អន្តរជាតិ
បុរសអ៊ីតាលីម្នាក់ដាក់លក់ស្បែកជើងមាសតម្លៃ២៧០០០ដុល្លារអាមេរិក
× លោក Antonio Vietri អ្នកផលិត និងជាម្ចាស់ហាងលក់ស្បែកជើងជនជាតិអ៊ីតាលី បានដាក់ស្បែកជើងដែលស្រោបមាស២៤ការ៉ាត់ ក្នុងតម្លៃ២៧០០០ដុល្លារអាមេរិក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រកបអាជីវកម្មនៅក្រុង Turin ភាគខាងជើងអ៊ីតាលី លោក Antonio Vietri មានបំណងទាក់ទាញអតិថិជនដែលនៅក្នុងប្រទេសអ្នកមាន ជាពិសេសប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ឲ្យចាប់អារម្មណ៍ហាងលក់ស្បែកជើង និងស្នាដៃដែលគាត់ច្នៃប្រឌិតផ្ទាល់។
ជាការទាក់ទាញដំបូង លោក Vietri បានប្រកាសលក់ស្បែកជើងដែលស្រោបមាសរហូតដល់ទៅ២៤ការ៉ាត់ក្នុងតម្លៃ២៧០០០ដុល្លារអាមេរិក។ លោកបានអះអាងប្រាប់ AFP ថា៖ «នេះជាស្បែកជើងមាស២៤ការ៉ាត់លើកដំបូងនៅលើពិភពលោក ហើយវាក៏មិនមែនជាការងាយស្រួលក្នុងច្នៃបែបនេះដែរ»។
លោក Vietri គឺជាអ្នកជំនួញម្នាក់ក្នុងចំណោមអ្នកជំនួញដែលពង្រីកទីផ្សារផលិតផល «Made in Italy» ទៅកាន់ពិភពលោក។ លោកមានបំណងក្នុងការពង្រីកការរកស៊ីជាមួយវិនិយោគិនមកពីអាណាចក្រប្រេងដូចជា អារ៉ាប់រួមអេមីរ៉េត អារ៉ាប៊ីសាអូឌីត និងកាតា ជាដើម។
ការផលិតស្បែកជើងមាសសម្រាប់បុរសបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៦ បន្ទាប់ពីលោក Vietri បានសិក្សា និងពិចារណាអស់រយៈពេល៨ខែ។ ជំហានបន្ទាប់ លោកនឹងផលិតស្បែកជើងមាសសម្រាប់នារី។
ស្បែកជើងមាសដំបូងនេះ មានតម្លៃ២៧០០០ដុល្លារអាមេរិក ដោយរាប់បញ្ចូលទាំងថ្លៃដឹកជញ្ជូនតាមយន្តហោះ។ ស្បែកជើងនារី នឹងមានតម្លៃប្រមាណ៣៧០០០ដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com