កីឡាជាតិ
ជាតិ
គ្រូបង្វឹក៖ ខ្ញុំទទួលយកការប្រឈមក្នុងការដឹកនាំក្រុមដ៏អស្ចារ្យមួយនេះ ព្រោះយើងនឹងទៅមុខជាមួយគ្នា
× លោក Leonardo Vitorino តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ទទួលស្គាល់ បរាជ័យ ៧-០ របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយម្ចាស់ផ្ទះហ្ស៊កដានី កាលពីយប់ថ្ងៃអង្គារ គឺជារឿងដ៏ខកចិត្តមួយ ប៉ុន្តែគ្រូបង្វឹកប្រេស៊ីលរូបនេះ បានលើកឡើងថា វាជាដំណាក់កាលចាប់ផ្តើម ដោយក្រុមទាំងមូលត្រូវការកម្លាំងចិត្តពីអ្នកគាំទ្រទាំងអស់គ្នា និងមិនមានការបោះបង់ចោល។
«អនាគតនឹងនាំយើងទទួលបានលទ្ធផលល្អ»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino ខណៈលោកស្ថិតក្នុងដំណើរមកកាន់ប្រទេសកម្ពុជា ក្រោយក្រុមជម្រើសជាតិ ចាញ់ហ្ស៊កដានី ៧-០ នាការប្រកួតបើកឆាកពូល C នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ កាលពីយប់ថ្ងៃទី២៨ ខែមីនា នៅទីក្រុង Amman។
ជាមួយគ្នានេះផងដែរ គ្រូបង្វឹកដែលមានភាពជោគជ័យជាមួយក្លិបឡាវ Lanexang United បានថ្លែងការអរគុណដល់ថ្នាក់ដឹកនាំ ពោលគឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ញើសារជូនពរ និងលើកទឹកចិត្តក្រុមជម្រើសជាតិ។ គ្រូបង្វឹកវ័យ៤៤ឆ្នាំរូបនេះ ក៏បានស្នើទៅអ្នកគាំទ្រទាំងអស់ឲ្យបន្តគាំទ្រកីឡាករនៅលីកកំពូល ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិ។
«ខ្ញុំដឹងថា ការប្រយុទ្ធនៅក្នុងជីវិតនេះ មិនមែនសុទ្ធតែជោគជ័យទាំងនោះឡើយ។ ខ្ញុំនឹងតែងតែត្រៀមខ្លួនសម្រាប់ឈ្នះ ឬក៏ចាញ់ ប៉ុន្តែបរាជ័យសម្រាប់ខ្ញុំ នឹងមិនមានន័យថា ទីបញ្ចប់នោះឡើយ។ ហេតុផលមួយសម្រាប់ខ្ញុំ គឺរក្សាការប្រយុទ្ធ»។ នេះជាការតាំងចិត្តរបស់លោក Leonardo Vitorino៕
Tag:
បាល់ទាត់
AFC Asian Cup
Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com