ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ជំនួយ និង​កម្ចី​សរុប​ជាង១៤០លាន​ដុល្លារ​ឲ្យកម្ពុជាការពារ​ជំនន់​នៅ​ភ្នំពេញ ពង្រីក​ប្រព័ន្ធ​ទឹកស្អាត...
28, Mar 2017 , 8:42 pm        
រូបភាព
លោកឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នាពិធីផ្តល់ជំនួយដល់កម្ពុជាកន្លងមក
លោកឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នាពិធីផ្តល់ជំនួយដល់កម្ពុជាកន្លងមក
កម្ពុជា និង​ជប៉ុន នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការទទួល និង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន សរុប​ជាង១៤០លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​ចំនួន៤ នៅ​កម្ពុជា។ គម្រោង​ទាំងនោះ​មាន ការការពារ​ទឹកជំនន់​ក្នុង​ក្រុងភ្នំពេញ ទី២.ការធ្វើឱ្យ​ប្រសើរឡើង​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង  និង​កំណាត់​ផ្លូវជាតិ​លេខ៥  និង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ខេត្តកំពង់ធំ។


 
រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ជិត១៦ម៉ឺន​លាន​យ៉េន ស្មើនឹង​ជាង១៤០លាន​ដុល្លារ មក​ឲ្យ​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ចំនួន៤ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា។
 
ពិធី​ចុះហត្ថលេខា​លើ​ជំនួយ និង​កម្ចី​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី៣០ ខែមីនា នា​ទីស្ដីការ​ក្រសួងការបរទេស​កម្ពុជា រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស​កម្ពុជា និង លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa)ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា។ សេចក្តីជូនព័ត៌មានដដែលបញ្ជាក់ដូច្នេះ និងឲ្យដឹងទៀតថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ។
 
បើតាមសេចក្តី​ជូន​ព័ត៌មាន​ដដែល​​ ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន នឹង​បែងចែក​ទៅ​ឲ្យ​គម្រោង​ចំនួន រួមមាន​ទី១. ហិរញ្ញប្រទាន​ឥត​សំណង ចំនួន ១០៩ លាន​យ៉េន ស្មើនឹង​ប្រមាណ៩៤៩.៩៧៣ ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ដំណាក់កាល​ទី។ ទី២.ហិរញ្ញប្រទាន​ឥត​សំណង​ចំនួន ១.៤៥៣ លាន​យ៉េន ស្មើនឹង​ប្រមាណ១២,៦៦ លាន​ដុល្លារ សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង។ ទី៣. ឥណទាន​សម្បទាន សរុប​ចំនួន ១១.១៣៦ លាន​យ៉េន​ស្មើនឹង​ប្រ     មាណ ៩៨ លាន​ដុល្លារ សម្រាប់​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគ​ខាងជើង ចន្លោះ​ក្រុង​បាត់ដំបង​និង​ក្រុង​សិរីសោភ័ណ​ជំហាន​ទី។ និង​ទី៤.ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣.២៧១ លាន​យ៉េន ស្មើនឹង​ប្រមាណ ២៨,៥ លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ខេត្តកំពង់ធំ។ 
 
ប្រទេស​ជប៉ុន គឺជា​ដៃគូ​ដ៏​សំខាន់​មួយ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា។ គម្រោង​ទាំងនេះ ត្រូវបាន​រំពឹងទុក​ថា នឹង​ជួយ​កែលម្អ​ដល់​ការតភ្ជាប់​តំបន់​របស់​កម្ពុជា ព្រមទាំង​ធ្វើ​ឲ្យ​ជីវភាព និង​សុខភាព​របស់​ប្រជាជន​ប្រសើរឡើង៕
 
 

Tag:
 ជំនួយ
 កម្ចី
 កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com