ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា កំពុងរង់ចាំមើលគូប្រជែងរបស់ខ្លួន ដែលប្រកួតក្នុងព្រឹត្តិការណ៍វគ្គប្រចាំជម្រុះតំបន់អាស៊ី/អូសេអានី Group IV នៃពានរង្វាន់កីឡាវាយកូនបាល់ជ្រើសរើសជើងឯកពិភពលោក Davis Cup។ ការចាប់ឆ្នោតនឹងដំណើរនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈការប្រកួតនឹងប្រព្រឹត្តពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមេសា នៅទីក្រុង Isa Town ប្រទេសបារ៉ែន។
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិចំនួន១១ប្រទេស នឹងបង្ហាញវត្តមាននាការប្រកួតវគ្គជម្រុះពានរង្វាន់ Davis Cup សម្រាប់តំបន់អាស៊ី/អូសេអានី Group IV។ ការចាប់ឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២ ខែមេសា នឹងបែងចែកជា២ពូល។ បន្ទាប់យេម៉ែន បានដកខ្លួនចេញ ក្រុមដែលត្រូវប្រជែងក្នុង Group IV នេះ មានតែ១១ប្រទេសប៉ុណ្ណោះ គឺម្ចាស់ផ្ទះបារ៉ែន បង់ក្លាដែស អ៊ឺរ៉ាក់ កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី មីយ៉ាន់ម៉ា អូម៉ង់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី តាហ្ស៊ីគីស្ថាន និងកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា លោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធ និងជាប្រធានក្រុមជម្រើសជាតិកម្ពុជា មានជំនឿថា កីឡាករកម្ពុជានឹងស្តារមុខមាត់ឡើងវិញ បន្ទាប់ពីធ្លាក់ចេញពី Group III កាលពីឆ្នាំ២០១៦ ។
កាលពីឆ្នាំ២០១៦ កម្ពុជាបានប្រកួតនៅក្នុង Group III ដែលរៀបចំនៅក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ កម្ពុជាស្ថិតនៅក្នុងពូល B ដោយចាញ់លីបង់ ស៊ីរី និងកាតា ក្នុងលទ្ធផល ០-៣ ដូចគ្នា ហើយបានឈ្នះសិង្ហបុរី ២-១ ។ នៅវគ្គ Play-Offs កម្ពុជា បានចាញ់តួកមេនីស្ថាន ១-២ ហើយបានធ្លាក់មកលេង Group IV នៅឆ្នាំ២០១៧ នេះវិញ។ លោក រិទ្ធីវិត បានអះអាងថា បរាជ័យរបស់កម្ពុជា កាលពីឆ្នាំមុន ដោយសារតែកីឡាករឆ្នើម ប៊ុន កេន្នី ជួបបញ្ហារបួស។