយល់​ពី​តម្លៃ​នៃ​ការរួមរស់​ជាមួយគ្នា​៕


Tag:
 លែងលះ​
  សណ្ឋាគារ​
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com