ជាតិ
សិល្បះ
សុវត្តិភាព ចរាចរណ៍
«ចង់សងអ្វីគេស្លាប់ហើយ» របស់ពេជ្រ សោភា កក្រើកឡើងវិញក្រោយគ្រោះថ្នាក់ចរាចរណ៍នៅបឹងត្របែក
× អ្នកនាងពេជ្រ សោភា បានចែករំលែកបទ«ចង់សងអ្វី គេស្លាប់ហើយ»ដែលជាស្នាដៃនិពន្ធរបស់ខ្លួនឡើងវិញ ក្រោយ ហេតុការណ៍រថយន្តបុករះម៉ូតូ នៅម្តុំច្រមុះជ្រូក ក្បាលថ្នល់ នៅល្ងាចថ្ងៃទី២៧ ខែមីនា។ បទ«ចង់សងអ្វី គេស្លាប់ហើយ» រៀបរាប់ពីការបាត់បង់សាច់ញាតិ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងពីការបើកបរក្នុងពេលស្រវឹង។
បទចម្រៀង«ចង់សងអ្វី គេស្លាប់ហើយ» របស់អ្នកនាងពេជ្រ សោភា បានកក្រើកឡើងវិញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះម៉ូតូ នៅម្តុំច្រមុះជ្រូក ក្បាលថ្នល់ នៅល្ងាចថ្ងៃទី២៧ ខែមីនា។ ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់របួស។ រីឯជនបង្កសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវប្រជាពលរដ្ឋព្រួតវាយ នៅក្រោយពេលកើតហេតុ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍ អ្នកនាង ពេជ្រ សោភា បានចែករំលែកបទចម្រៀង «ចង់សងអ្វី គេស្លាប់ហើយ» របស់ខ្លួនឡើងវិញ អមដោយសំណេរខ្លីថា ជីវិតមនុស្សមិនមានលក់លើទីផ្សារទេ ពាក្យថាស្លាប់គឺស្លាប់ហើយ មិនអាចហៅអោយក្រោកវិញបានទេ។
តារាចម្រៀងដែលកំពុងកាក់កបនឹងបទនិពន្ធដោយខ្លួនឯងរូបនេះ សរសេរបន្តដូច្នេះថា៖«បើមិនស្រលាញ់ជីវិតអ្នក សូមគោរពជីវិតអ្នកដទៃ»។
ទំនុកច្រៀងបទ«ចង់សងអ្វី គេស្លាប់ហើយ» នេះ គឺជាស្នាដៃ របស់តារាចម្រៀងស្រីពេជ្រ សោភា ដោយផ្ទាល់ ដែលរៀបរាប់ពីការបាត់បង់សាច់ញាតិ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងពីការបើកបរយានជំនិះ ក្នុងពេលស្រវឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com