ពីនេះ ពីនោះ
អក្សរ «​អ​» អាច​មានន័យថា «​មិនមែន ឬ មិនមាន​»
29, Mar 2017 , 7:30 am        
រូបភាព
ភ្នំពេញ​៖ ក្នុង​ភាសាបាលី អក្សរ «​អ​» អាច​ប្រែ​ថា «​មិនមែន ឬ មិនមាន​»​។ ពាក្យ​មួយចំនួន ដែលមាន​អក្សរ «​អ​» នៅ​ខាងដើម នឹង​ប្រែក្លាយជា​ន័យ​អវិជ្ជមាន ឬ​បដិសេធ ទៅវិញ​។



​ពាក្យ​ទាំងនោះ មានដូចជា អកុសល ប្រែ​ថា មិនមែន​កុសល និង អគុណ​ធម៌ ប្រែ​ថា មិនមាន​គុណធម៌ ជាដើម​។ នៅមាន​ពាក្យ​ជាច្រើន​ទៀត ដូចជា អមនុស្សធម៌​, អសីលធម៌​, អហិង្សា​, អព្យាបាទ ។​ល​។

​ប៉ុន្តែ មិនមែន​រាល់​ពាក្យ ដែលមាន​អក្សរ «​អ​» ខាងដើម គឺ​សុទ្ធតែ មានន័យថា «​មិនមែន ឬ មិនមាន​» នោះទេ ដូចជា «​អធិករណ៍​» និង «​អធិការ​» ជាដើម​។ អក្សរ «​អ​» ដែល​នៅ​ខាងដើម «​ធិ​ករ​ណ៍​» និង​នៅ​ខាងដើម «​ធិ​ការ​» មិន​មានន័យថា «​មិនមែន ឬ មិនមាន​» ឡើយ​។ អក្សរ «​អ​» ក្នុង​ទីនេះ មិនអាច​បកប្រែ​ថា «​មិនមែន ឬ មិនមាន​» ជាដាច់ខាត ពីព្រោះ​ពាក្យ «​អធិករណ៍​» និង «​អធិការ​» គឺជា​ពាក្យ​តែមួយ ដែល​មិនមែន កើតឡើង​ពី «​អ​» បូក​នឹង «​ធិ​ករ​ណ៍​» និង «​អ​» បូក​នឹង «​ធិ​ការ​» នោះទេ​។ «​អធិករណ៍​» មានន័យថា ជម្លោះ រីឯ «​អធិការ​» មានន័យថា អ្នកគ្រប់គ្រង ឬ​អ្នកត្រួតពិនិត្យ​។

​យើង​អាច​កត់សម្គាល់​បាន​ថា ពេលណា​អក្សរ «​អ​» អាច​ប្រែ​ថា «​មិនមែន ឬ មិនមាន​» ហើយ​ពេលណា​អក្សរ «​អ​» មិនអាច​បកប្រែ​។ អក្សរ «​អ​» អាច​ប្រែ​ថា «​មិនមែន ឬ មិនមាន​» គឺ​នៅពេល​ពាក្យ​ទាំងឡាយណា អាចនិយាយបាន​ពីរ​យ៉ាង ដូចជា​ពាក្យ «​កុសល​» និង «​គុណធម៌​» ជាដើម​។ យើង​អាច​និយាយ​ពាក្យ​ទាំងនេះ បាន​ពីរ​យ៉ាង​ថា កុសល និង អកុសល​, គុណធម៌ និង អគុណ​ធម៌​។

​ដោយឡែក ពាក្យ​ទាំងឡាយណា ដែល​អាចនិយាយបាន​តែ​មួយ​យ៉ាង នោះ​អក្សរ «​អ​» មិនអាច​បកប្រែ​ឡើយ ដូចជា​ពាក្យ «​អធិករណ៍​» និង «​អធិការ​» ជាដើម​។ យើង មិនអាច​និយាយបាន​ពីរ​យ៉ាង​ថា ធិ​ករ​ណ៍ និង អធិករណ៍​, ធិ​ការ និង​អធិការ នោះទេ​។ ពាក្យ ធិ​ករ​ណ៍​ក្តី ឬ ពាក្យ ធិ​ការ​ក្តី មិនមាន​ក្នុង​ភាសាបាលី ឬ​ភាសា​ខ្មែរ ឡើយ គឺមាន​តែ អធិករណ៍ និង អធិការ​។

​ការពន្យល់​ខាងលើនេះ គឺ​ផ្អែក​តាម​វចនានុក្រម សម្តេច ជួន ណាត និង​សៀវភៅ វេយ្យាករណ៍​បាលី ដែល​រៀបរៀង​ដោយ បណ្ឌិត មហា ឈឹម ស៊ុម​៕



Tag:
 ពន្យល់ពាក្យ
  អក្សរអ
© រក្សាសិទ្ធិដោយ thmeythmey.com