អន្តរជាតិ
ត្រាំ បំផ្លាញ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​របស់​អូ​បា​ម៉ា
29, Mar 2017 , 10:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ដើម្បី​លុបចោល​គោលនយោបាយ​ថ្នាក់ជាតិ​សំដៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការបន្ថយ​ការប្រើប្រាស់​ថាមពល​ធ្យូងថ្ម​ដែល​ដាក់ចេញ​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ លោក​ប្រកាសថា «​សង្គ្រាម​ប្រឆាំង​ធ្យូងថ្ម​ចប់​ហើយ​» ហើយ​បទបញ្ញត្តិ​ដែល​បំផ្លាញ​ការងារ​ប្រជាជន​អាមេរិក​ក៏​លែងមាន​ទៀត​ដែរ​។​



​ដូច​ការសន្យា​ក្នុងពេល​ឃោសនា លោក ដូ​ណា​ល់ ត្រាំ បានចេញ​ក្រឹត្យ​មួយ​ដើម្បី​រំលាយចោល​វិធាន​ការជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​ដែលជា​មរតក​របស់រ​ដ្ឋ​បាល​មុន​។ ដូ​ណា​ល់ ត្រាំ ប្រកាសប្រាប់​គេឯង​ថា ចំណាត់ការ​របស់លោក​នឹង​បង្កើត​សករាជ​ថ្មី​សម្រាប់​វិស័យ​ថា​ម​ពើ​អាមេរិក​និង​លើកស្ទួយ​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន​អាមេរិក​។​

​យោងតាម​សារព័ត៌មាន New York Times លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ច្បាស់​ថា អាមេរិក​គ្មាន​ឡើយ​ការប្តេជ្ញាចិត្ត​ក្នុងការ​បំពេញ​តាម​គោលនយោបាយ​ថ្នាក់ជាតិ​ដែល​រដ្ឋបាល លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បានរៀបចំ​ឡើង​ដូចជា​ការកាត់បន្ថយ​ការបញ្ចេញ​ថាមពល​កាបូនឌីអុកស៊ីត​និង​បិទ​រោងចក្រ​ធ្យូងថ្ម​ជាដើម​ឡើយ​។

​ក្នុងពេល​ចុះហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​អង្គភាព​ការពារ​បរិស្ថាន (EPA) ចាប់ផ្តើម​នីតិវិធី​ដើម្បី​ដក​និង​រៀបចំ​ឡើងវិញ​រាល់​បទបញ្ញត្តិ​ស្តីពី «​ផែនការ​ថាមពល​ស្អាត​»​ដែល​បង្កើតឡើង​ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។  ផែនការ​នេះ​មាន​គោលដៅ​បិទ​ចោល​រោងចក្រ​ថាមពល​ធ្យូងថ្ម​ជាច្រើន​កន្លែង​និង​ជំនួស​មកវិញ​ដោយ​ការបង្កើត​កសិដ្ឋាន​ដែល​ផលិត​ថាមពល​ស្អា​តករ​កើតឡើង​វិញ​មាន​កង្ហារ​ខ្យល់​និង​បន្ទះ​សូ​ឡា​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ប្រធានាធិបតី​ដែល​ចាត់ទុក​ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​បោកប្រាស​នេះ បានប្រកាស​ពេញមាត់​ថា «​សង្គ្រាម​ប្រឆាំង​ធ្យូងថ្ម​» ដល់ទី​បញ្ចប់​ចប់ ហើយ​បទ​ប​ញ្ញ​តិ្ត​ដែល​បំផ្លាញ​ការងារ​ប្រជាជន​អាមេរិក​ក៏​លែងមាន​ទៀត​ដែរ​។ «​ប្រជាជន​ទាំងអស់គ្នា អ្នក​ដឹងថា នេះ​ជា​អ្វី​ឬ​អត់​? ហើយ​អ្នកដឹង​ទេ​ថា វា​និយាយ​ពីអ្វី​ទេ​? អ្នក​ទាំងអស់គ្នា​នឹង​ត្រឡប់​ទៅធ្វើ​ការងារ​ក្នុង​ឧស្សាហកម្ម​ធ្យូងថ្ម​វិញ​»​។ នេះ​ជាស​ម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ។​

​បទបញ្ជា​របស់​ត្រំា ដែល​បញ្ចប់​ការប្រឹងប្រែង​របស់​អាមេរិក​ដែលជា​មហាអំណាច​បំពុល​ពិភពលោក​ជាងគេ​លេខ​រៀង​ទី​២ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ បានធ្វើ​ឲ្យ​បណ្តា​អ្នកការទូត​ទូទាំង​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​។ មកដល់​ឥឡូវ គេ​នៅ​មិនទាន់​ដឹងថា អាមេរិក​នឹង​ដកខ្លួន​ចេញ​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ប៉ារីស​ទៀត​ឬ​យ៉ាងណា​ឡើយ ព្រោះ​ដូ​ណា​ល់ ត្រាំ មិនទាន់​សម្រេច​ចិត្តជា​ផ្លូវការ​រឿង​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស នៅឡើយ​ទេ​។

​តាមពិតទៅ​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ដែល​គេ​សម្រេចបាន​នៅ​ឆ្នាំ​២០១៥​នេះ មាន​គោលដៅ​ចម្បង​រក្សា​ការពារ​ពិភពលោក​ពី​ការ​កើន​កម្តៅ​ច្រើនជាង ៣,៦ អង្សា ដែល​តាម​ការវាយតម្លៃ​របស់​អ្នកវិទ្យាសាស្ត្រ កម្រិត​នេះ​នឹង​បង្កើត​បញ្ហា​ធ្ងន់ធ្ងរ​ជាពិសេស​គ្រោះរាំងស្ងួត ទឹកជំនន់ ការកើនឡើង​នៃ​កម្រិត​នីវ៉ូទឹក​សមុទ្រ និង​គ្រោះ​ទុរភិក្ស​កង្វះ​ស្បៀង​ជាដើម​នាពេល​អនាគត​។​

​ដូច្នេះហើយ​ដើម្បី​រួមចំណែក​ពន្យឺតការ​កើនឡើង​កម្តៅ​នៃ​ផែនដី​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្តេជ្ញាចិត្ត​កាត់បន្ថយ​កម្រិត​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូ​ឌីអុកស៊ីត​ចន្លោះ​ប្រហែល ២៦ ភាគរយ​ពី ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២៥​។ ដើម្បី​សម្រេចបាន​តាម​ការកំណត់ អាមេរិក​ត្រូវ​អនុវត្តតាម «​ផែនការ​ថាមពល​ស្អាត​»​នេះឯង​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com