ពីនេះ ពីនោះ
អក្សរ «​ន៍ ឬ ណ៍​» ដែល​នៅ​ខាងចុង​ពាក្យ បង្កប់ន័យ​ថា «​ការ ឬ សេចក្តី​»
25, Nov 2019 , 7:39 am        
រូបភាព
​យើង តែង​ឃើញ​ពាក្យ​មួយចំនួន ដែលមាន​អក្សរ «​ន៍ ឬ ណ៍​» នៅ​ខាងចុង​។ អក្សរ «​ន៍ ឬ ណ៍​» អាច​ប្រែ​ថា «​ការ ឬ សេចក្តី​»។



​ពាក្យ​ទាំងនោះ មានដូចជា ប្រណិប័តន៍ ប្រែ​ថា​ការ​ឱន​សំពះ និង អភិវឌ្ឍន៍ ប្រែ​ថា​សេចក្តីចម្រើន​ក្រៃលែង ជាដើម​។ ក្រៅពីនេះ នៅមាន​ពាក្យ​ជាច្រើន​ទៀត ដែល​បញ្ចប់​ដោយ​អក្សរ «​ន៍ ឬ ណ៍​» ខាងចុង ដូចជា អធិករណ៍​, ព្យាករណ៍​, វេយ្យាករណ៍​, ឧបករណ៍​, គមនាគមន៍​, សហគមន៍​, ទូរទស្សន៍ ។​ល​។​

​គប្បី​ចងចាំ​ថា ពាក្យ​ទាំងឡាយណា ដែលមាន​អក្សរ «​រ​» ខាងចុង ត្រូវដាក់ «​ណ៍​» ដូចជា អធិករណ៍ និង ព្យាករណ៍ ជាដើម​។ ចំណែកឯ ពាក្យ​ទាំងឡាយណា ដែល​បញ្ចប់​ដោយ​អក្សរ​ផ្សេង ក្រៅពី​អក្សរ «​រ​»  ត្រូវដាក់ «​ន៍​» ដូចជា ប្រសាសន៍​, បដិវត្តន៍​, អនុវត្តន៍​, សម្ភាសន៍​, ពិសោធន៍​, ស្វាគមន៍​, វិវឌ្ឍន៍​, ពាក្យពេចន៍ ។​ល​។​

​ម្យ៉ាងទៀត ពាក្យ​ទាំងអស់ ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង គឺ​តែងតែ​ជា «​នាមសព្ទ​» ជា​ដរាប ដោយ​មិន​អាចជា «​កិរិយាសព្ទ​» ឡើយ​។

ការបកស្រាយខាងលើ គឺយោងទៅតាមវចនានុក្រម​ សម្តេច ជួន ណាត និង​សៀវភៅ វេយ្យាករណ៍​បាលី ដែល​រៀបរៀង​ដោយ បណ្ឌិត មហា ឈឹម ស៊ុម​៕




© រក្សាសិទ្ធិដោយ thmeythmey.com