ជាតិ
សុវត្តិភាព ចរាចរណ៍
នគរបាលនឹងថតស្លាកលេខយានយន្តល្មើសចរាចរណ៍តាមផ្លូវ ហើយទៅពិន័យដល់ផ្ទះ
× ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិលោក ហ៊ឹម យ៉ាន បានថ្លែងថា នគរបាលនឹងថតស្លាកលេខយានយន្តទាំងឡាយណាដែលបើកបរល្មើសច្បាប់ចរាចរណ៍តាមដងផ្លូវ និងពិន័យដល់ផ្ទះតែម្តង។
លោក ហ៊ឹម យ៉ាន បានបង្ហើបឲ្យដឹងដា នគរបាលចរាចរណ៍មិនចេញវិក្កយបត្រពិន័យតាមដងផ្លូវទៀតទេ។ លោកបាននិយាយពីរបៀបពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ថ្មី គឺតម្រូវឲ្យអ្នកបើកបរ មកបង់ប្រាក់ពិន័យតាមអធិការដ្ឋាននគរបាល និងស្នងការនគរបាលរាជធានីខេត្តតាមការកំណត់ នាពេលខាងមុខ។
ឧត្តមសេនីយ៍ឯករូបនេះ បានពន្យល់ថា សមត្ថកិច្ចចរាចរណ៍នឹងថតស្លាកលេខយានយន្តល្មើសរួច គេផ្ញើវិក្កយបត្រពិន័យទៅដល់អាស័យដ្ឋានម្ចាស់ស្លាកលេខយានយន្តនោះតែម្តង ដើម្បីឲ្យពួកគេបង់ប្រាក់ ពិន័យនឹងការបើកបរល្មើសច្បាប់។ ត្រង់ចំណុចនេះ លោកបានក្រើនរម្លឹកម្ចាស់យានយន្តដែលមិនទាន់កាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិប្រើប្រាស់យានយន្ត ត្រូវផ្ទេរឈ្មោះថ្មី នៅពេលពួកគេទៅបង់ប្រាក់ពិន័យ។
«ពួកគេត្រូវយកលិខិតទិញ-លក់ នៅពេលមកទទួលការផាកពិន័យ ហើយយើងតម្រូវឲ្យពួកគេកាត់ឈ្មោះម្ចាស់យានយន្តនៅទីនោះតែម្តង។ ប្រសិនបើគេមិនកាត់ឈ្មោះទេ គេនឹងរងការផាកពិន័យ ឬត្រូវបញ្ជូនទៅតុលាការ នៅពេលមានច្បាប់អន្តរក្រសួងខាងមុខ»។ លោក ហ៊ឹម យ៉ាន ប្រាប់មន្ត្រីនគរបាលចរាចរណ៍ ក្នុងពិធីបើកវគ្គបំប៉នស្ដីពី បច្ចេកទេសត្រួតពិនិត្យរឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ កាលពីថ្ងៃទី២៩ ខែមីនានេះ ក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការឧបត្ថម្ភពីអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង(IARD)។
តាមអគ្គស្នងការដ្ឋាននគរបាលជាតិ លោកបានឆ្លៀតណែនាំមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវប្រកាន់ក្រមសីលធ៌មពេលអនុវត្តច្បាប់។ លោកបានបញ្ជាក់ថា មន្ត្រីនគរបាលណាដែលប្រព្រឹត្តខុស នឹងទទួលវិន័យកងកម្លាំង ឬតាមច្បាប់តុលាការ៕
Tag:
ហ៊ឹម យ៉ាន
អគ្គស្នងការ
នគរបាល
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com