ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងមហាផ្ទៃ​ថា មន្ត្រី HRW ប៉ុនប៉ង​យាយី​ស្ថិរភាព​នយោបាយ​កម្ពុជា
29, Mar 2017 , 8:43 pm        
រូបភាព
ភ្នំពេញ៖ ​ក្រសួងមហាផ្ទៃ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​តប​នឹង​ការអត្ថាធិប្បាយ​របស់​នា​យក​រង​ទ​ទួ​ក​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch)​។ លោក Phil Robertson បាន​ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រសួងមហាផ្ទៃ​កំពុង​យាយី​គណបក្ស​សង្គ្រោះ​ជាតិ​។​



​ក្រសួងមហាផ្ទៃ​បានចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​យប់​ថ្ងៃទី​២៩​មីនា ដើម្បី​បង្ហាញ​ប្រតិកម្ម​របស់ខ្លួន​ប្រឆាំង​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch)​។ នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ Phil Robertson បាន​ថ្លែង​តាម​វិទ្យុ​អាស៊ីសេរី​នៅក្នុង​កម្មវិធី​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៩​មីនា​ដោយ​ស្តីបន្ទោស​ក្រសួងមហាផ្ទៃ​ថា បាន​យាយី​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​បញ្ហា​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​។​

​សម្រាប់​ក្រសួងមហាផ្ទៃ ដែលជា​អ្នកអនុម័ត​យល់ព្រម​ផ្តល់​សុពលភាព​អង្គការ​សមាគម និង​គណបក្សនយោបាយ​ដែរនោះ លោក Phil Robertson មានបំណង​មួលបង្កាច់ និង​បង្ក​អរិភាព​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ ក្រសួងមហាផ្ទៃ​បាន​សរសេរ​ប្រតិកម្ម​ដោយ​ប្រើ​ពាក្យពេចន៍​ធ្ងន់ៗ​រិះគន់​មន្ត្រី​អង្គការ HRW យ៉ាង​ដូច្នេះ​៖«​ក្រសួង​មហា​ផ្ទៃ​ចាត់ទុក​ការលើកឡើង​ដ៏​ឆ្គួ​ត​លីលា​នេះ មិន​ត្រឹមតែ​ជាការ​បំផ្លើស មួលបង្កាច់ ជ្រៀតជ្រែក​ចូលក្នុង​ក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ តែ​ការលើកឡើង​នេះ គឺជា​ការប្រមាថ មាក់ងាយ​យ៉ាងធ្ងន់ធ្ងរ​មកលើ​កម្ពុជា​»​។ ក្រសួងមហាផ្ទៃ​បន្ទ​ទៀតថា​៖«[…] ហើយ​មាន​ចេតនា​ញុះញង់ ប៉ុនប៉ង​យាយី​ដល់​សន្តិភាព ស្ថិរភាព​នយោបាយ និង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​នៅ​កម្ពុជា​»​។

​ទន្ទឹមនឹងប្រតិកម្ម​តបត​នឹង​មន្ត្រីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក្រសួងមហាផ្ទៃបាន​បញ្ជាក់ថា​ ខ្លួន​កំពុង​អនុវត្ត​ពេញលេញ​នូវតួនាទី ភារកិច្ច​របស់ខ្លួន​ ស្រប​តាម​​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ផងដែរ ដើម្បី​ធ្វើ​យ៉ា​ងណា ឲ្យ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី​៤នេះ ដោយមានទាំង​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួតប្រជែងផងដែរនោះ បានប្រព្រឹត្តិទៅ​ដោយ​សេរី យុត្តិធម៌ និងមាន​សុវត្ថិភាព​ល្អ៕


Tag:
 មហាផ្ទៃ​
  សិទ្ធិមនុស្ស​
  HRW
© រក្សាសិទ្ធិដោយ thmeythmey.com