ជាតិ
មេធាវី នឹងមិនបន្តដាក់សំណើសុំឲ្យដោះលែងមន្ត្រីអាដហុក ទៀតនោះទេ
× ភ្នំពេញ៖ ក្រុមមេធាវី បានបញ្ឈប់ការដាក់សំណើទៅកាន់តុលាការ ដើម្បីសុំឲ្យដោះលែងមន្ត្រីអាដហុកទាំងបួនរូប ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ។ ការសម្រេចចិត្តបែបនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមមេធាវី បរាជ័យជាច្រើនលើកច្រើនសា ក្នុងការសុំឲ្យតុលាការ ដោះលែងមន្ត្រីអាដហុក កន្លងមក។
ក្រុមមេធាវី នឹងមិនបន្តដាក់សំណើសុំឲ្យតុលាការជាន់ទាប ឬតុលាការជាន់ខ្ពស់ ដោះលែងមន្ត្រីអាដហុកទាំងបួនរូប ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ នោះទេ។ នេះ ជាការអះអាងរបស់លោកស្រី គា សុផល មេធាវីមួយរូប ដែលការពារក្តីឲ្យមន្ត្រីអាដហុក។
លោកស្រី គា សុផល បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងដំណាក់កាលនេះ ក្រុមមេធាវី មានតែរង់ចាំការជំនុំជម្រះ ប៉ុណ្ណោះ។ លោកស្រីមេធាវី បាននិយាយដូច្នេះថា៖«យើង លែងដាក់សំណើអ្វីទៀតហើយ។ យើងរង់ចាំការជំនុំជម្រះតែម្តង»។
បើតាមលោកស្រី គា សុផល ដដែល កន្លងមកក្រុមមេធាវី ក៏បានដាក់សំណើទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដែរ ដើម្បីជំរុញឲ្យចេញដីកាដំណោះស្រាយ ឲ្យបានឆាប់រហ័ស ដោយបញ្ជាក់ថា ដោះលែងមន្ត្រីអាដហុក ឬក៏បញ្ជូនពួកគាត់ ទៅជំនុំជម្រះ។ លោកស្រី មិនចង់ឲ្យចៅក្រមស៊ើបសួរ បន្តឃុំកូនក្តីរបស់លោកស្រីបែបនេះ ឡើយ។
ប៉ុន្តែរហូតមកដល់ពេលនេះ លោកស្រី គា សុផល រួមទាំងមេធាវីផ្សេងទៀត នៅមិនទាន់ទទួលបានដំណឹងពីចៅក្រមស៊ើបសួរនោះទេ ពាក់ព័ន្ធនឹងដីកាដំណោះស្រាយនេះ។ លោកស្រី ប្រាប់ថា ដោយសារតែការស៊ើបសួរ មិនទាន់បញ្ចប់ ទើបចៅក្រមស៊ើបសួរ មិនព្រមចេញដីកាដំណោះស្រាយ។
ដោយឡែកលោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ ដែរនោះ នៅរង់ចាំសាលដីកានៃតុលាការកំពូល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ទាក់ទងនឹងសំណើសុំនៅក្រៅឃុំ។ លោក សំ សុគង់ ប្រាប់ថា លោក មិនទាន់បញ្ឈប់នោះទេ ប្រសិនបើតុលាការកំពូល ប្រកាសសាលដីកានៅថ្ងៃខាងមុខ ដោយបន្តឃុំលោក នី ចរិយា។
លោកមេធាវីរូបនេះ និយាយដូច្នេះថា៖«បើតុលាការកំពូល បដិសេធ ខ្ញុំនឹងប្តឹងម្តងទៀត គឺខ្ញុំប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញវិញម្តង ដើម្បីសុំឲ្យដោះលែងលោក នី ចរិយា។ ខ្ញុំ មិនទាន់ឈប់ទេ»។
ដោយកំពុងជាប់រវល់នឹងភារកិច្ចផ្ទាល់ខ្លួន លោក សំ សុគង់ មិនបានពន្យល់ពីនីតិវិធីនោះទេ ថាហេតុអ្វី បានជាលោក ចង់ត្រឡប់ទៅដាក់សំណើ នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យដោះលែងលោក នី ចរិយា បែបនេះ។
សូមបញ្ជាក់ថា ក្រុមមេធាវី បានខ្នះខ្នែងសម្បើមណាស់ ក្នុងការទាមទារឲ្យតុលាការ ដោះលែងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប។ មិនមែនតិចដងទេ ដែលក្រុមមេធាវីទាំងនោះ បានដាក់សំណើសុំឲ្យដោះលែងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ប៉ុន្តែតុលាការទាំងបីថ្នាក់ សុទ្ធតែច្រានចោលទាំងអស់។ មន្ត្រីអាដហុកទាំងបួន គឺលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រងពីបទ «សូកប៉ាន់សាក្សី»។ ចំណែកលោក នី ចរិយា រងពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ អ្នកទាំង៥រូប ត្រូវបានតុលាការបញ្ជូនទៅឃុំ កាលពីដើមខែឧសភា ឆ្នាំ២០១៦៕
Tag:
តុលាការ
អាដហុក
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com