ជាតិ
រដ្ឋាភិបាល សម្រេច​កែសម្រួល និង​កំណត់​ភារកិច្ច​លោក ប៊ិន ឈិន​
29, Mar 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​កែសម្រួល និង​កំណត់​ភារកិច្ច​លោក ប៊ិន ឈិន បន្ថែម​ពីលើ​តួនាទី​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​



​លិខិត​រដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន បានកំណត់​ឲ្យ​លោក ប៊ិន ឈិន ទទួលបន្ទុក​ប្រចាំការ​ដោះស្រាយ​ការងារ​ប្រចាំថ្ងៃ​ជំនួស​នាយករដ្ឋមន្ត្រី សម្របសម្រួល​កិច្ចការ​សម្រាប់​គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និង​បណ្តា​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជួយ​នាយករដ្ឋមន្ត្រី​ក្នុង​ការងារ​តាមដាន​សម្របសម្រួល​ដំណើរការ​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​។​

​លោក ប៊ិន ឈិន ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​ការងារ​របស់ «​ច្រកចេញ​-​ចូល​តែមួយ​» នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកលែងតែ​ការងារ​ដែលមាន​វេទយិតភាព​ខ្ពស់ ដែល​តម្រូវ​ឲ្យ​សុំ​ការណែនាំ ឬ ការសម្រេច​ពី​នាយករដ្ឋមន្ត្រី​។​

​ជាមួយគ្នានេះ​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ ក៏ត្រូវ​ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​សំណើ​ស្មុំ​កូន និង​ការ​លា​សញ្ជាតិ ដឹកនាំ​ផ្ទាល់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​ដឹកនាំ​ផ្ទាល់​ក្រុមប្រឹក្សា​អ្នកច្បាប់ និង​ការងារ​រៀបចំ​ចម្លើយ​តប​នឹង​សំណួរ​របស់​សមាជិករ​ដ្ឋ​សភា ស្របតាម​នីតិវិធី ដូច​មានចែង​ក្នុង​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ និង​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ​។​

​បើតាម​សម្ដេច ហ៊ុន សែន ដែល​បានប្រកាស​កាលពី​ថ្ងៃទី​២២ មីនា​កន្លងមក សាលា​រាជបណ្ឌិត្យសភាកម្ពុជា , អាកាសចរ​ស៊ីវិល ក៏ត្រូវ​ស្ថិតក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ​។​

​ចំណែក​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា ,​អាជ្ញាធរ​ជាតិ​ព្រះវិហារ​,​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា និង​គណៈកម្មការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក ត្រូវបាន​សម្ដេច ហ៊ុន សែន ប្រកាស​ដាក់​នៅក្រោម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ត្រូវ​គ្រប់គ្រង​ដោយ​លោកស្រី ភឿង ស​កុ​ណា​។ ចំណែក​គណៈកម្មការ​គ្រប់គ្រង​ផ្លូវដែក ត្រូវ​ប្រគល់ជូន​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជា​អ្នកគ្រប់គ្រង​។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ធ្វើជា​ប្រធាន​កាយឫទ្ធិ​ជាតិ​កម្ពុជា​។ ស្ថាប័ន​គណៈ​វិស្វកម្ម ត្រូវ​ប្រគល់ជូន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជី​រៈ​។ សាលា​ភូមិន្ទ​រដ្ឋបាល ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​មុខងារសាធារណៈ​។ សាលា​វិជ្ជាជីវៈ​តុលាការ គឺ​ត្រូវប្រគល់​ឲ្យ​ក្រសួងយុត្តិធម៌ ជា​អ្នកទទួលបន្ទុក​៕


Tag:
 ប៊ិន ឈិន​
  រដ្ឋាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com