ជាតិ
នយោបាយជាតិ
ប្រតិភូបក្សប្រឆាំង នឹងទៅបកស្រាយពីសមាជរបស់ខ្លួន ដល់ក្រសួងមហាផ្ទៃ នៅរសៀលនេះ
× ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃ នឹងមានជំនួបជាមួយគ្នា នៅម៉ោង២រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។ លោក អេង ឆៃអ៊ាង ជាអ្នកដឹកនាំប្រតិភូគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចពិភាក្សានេះ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងដឹកនាំមន្ត្រីជាន់ខ្ពស់ចំនួន ទៅពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃពុធនេះ។ នេះបើតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានប្រាប់សារព័ត៌មានថ្មីៗ។
លោក យឹម សុវណ្ណ មិនបាននិយាយនោះទេថា កិច្ចប្រជុំនេះ នឹងផ្តោតទៅលើបញ្ហាអ្វី។ ប៉ុន្តែ កិច្ចប្រជុំនេះ នឹងមិនជជែកពីអ្វីផ្សេង ក្រៅពីសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ នោះទេ។
ក្រសួងមហាផ្ទៃ បានប្រកាសថា សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ដែលរៀបចំឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដោយបានជ្រើសរើសឯកឧត្តម កឹម សុខា ឲ្យធ្វើជាប្រធាន និងអនុប្រធានបីនាក់ទៀត គឺខុសទៅនឹងលក្ខន្តិកៈរបស់គណបក្ស។ ក្រោយក្រសួងមហាផ្ទៃ ប្រកាសបែបនេះហើយ គណបក្សសង្គ្រោះជាតិ ក៏បានដាក់សំណើ ដើម្បីសុំបកស្រាយពីសមាជវិសាមញ្ញរបស់ខ្លួន។
ក្រៅពីបកស្រាយជុំវិញសមាជវិសាមញ្ញ តំណាងគណបក្សសង្គ្រោះជាតិ ក៏អាចលើកយកពាក្យស្លោក «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ» ទៅសួរដេញដោលជាមួយតំណាងក្រសួងមហាផ្ទៃ ផងដែរ ពីព្រោះក្រសួងមហាផ្ទៃ បានស្នើឲ្យគណបក្សសង្គ្រោះជាតិ បញ្ឈប់ការប្រើពាក្យស្លោកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com