ជាតិ
សិល្បះ
សុវត្តិភាព ចរាចរណ៍
«​ចង់​សង​អ្វី​គេ​ស្លាប់​​ហើយ​» របស់​ពេជ្រ សោភា កក្រើក​ឡើងវិញ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បឹងត្របែក​
28, Mar 2017 , 5:48 pm        
រូបភាព
អ្នកនាង​ពេជ្រ សោភា បាន​ចែករំលែក​បទ​«​ចង់​សង​អ្វី គេ​ស្លាប់​ហើយ​»​ដែលជា​ស្នាដៃ​និពន្ធ​របស់ខ្លួន​ឡើងវិញ ក្រោយ ហេតុការណ៍​រថយន្តបុក​រះ​ម៉ូតូ នៅ​ម្តុំ​ច្រមុះជ្រូក ក្បាលថ្នល់ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា​។  បទ​«​ចង់​សង​អ្វី គេ​ស្លាប់​ហើយ​» រៀបរាប់​ពី​ការបាត់បង់​សាច់ញាតិ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ពី​ការបើកបរ​ក្នុងពេល​ស្រវឹង​។



​បទ​ចម្រៀង​«​ចង់​សង​អ្វី គេ​ស្លាប់​ហើយ​» របស់​អ្នកនាង​ពេជ្រ សោភា បាន​កក្រើក​ឡើងវិញ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​រះ​ម៉ូតូ នៅ​ម្តុំ​ច្រមុះជ្រូក ក្បាលថ្នល់ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា​។ ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​៧​នាក់​របួស​។ រីឯ​ជនបង្ក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ នៅក្រោយពេល​កើតហេតុ​។​

​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ អ្នកនាង ពេជ្រ សោភា បាន​ចែករំលែក​បទ​ចម្រៀង «​ចង់​សង​អ្វី គេ​ស្លាប់​ហើយ​» របស់ខ្លួន​ឡើងវិញ អមដោយ​សំណេរ​ខ្លី​ថា ជីវិត​មនុស្ស​មិនមាន​លក់​លើ​ទីផ្សារ​ទេ ពាក្យ​ថា​ស្លាប់​គឺ​ស្លាប់​ហើយ មិនអាច​ហៅ​អោយ​ក្រោក​វិញ​បានទេ​។

​តារាចម្រៀង​ដែល​កំពុង​កាក់កប​នឹង​បទ​និពន្ធ​ដោយ​ខ្លួនឯង​រូបនេះ សរសេរ​បន្ត​ដូច្នេះ​ថា​៖«​បើ​មិន​ស្រលាញ់​ជីវិត​អ្នក សូម​គោរព​ជីវិត​អ្នកដទៃ​»​។


​ទំនុកច្រៀង​បទ​«​ចង់​សង​អ្វី គេ​ស្លាប់​ហើយ​» នេះ គឺជា​ស្នាដៃ របស់​តារាចម្រៀង​ស្រី​ពេជ្រ សោភា ដោយផ្ទាល់ ដែល​រៀបរាប់​ពី​ការបាត់បង់​សាច់ញាតិ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ពី​ការបើកបរ​យានជំនិះ ក្នុងពេល​ស្រវឹង​៕



© រក្សាសិទ្ធិដោយ thmeythmey.com