ជាតិ
ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ធ្លាក់ខ្លួន​ឈឺ និង​ប្រកាស​លាលែង​ពី​តំណែង​
29, Mar 2017 , 11:53 am        
រូបភាព
​លោក បេ​អាត រិច​ឆ្នឺ​រ ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា កំពុង​ធ្លាក់ខ្លួន​ឈឺ និង​បានប្រកាសលាលែងពីតំណែងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បេ​អាត រិច​ឆ្នឺ​រ។ បើតាមសេចក្តីប្រកាសព័ត៌មាននោះ លោក ភី​ត​ធឺរ ស្ទូ​ដឺរ ដែលជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នឹង​ជំនួស​តំណែង ​លោក  បេអាត រិច​ឆ្នឺ​រ​។



​តាម​សេចក្តីប្រកាស​ព័ត៌មានចុះថ្ងៃទី២៨ ខែមីនា​នេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ ដែលជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​កំពុងមាន​ជំងឺ​ជា​ទម្ងន់​។ ហេតុ​ដូច្នេះហើយ លោក នឹង​លាលែង​ពី​តំណែង​ជា​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់ពី​ពេលនេះ​តទៅ​»​។​

​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ និង​សមា​ជិ​ក្រុមប្រឹក្សាភិបាល​ទាំងអស់ ក៏បាន​បញ្ជាក់ និង​ធានា​ដែរ​ថា មន្ទីរពេទ្យ​នេះ នឹង​បន្ត​ដំណើរការ​ទៅមុខ​ដោយ​ឯករាជ្យ​ដូច​ពីមុន ជាមួយនឹង​បុគ្គលិក​ទាំង​២,៥០០​នាក់ ពោល​គឺជា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​កុមារ និង​មាតា ដោយ​មិន​គិត​ប្រាក់ និង​គុណភាព​ខ្ពស់​។ ជាមួយគ្នា​នោះ ការអប់រំ និង​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត​ខ្មែរ នឹង​បន្ត​ធ្វើឡើង​ដោយ លោក វេជ្ជបណ្ឌិត ហ្វី​លី​ច សែន​ហូ​ស័​រ ដែលជា​ប្រធាន​មហាវិទ្យាល័យ​ពេទ្យ​កុមារ​នៅ​ហ្ស៊ូ​រិច និង​ក៏​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​មូល​និ​ធិ​គន្ធបុប្ផា​ដែរ​។

មូលនិធិ​គន្ធបុប្ផា និង​រដ្ឋាភិបាល​ស្វី​ស​តាមរយៈ​ភ្នាក់ងារ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​របស់​ស្វី​ស និង​សហការ​ជាមួយ​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បី​ធ្វើការ​លើ​ចីរភាព​ហិរញ្ញវត្ថុ​រយៈពេល​វែង​រប​ស់​មន្ទីរពេទ្យ​នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល ដែល​បន្តថា ដរាបណា​ការគាំទ្រ​ហិរញ្ញវត្ថុ​រយៈពេល​វែង​ត្រូវបាន​ធានា មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ពឹង​ផ្អែកលើ​ជំនួយ​សប្បុរសជន​យ៉ាងខ្លាំង។ ថវិកា​ទាំងអស់ គឺមាន​សារៈសំខាន់​សម្រាប់​ការជួយ​ជីវិត​មនុស្ស។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២៤​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ចំនួន​៥៦៣​លាន​ដុល្លារ​ហើយ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា​។ ក្នុងចំណោម​ថវិកា​ទាំងអស់ មាន​៨៦,៤​ភាគរយ ជា​វិភាគទាន​សប្បុរសជន​ដែល​ភាគច្រើន​មកពី​ប្រជាជន​រស់នៅក្នុង​ប្រទេស​ស្វី​ស  ចំនួន​៤,៧​ភាគរយ បានមកពី​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​៨,៩​ភាគរយ បានមកពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ស្វី​ស​។ 

​បើ​ផ្អែកលើ​របាយការណ៍​របស់​មន្ទីរពេទ្យ ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ មាន​កុមារ​ឈឺ​ចំនួន​១៤,៨៣៧,១៥៥ នាក់ ដែល​បានទទួល​ការពិនិត្យ ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​ដែលមាន​ជំងឺ និង​របួសធ្ងន់ៗ មាន​ចំនួន​១,៥១៦,៤៧១​នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​បានជា​សះស្បើយ​នៅ មន្ទីរពេទ្យ​គន្ធបុប្ផា​។ របាយការណ៍​ដដែល​នោះ បន្តថា​៨០​ភាគរយ​នៃ​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ទាំងនោះ នឹង​គ្មាន​សំណាងល្អ​ឡើយ​ប្រសិនបើ​មិនបាន​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ទេនោះ​។ សម្រាប់​ផ្នែក​សម្ភព​វិញ មាន​ស្ត្រី​ចំនួន​១៩២,៨៩៧​នាក់មក​សម្រាលកូន និង​មានការ​ពិនិត្យ តាមដាន​ផ្ទៃពោះ​ចំនួន ១,៣៩០,៣២៣​ដង នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​សម្ភព​ ​បច្ចុប្បន្ន មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​បាន​ចំណាយ​ថវិកា ចំនួន​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់ កុមារ​កម្ពុជា​៕


Tag:
 បេ​អាត រិច​ឆ្នឺ​រ​
 ​ គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com