អន្តរជាតិ
អាម​រិ​ក​ព្រមាន​ថា អូស្ត្រាលី​ស្ថិតក្នុង​គ្រោះថ្នាក់​ដោយសារ​ការវាយប្រហា​រ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
28, Mar 2017 , 10:19 pm        
រូបភាព
​មេទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ថា អូស្ត្រាលី​បច្ចុប្បន្ន​ស្ថិតក្នុង​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ នេះ​ក៏ដោយ​សារ ក្រុង​ព្យុងយ៉ាង​កំពុង​បន្ត​អភិវឌ្ឍ​មី​ស៊ី​ល​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​វា​អាច​គំរាមកំហែង​តំបន់​ទាំងមូល​រួមទាំង​អូស្ត្រាលី​ដែរ​។​



​កាលពី​ខែ​មុន មេទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​លោក Vincent K. Brooks ប្រាប់​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop ថា មី​ស៊ី​ល​កូរ៉េខាងជើង​នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​តំបន់​ទាំងមូល​រួមទាំង​អូស្ត្រាលី​ផងដែរ​នៅពេល​ខាងមុខ​។​

​យោងតាម​សារព័ត៌មាន Sputnik លោក Brooks បាន​ព្រមាន​ពី​បញ្ហា​គ្រោះថ្នាក់​ដែល​បង្កដោយ​កូរ៉េខាងជើង​នេះ​ក្នុងពេលដែល​លោក​ជួប​ជាមួយ​លោកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​នេះ​ក្នុងពេល​លោកស្រី​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​អាមេរិក​។​

​មេទ័ព​អាមេរិក​រូបនេះ​បាន​ប្រាប់​លោកស្រី Bishop ថា លោក គីម ជុង​អ៊ុន បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រាប់​រ៉ុក្កែត​ដែល​នឹង​អាចធ្វើ​ឲ្យ​អូស្ត្រាលី​ស្ថិតក្រោម​គ្រោះថ្នាក់​ដោយ​ការវាយប្រហារ​នុយក្លេអ៊ែរ​។

​ក្រោយមក​លោកស្រី Bishop បាន​ថ្លែងប្រាប់​សារព័ត៌មាន​អូស្ត្រាលី​មួយ​ថា​៖«​ការវាយតម្លៃ​គឺថា កូរ៉េខាងជើង​នៅពេលនេះ​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​កាំជ្រួច​បាលី​ស្ទិ​ក​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ វា​បង្កើត​បញ្ហា​សន្តិសុខ​ច្រើន​សម្រាប់​តំបន់​មិន​ត្រឹមតែ​នៅ​ឧបទ្វីប​កូរ៉េ​ទេ តែ​នៅ​តំបន់​យើង​ទៀត​។​វា​ជា​លើកដំបូង​ហើយ​ដែល​ខ្ញុំ​បានលឺ​ព័ត៌មាន​បែបនេះ​»​។

​គេ​វាយតម្លៃថា មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល​៤​ពាន់​គីឡូម៉ែត្រ​។ ដូច្នេះហើយ​បាន​គេ​បារម្ភ​ថា ទីក្រុង Queensland ស្ថិតនៅ​ចម្ងាយ​ជាង ៦​ពាន់​គីឡូ​ពី​កូរ៉េខាងជើង​នោះ​អាច​នឹង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ បើសិនជា​កូរ៉េ​ខាង​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​ជាច្រើន​ដង​នៅ​ឆ្នាំ ២០១៧ នេះហើយ​នៅ​ដើមខែ​មីនា​កន្លងទៅនេះ ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​បួន​គ្រាប់ ហើយបី​គ្រាប់​បាន​ហោះ​ទៅ​ធ្លាក់​ចូលក្នុង​ដែនសមុទ្រ​ជប៉ុន​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្គើន​សហកមន៍​អន្តរជាតិ​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ទ្រង់ទ្រាយ​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅក្បែរ​ព្រំដែន​ខ្លួន ហើយ​កូរ៉េខាងជើង​ចាត់ទុកថា​វា​ជាការ​ត្រៀមលក្ខណ​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​ដើម្បី​ឈ្លានពាន​ខ្លួន​។ កូរ៉េខាងជើង​ក៏បាន​ព្រមាន​កម្ទេច​អាមេរិក​ឲ្យ​ក្លាយជា​ផេះផង់​ផង បើសិនជា​អាមេរិក​ហ៊ាន​បំពាន​ទឹកដី​ខ្លួន​តែ​បន្តិច​នោះ​៕


Tag:
 Julie Bishop
  Vincent K. Brooks
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com