ជាតិ
ជិតបោះឆ្នោត មេបក្សប្រឆាំង ផ្ញើសារនយោបាយបែបទន់ភ្លន់ ជាញឹកញាប់
× ភ្នំពេញ៖ ជាថ្មីម្តងទៀត មេបក្សប្រឆាំង បានហាមមិនឲ្យមន្ត្រីរបស់ខ្លួន រួមទាំងអ្នកគាំទ្រ ជេរប្រទេច ឬ ប្រើវោហារសាស្ត្រ ដើម្បីវាយប្រហារ គណបក្សដទៃ។ មេបក្សប្រឆាំង នៅតែយល់ថា ការយកចិត្តទុកដាក់ពីផ្ទៃក្នុងរបស់ខ្លួនឯង ក្នុងរដូវការបោះឆ្នោត គឺប្រសើរជាងការចំណាយពេលវេលា ទៅខ្វល់ខ្វាយពីគណបក្សផ្សេងទៀត។
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនចង់ឲ្យមន្ត្រីរបស់ខ្លួន រួមទាំងអ្នកគាំទ្រ និយាយ ឬ ធ្វើសកមុ្មភាពណាមួយ ដែលបង្កការឈឺចាប់ដល់អ្នកទៃនោះទេ ខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ កាន់តែខិតជិតមកដល់។ ឯកឧត្តម កឹម សុខា មិនត្រឹមតែបញ្ជូនសារខាងលើ ទៅក្នុងរង្វង់គណបក្សសង្គ្រោះជាតិ ប៉ុណោះទេ តែក៏ចង់ឲ្យអ្នកនយោបាយ ឬអ្នកគាំទ្រនៃគណបក្សផ្សេងទៀត ប្រកាន់ខ្ជាប់នូវឥរិយាបទបែបនេះដែរ។
ឯកឧត្តម កឹម សុខា លើកឡើងដូច្នេះ នៅចំពោះមុខមន្ត្រីគណបក្សសង្គ្រោះជាតិ រួមទាំងប្រជាពលរដ្ឋប្រមាណជា២០០នាក់ ដែលបានចូលរួមក្នុងពិធីបុណ្យឧទ្ទិសកុសលដល់បាតុករ១៦នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងព្រឹត្តិការណ៍នៃការគប់គ្រាប់បែកដៃចំនួន៤គ្រាប់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ មេបក្សប្រឆាំងរូបនេះ បានសង្កត់ធ្ងន់ៗថា៖«ទោះបីមានទស្សនៈផ្សេងគ្នា ក្នុងការប្រកួតប្រជែង ដើម្បីដណ្តើមសំឡេងឆ្នោត ក៏ដោយ ក៏យើងត្រូវតែជៀសឲ្យបាននូវអំពើហិង្សា កាជេរប្រមាថ ការមួលបង្កាច់ ការគំរាមកំហែង។ ទាំងអស់នេះ ទោះបីអ្នកណាចាញ់ អ្នកណាឈ្នះ ក៏ដោយ ប្រហែជាអត់មានការឈឺចាប់ទេ។ តែបើនៅតែមានអំពើអយុត្តិធម៌ ចាញ់ឈ្នះហើយ វានៅតែមានការឈឺចាប់អ៊ីចឹង»។
និយាយដល់រឿងយុត្តិធម៌ មេបក្សប្រឆាំងខាងលើ ក៏បានរម្លឹកដល់ព្រឹត្តិការណ៍នៃការគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យបាតុករ១៦នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត រងរបួស។ ឯកឧត្តម កឹម សុខា យល់ថា ដើម្បីបញ្ចប់ការឈឺចាប់ លុះត្រាជនរងគ្រោះ និងក្រុមគ្រួសានៃរជនរងគ្រោះ ក្នុងព្រឹត្តិការណ៍នៃការគប់គ្រាប់បែក ទទួលបានយុត្តិធម៌។ សម្រាប់ឯកឧត្តម កឹម សុខា រយៈពេល២០ឆ្នាំមកនេះ គឺល្មមសមគួរហើយ ដែលសមត្ថកិច្ច និងតុលាការ ត្រូវរកកយុត្តិធម៌ ជួនជនរងគ្រោះទាំងនោះ។
គេសង្កេតឃើញថា ឯកឧត្តម កឹម សុខា បានព្យាយាមបញ្ចេញសារនយោបាយ បែបនេះ ជារឿយៗ។ នៅក្នុងបេសកកម្មចុះទៅតាមបណ្តារាជធានី-ខេត្តនានា មួយរយៈកាលមកនេះ ឯកឧត្តម កឹម សុខា តែងផ្ញើសារនយោបាយខាងលើ ទៅកាន់សកម្មជន បេក្ខជនឃុំ-សង្កាត់ និងមន្ត្រីនៅតាមមូលដ្ឋាន៕
© រក្សាសិទ្ធិដោយ thmeythmey.com