ជាតិ
នយោបាយជាតិ
គណៈកម្មាធិការនាយកសង្គ្រោះជាតិ នឹងសម្រេចរើសអនុប្រធានបក្សសាថ្មី (ខាងឆ្វេងទៅ) ឯកឧត្តម កឹម សុខា, លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ដែលស្ថិតនៅក្នុងអង្គសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
× ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ នឹងកោះប្រជុំគណៈកម្មាធិការនាយកគណបក្សជាថ្មីម្តងទៀត ដើម្បីជ្រើសរើសអនុប្រធានគណបក្សឡើងវិញ ឲ្យស្របទៅតាមលក្ខន្តិកៈថ្មីរបស់គណបក្ស។
លោក អេង ឆៃអ៊ាង បច្ចុប្បន្នជាអនុប្រធានគណបក្ស បានប្រាប់សារព័ត៌មានថ្មីៗថា តំណែងអនុប្រធានគណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្ន មានរូបលោក និងលោក ប៉ុល ហំម ព្រមទាំងអ្នកស្រី មូរ សុខហួរ ជាអ្នកទទួលនោះ នឹងត្រូវសម្រេចជាថ្មីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្ស។ បើតាមលោក ឆៃអ៊ាង ការកោះប្រជុំគណៈកម្មាធិការនាយកបក្ស នឹងត្រូវធ្វើឡើង នៅពេលដែលក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការនូវលក្ខន្តិកៈ ដែលធ្វើវិសោធនកម្មដោយអង្គសមាជវិសាមញ្ញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៧។ «យើងនៅរង់ចាំក្រសួងមហាផ្ទៃទទួលស្គាល់ប្រការ ៤៥ និងមាត្រា ៤៧ ថ្មី នៃលក្ខន្តិកៈគណបក្សយើងជាផ្លូវការសិន»។
ការសម្រេចរើសអនុប្រធាន ៣ រូប សាថ្មី ត្រូវលោកអេង ឆៃអ៊ាង ពន្យល់ថា ធ្វើឡើងដោយសំឡេងភាគច្រើនដាច់ខាត ឬ ៥០ ភាគរយ បូក ១ នៃសមាជិកគណៈកម្មាធិការនាយកគណបក្ស។ លោក លើកឡើងយ៉ាងនេះថា៖ «យើងធ្វើនេះ ដើម្បីសម្រួលឲ្យស្របទៅតាមលក្ខន្តិកៈថ្មី»។ ថ្វីដ្បិតតែ គណបក្សគ្រោងធ្វើបែបនេះ តែលោក អេង ឆៃអ៊ាង ហាក់មិនទទួលស្គាល់ថា គណបក្សលោកធ្វើកន្លងមកផ្ទុយពីលក្ខន្តិកៈដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះឡើយ។ «ព្រោះយើងដឹងហើយ អំណាចនៅលើក្រសួងមហាផ្ទៃ ទទួលស្គាល់ ឬមិនទទួលស្គាល់ ត្រូវ ឬមិនត្រូវ ស្រេចតែគេថា»។ មន្ត្រីជាន់ខ្ពស់គណបក្សបញ្ជាក់ដូច្នេះហើយ ក៏ឆ្លៀតបន្ថែមជុំវិញករណីឯកឧត្តម កឹម សុខា ធ្វើជាប្រធានបក្ស គឺគ្មានការកែប្រែ ឬការសម្រេចជាថ្មីនោះទេ ពោលគឺឯកឧត្តម កឹម សុខា ឡើងជាប្រធាបក្សស្វ័យប្រវត្តិស្របតាមលក្ខន្តិកៈគណបក្ស។
សារព័ត៌មានថ្មីៗ នឹងលម្អិតព័ត៌មានបន្ថែមជុំវិញប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិ និងអ្នកច្បាប់មួយចំនួន តបនឹងការលើកឡើងរបស់តំណាងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៣០ ខែមីនា នៅពេលក្រោយ។ ក្រសួងដែលលើកឡើងថា ការធ្វើសមាជរើសប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បំពានទៅលើលក្ខន្តិកៈគណបក្សខ្លួនឯង៕
Tag:
CNRP
មហាផ្ទៃ
អេង ឆៃអ៊ាង
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com