អន្តរជាតិ
អាមេរិក​៖ «​គ្មាន​ថ្ងៃ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​មាន​វាសនា​កាន់តំណែង​ធំ​នៅ UN ឡើយ​»
29, Mar 2017 , 9:59 am        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley (រូបភាព AFP)
អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley (រូបភាព AFP)
​ដើម្បី​បំពេញចិត្ត​អ៊ីស្រាអែល អាមេរិក​បាន​ជំទាស់​ការតែងតាំង​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន Salam Fayyad ជា​តំណាង​អង្គការសហប្រជាជាតិ​សម្រាប់​លី​ប៊ី​។ ជាមួយ​ការប្រឆាំង​ដាច់​ណាត់​នេះ រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​អង្គការសហប្រជាជាតិ​ថា​បាន​លម្អៀង​ទៅរក​ប៉ា​ឡេ​ស្ទី​ន​តែ​ម្ខាង និង​មិន​អើពើ​សុខទុក្ខ​អ៊ីស្រាអែល​សោះ​។ តំណាង​អាមេរិក​ប្រចាំ UN លោកស្រី Nikki Haley ក៏​ប្រកាសថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន គ្មាន​ថ្ងៃ​អាច​កាន់តំណែង​ជាន់ខ្ពស់​នៅ​អង្គការសហប្រជាជាតិ​ទេ​។​



​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley បាន​និយាយថា អាមេរិក នឹង​ជំទាស់​រាល់​ការតែងតាំង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ណា​ម្នាក់​សម្រាប់​តំណែង​ជាន់ខ្ពស់​នៅ​អង្គការសហប្រជាជាតិ​។ អាមេរិក​មិន​ពេញចិត្ត​ឡើយ ពេល​អគ្គលេខាធិការ Antonio Guterres ចង់​តែងតាំង​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន Salam Fayyad ជា​តំណាង​ប្រចាំ​លី​ប៊ី​។ ទីភ្នាក់ងារ​ព័ត៌មាន RT ផ្សាយ​ថា ការជំទាស់​នេះ​មិនមែន​មកពី​លោក Fayyad មិនមែន​បេក្ខជន​ល្អ​អ្វី​ឡើយ​។​

​លោកស្រី Haley ប្រកាស​ចំហ​បែបនេះ អំឡុងពេល​ចូលរួម​សន្និសីទ​គោលនយោបាយ​ប្រចាំឆ្នាំ​នៃ​គណៈកម្មាធិការ​កិច្ចការ​សាធារណ​អាមេរិក​-​អ៊ីស្រាអែល (AIPAC) នៅ​ថ្ងៃទី​២៧ ខែមីនា​។ លោកស្រី​បន្តថា ប្រសិនបើ​ប៉ា​ឡេ​ស្ទី​ន​មិន​ចូល​តុ​ចរចា ឬក៏​ធ្វើ​អ្វីដែល​គួរ​ធ្វើ​ទេ ប៉ា​ឡេ​ស្ទី​ន​គ្មាន​ថ្ងៃ​ទទួលបាន​ការតែងតាំង​ណាមួយ​ឡើយ​។ នេះ​ក៏​បានន័យថា គម្រោង​តែងតាំង​លោក Fayyad នឹងត្រូវ​រាំងស្ទះ​គ្មាន​ថ្ងៃ​ចេញរួច​ហើយ​។​

​អាមេរិក បានចេញ​មុខការ​ពារ​អ៊ីស្រាអែល​ស្ទើរ​គ្រប់​រឿង ចាប់តាំងពី​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​មក​។ អាមេរិក​ក៏​ចោទ​អង្គការសហប្រជាជាតិ​ថា​បាន​កាន់ជើង​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន និង​បាន​រិះគន់​សេចក្ដីសម្រេច​ថ្កោលទោស​សកម្មភាព​អ៊ីស្រាអែល​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​ទៀតផង​។ ការជំទាស់​បេក្ខភាព​លោក Fayyad សម្រាប់​ដឹកនាំ​បេសកកម្ម​នៅ​លី​ប៊ី ជា​ឧទាហរណ៍​បង្ហាញ​ច្បាស់​ថា អាមេរិក​កំពុង​ជួយ​ការពារ​អ៊ីស្រាអែល ទល់នឹង​ការរើសអើង​របស់​អ្នក​ដទៃទៀត​។​

​លោក Fayyad ជា​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៣ ។ ការតែងតាំង​លោក​ជា​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ ចាំបាច់​ត្រូវមាន​ការយល់ព្រម​ជា​ឯកច្ឆន្ទ​ពី​សមាជិក​ទាំង​អស់នៃ​ក្រុមប្រឹក្សាសន្តិសុខ​។ ប៉ុន្តែ​ការជំទាស់​របស់​អាមេរិក​ដើម្បី​បំពេញចិត្ត​អ៊ីស្រាអែល ទំនង​បញ្ចប់​បេក្ខភាព​របស់លោក Fayyad ព្រោះ​គេ​ក៏ត្រូវ​ចាំ​ថា អាមេរិក​មាន​សិទ្ធិ​បោះឆ្នោត​វ៉េតូ​ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​។​

​ច្បាស់​ណាស់​ថា ការជំទាស់​នៅពេលនេះ គឺជា​ការបង្ហាញ​ការគាំទ្រ​របស់​អាមេរិក​លើ​អ៊ីស្រាអែល ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​។ នេះ​ក៏​បង្ហាញថា អាមេរិក នឹងធ្វើ​សកម្មភាព​ជាក់ស្ដែង ដើម្បី​ការពារ​ផលប្រយោជន៍​សម្ព័ន្ធមិត្ត​របស់ខ្លួន ដោយ​មិន​និយាយ​តែ​មាត់​ឡើយ​។ សកម្មភាព​នេះ ក៏​ជា​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​-​អ៊ីស្រាអែល ដែល​ធ្លាក់ចុះ​នៅ​ចុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បើកដៃ​ឲ្យ​អង្គការសហប្រជាជាតិ​ថ្កោលទោស​អ៊ីស្រាអែល​៕ 


Tag:
 អាមេរិក​
  ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល​
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com