ជាតិ
ជួប សម្លាប់ មិនទាន់សម្រេចចិត្តប្តឹងជំទាស់សាលាដំបូង ដែលឲ្យខ្លួនជាប់គុកមួយជីវិត
× ភ្នំពេញ៖ លោក ជួប សម្លាប់ មិនទាន់សម្រេចចិត្តនោះទេ ថានឹងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសខ្លួន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងរឿងឃាតកម្មលើលោក កែម ឡី។ បញ្ហានេះ កំពុងស្ថិតក្នុងការពិចារណារបស់លោក ជួប សម្លាប់ នៅឡើយ។
នៅព្រឹកថ្ងៃសុក្រនេះ លោកមេធាវី យុង ផានិត បានទៅពិភាក្សាជាមួយលោកអឿត អាង ហៅជួប សម្លាប់ នៅពន្ធនាគារព្រៃស ជុំវិញការដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍។ បើតាមលោកមេធាវីរូបនេះ លោក ជួប សម្លាប់ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិចារណាឲ្យបានច្បាស់លាស់ មុននឹងសម្រេចថា បន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍ ឬមិនប្តឹង។
លោក យុង ផានិត បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«គាត់ (ជួប សម្លាប់) ថាគាត់មិនទាន់បានគិតទេ ចំពោះរឿងនេះ។ គាត់សុំគិតមើលសិន មុននឹងគាត់សម្រេចថាយ៉ាងម៉េច»។
លោក យុង ផានិត បន្តថា លោក នឹងទៅជួបកូនក្តីម្តងទៀត ដើម្បីសួរពីការសម្រេចចិត្ត ទាក់ទងនឹងការប្តឹងទៅកាន់សាលាឧទ្ធរណ៍។ លោក សង្កត់ធ្ងន់ថា ក្នុងរយៈពេល១ខែ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលប្រកាសកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដោយកំណត់ឲ្យលោក ជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិត នឹងចូលជាស្ថាពរ។ ដូច្នេះ មុននឹងសាលក្រមចូលជាស្ថាពរ លោក និងកូនក្តី ត្រូវតែសម្រេចចិត្តរួមគ្នាថា ប្តឹងទៅកាន់សាលាឧទ្ធរណ៍ ឬមិនប្តឹង។
ក្នុងនាមជាមេធាវី លោក យុង ផានិត នឹងធ្វើតាមអ្វីដែលលោក ជួប សម្លាប់ សម្រេចចិត្ត។ លោក ប្រាប់ថា លោក នឹងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ប្រសិនបើលោក ជួប សម្លាប់ ស្នើឡើង។ ប៉ុន្តែ លោក ក៏មិនអាចប្តឹងទៅកាន់សាលាឧទ្ធរណ៍ដែរ ប្រសិនបើកូនក្តី មិនចង់។
សូមរម្លឹកថា ក្រោយឃាតកម្មលើលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោក ជួប សម្លាប់ ក៏ត្រូវបានចាប់ខ្លួន។ ក្នុងសំណុំរឿងឃាតកម្មដ៏សាហាវនេះ លោក ជួប សម្លាប់ បានរងបទចោទ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់»៕
© រក្សាសិទ្ធិដោយ thmeythmey.com