ជាតិ
សុវត្តិភាព ចរាចរណ៍
នគរបាល​នឹង​ថត​ស្លាក​លេខ​យានយន្ត​ល្មើស​ចរាចរណ៍​តាមផ្លូវ ហើយ​ទៅ​ពិន័យ​ដល់ផ្ទះ​
30, Mar 2017 , 3:26 pm         10894
រូបភាព
​ភ្នំពេញ​៖ អគ្គ​ស្នងការរង​នគរបាលជាតិ​លោក ហ៊ឹម យ៉ាន បាន​ថ្លែងថា នគរបាល​នឹង​ថត​ស្លាក​លេខ​យានយន្ត​ទាំងឡាយណា​ដែល​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ និង​ពិន័យ​ដល់ផ្ទះ​តែម្តង​។​


​លោក ហ៊ឹម យ៉ាន បាន​បង្ហើប​ឲ្យ​ដឹង​ដា នគរបាល​ចរាចរណ៍​មិន​ចេញ​វិក្កយបត្រ​ពិន័យ​តាម​ដងផ្លូវ​ទៀត​ទេ​។ លោក​បាន​និយាយ​ពី​របៀប​ពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ថ្មី គឺ​តម្រូវ​ឲ្យ​អ្នកបើកបរ មក​បង់ប្រាក់​ពិន័យ​តាម​អធិការដ្ឋាន​នគរបាល និង​ស្នងការ​នគរបាល​រាជធានី​ខេត្ត​តាម​ការកំណត់ នាពេលខាងមុខ​។

​ឧ​ត្ត​ម​សេនីយ៍​ឯករូប​នេះ បាន​ពន្យល់ថា សមត្ថកិច្ច​ចរាចរណ៍​នឹង​ថត​ស្លាក​លេខ​យានយន្ត​ល្មើ​សរួច គេ​ផ្ញើ​វិក្កយបត្រ​ពិន័យ​ទៅដល់​អាស័យដ្ឋាន​ម្ចាស់​ស្លាក​លេខ​យានយន្ត​នោះ​តែម្តង ដើម្បី​ឲ្យ​ពួកគេ​បង់ប្រាក់ ពិន័យ​នឹង​ការបើកបរ​ល្មើសច្បាប់​។ ត្រង់ចំណុច​នេះ លោក​បាន​ក្រើនរម្លឹក​ម្ចាស់​យានយន្ត​ដែល​មិនទាន់​កាត់ឈ្មោះ ឬ​ផ្ទេរកម្មសិទ្ធិ​ប្រើប្រាស់​យានយន្ត ត្រូវ​ផ្ទេរ​ឈ្មោះ​ថ្មី នៅពេល​ពួកគេ​ទៅ​បង់ប្រាក់​ពិន័យ​។​

«​ពួកគេ​ត្រូវយក​លិខិត​ទិញ​-​លក់ នៅពេល​មក​ទទួល​ការផាកពិន័យ ហើយ​យើង​តម្រូវ​ឲ្យ​ពួកគេ​កាត់ឈ្មោះ​ម្ចាស់​យានយន្ត​នៅ​ទីនោះ​តែម្តង​។ ប្រសិនបើ​គេ​មិន​កាត់ឈ្មោះ​ទេ គេ​នឹងរង​ការផាកពិន័យ ឬ​ត្រូវ​បញ្ជូនទៅ​តុលាការ នៅពេល​មានច្បាប់​អន្តរក្រសួង​ខាងមុខ​»​។ លោក ហ៊ឹម យ៉ាន ប្រាប់​មន្ត្រីនគរបាល​ច​រាច​រណ៍ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ស្ដីពី បច្ចេកទេស​ត្រួតពិនិត្យ​រឹតបន្តឹង​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ការបើកបរ​ល្មើស​ល្បឿន​កំណត់ និង​ប្រព័ន្ធ​កត់ត្រា​បទល្មើស​ចរាចរ​ណ៍ កាលពី​ថ្ងៃទី​២៩ ខែមីនា​នេះ ក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD)​។​

​តាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​បាន​ឆ្លៀត​ណែនាំ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ទូទាំងប្រទេស ត្រូវ​ប្រកាន់​ក្រម​សីល​ធ៌​ម​ពេល​អនុវត្ត​ច្បាប់​។ លោក​បាន​បញ្ជាក់ថា មន្ត្រីនគរបាល​ណា​ដែល​ប្រព្រឹត្ត​ខុស នឹង​ទទួល​វិន័យ​កងកម្លាំង ឬ​តាមច្បាប់​តុលាការ​៕

Tag:
 ហ៊ឹម យ៉ាន​
  អគ្គស្នងការ​
  នគរបាល​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1718next