ជាតិ
ស្លាប់​-​របួស​ជិត​១០​នាក់​, ជនល្មើស​ត្រូវគេ​វាយស្ទើរ​ស្លាប់​៖ ជាការ​ព្រមាន ឬ​បង្ហាញ​ពី​ហិង្សា​?
29, Mar 2017 , 11:14 am        
រូបភាព
​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លងមកនេះ យុវជន​ម្នា​ក់បាន​បើកបរ​រថយន្តបុក​ស​ម្លា​ប់​មនុស្ស​បីនាក់ និង​របួស​៦​នាក់​នៅក្បែរវិទ្យាល័យបឹងត្របែកក្នុងរាជធានីភ្នំពេញ​។ នេះ គឺជា​វិនាសកម្ម​ក្នុង​គ្រោះ​ចរាចរណ៍​ដ៏​រន្ធត់មួយ​ដែល​ផ្តាច់ជីវិត​មនុស្ស​ច្រើន របួស​ច្រើន ហើយ​អ្វីដែល​រឹតតែ​រន្ធត់​ទៀត​នោះ គឺថា ជនល្មើស​ត្រូវបាន​ពល​រដ្ឋ​វាយដំ​ស្ទើរ​បាត់បង់​ជីវិត​។ តើ​កំហឹង​ខាងលើ​បង្ហាញ​ពី​ហិង្សា​របស់​ពលរដ្ឋ​? បង្ហាញ​ពី​ភាព​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​? បង្ហាញ​ពី​ការព្រមាន​ចំពោះ​ជនខិលខូច​? បង្ហាញ​ពី​ភាពខ្វះ​ការពិចារណា ឬ​ខ្វះ​ចំណេះដឹង​របស់​ពលរដ្ឋ​?



​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​និយាយ​ជារួម នៅ​ទីក្រុង​ភ្នំពេញ​និយាយ​ដោយឡែក កំពុង​ក្លាយទៅជា​កង្វល់​រួម​របស់​មហាជន​។ អ្នកធ្វើដំណើរ​នៅលើ​ដងផ្លូវ ជាពិសេស អ្នកជិះ​កង់ ម៉ូតូ តែងតែ​ភ័យព្រួយ​ខ្លាច គេ​បុក​ឲ្យ​ស្លាប់​។

​ជាក់ស្តែង គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក បានសម្លាប់​មនុស្ស​៣​នាក់​, បង្ក​ឲ្យ​របួស​៦​នាក់ និង​បំផ្លាញ​សម្ភារ​អស់​ជាច្រើន​។ អ្នកបើកបរ​ម៉ូតូ​ទាំងឡាយ​មិនដឹង​ខ្លួន​សោះ ស្រាប់តែ​ជនល្មើស​ជិះឡាន មក​បុក​ឲ្យ​ស្លាប់​តែម្តង​។

​ក្រោយ​បុក​ឲ្យ​មនុស្ស​ស្លាប់​ពេញ​ផ្លូវ​រួចហើយ ជនល្មើស​ត្រូវបាន​ពល​រដ្ឋ​ព្រួត​គ្នា​វាយ​ស្ទើរ​បាត់បង់​ជីវិត​។

​នៅក្នុង​សាច់រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ជនល្មើស គឺជា​អ្នក​បង្កហេតុ​ពិតប្រាកដ ហើយ​ជនល្មើស​នេះ គឺជា​អ្នក​ខុស​ទាំងស្រុង​នៅ​ចំពោះមុខ​ច្បាប់​។ នៅ​ចំពោះមុខ​ច្បាប់ លោក​(​ជនល្មើស​)​ត្រូវ​ទទួលទោស​ដែល​ច្បាប់​បានកំណត់​។ ប៉ុន្តែ ក្រោយ​ពេលដែល​ជនល្មើស​បាន​បង្ក​រួចហើយ ស្រាប់តែ​ពលរដ្ឋ​នាំគ្នា​ទៅ​វាយ​ជនល្មើស​ដោយ​បង្ក​ហិង្សា​ឲ្យ​របួសស្នាម​ដល់​ជនល្មើស​ទៅវិញ តើ​ពលរដ្ឋ​មាន​កំហុស​ដែរឬទេ​?

​នេះ​ជា​សំណួរ​ដែល​មហាជន​បាន និង​កំពុង​ជជែក​គ្នា​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។ មតិ​ទី​១​យល់ថា ពល​រដ្ឋ​មិនគួរ​សងសឹក​វាយដំ​ជនល្មើស​ឡើយ ពោលគឺ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​កាត់ទោស​ជនល្មើស​ទៅតាម​ផ្លូវច្បាប់​ទៅ​ចុះ​។ ប្រសិនបើ​ពលរដ្ឋ​ប្រើ​ហិង្សា​ទៅលើ​គាត់​ដូច្នេះ ពេលនោះ ពលរដ្ឋ​ក៏បង្ក​ឲ្យ​មាន​កំហុស​ដែរ​។

​រីឯ​មតិ​ទី​២​វិញ ពួកគេ​បាន​អត្ថាធិប្បាយ​ថា ការវាយដំ​ទៅលើ​ជនល្មើស​ដែល​បង្ក​គ្រោះថ្នាក់​ឲ្យ​គេ​ស្លាប់ និង​របួស​ជាច្រើន​នាក់​ដូច្នេះ គឺជា​ការព្រមាន​ចំពោះ​បុគ្គល​ដែល​បើកបរ​ផ្សេងទៀត​មិន​គោរព​ច្បាប់ ហើយ​ចូលចិត្ត​មានបំណង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។ ការសង​សឹក​ក្រៅ​ប្រព័ន្ធតុលាការ​ដូច្នេះ ក៏​ជាការ​ព្រមាន​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែរ បើទោះបីជា​ពួកគេ​ដឹងថា ទង្វើ​សងសឹក​ក្រៅ​ប្រព័ន្ធតុលាការ​នះ វា​ខុសច្បាប់​ក៏ដោយ​។

​មតិ​ផ្សេងទៀត​បាន​បកស្រាយ​ថា ការសង​សឹក​ក្រៅ​ប្រព័ន្ធតុលាការ​នេះ បង្ហាញថា ពលរដ្ឋ​ខ្មែរ​នៅមាន​ហិង្សា​ខ្លាំង ខ្វះ​ការពិចារណា​គ្រប់​ជ្រុងជ្រោយ​។ ម្យ៉ាងវិញទៀត វា​ក៏​បង្ហាញ​ផងដែរ​ថា ពួកគេ​បាត់បង់​ជំនឿ​មួយផ្នែក​ណាមួយ​នោះ​ទៅលើ​ប្រព័ន្ធតុលាការ ដូច្នេះហើយ​បានជា​ពួកគេ​ចាត់ការ​ដោយ​ខ្លួនឯង​តែម្តងទៅ​។

​បើទោះបីជា​មតិ​ខាងលើ​បង្កប់​នូវ​ទឡ្ហីករណ៍​រៀងៗ​ខ្លួន​យ៉ាងណាក៏ដោយ តែ​ជន​ដែល​បង្ក​ហិង្សា គួរ​គិត​ឲ្យ​បាន​វែងឆ្ងាយ​មុននឹង​លើកដៃ​បង្ក​ហិង្សា​សងសឹក​។ ទាំង​ជនល្មើស និង​ជនរងគ្រោះ​ត្រូវ​ប្រកាន់​ទង្វើ​អហិង្សា​។ អហិង្សា នាំមក​នូវ​សេចក្តីសុខ​៕


Tag:
 ច​រារ​ចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com