ជាតិ
ឯកឧត្តម កឹម សុខា នឹង​ទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​រយៈពេល​កន្លះ​ខែ​
31, Mar 2017 , 10:19 pm        
រូបភាព
ឯកឧត្តម កឹម សុខា ជួបជាមួយសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពុងឆ្នាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ រូបភាពពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
ឯកឧត្តម កឹម សុខា ជួបជាមួយសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពុងឆ្នាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ រូបភាពពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
​ភ្នំពេញ​៖ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស រយៈពេល​ពីរ​សប្តាហ៍​។ នេះ​ជាការ​អះអាង​របស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជាម​នុស្ស​ដែល​ស្និទ្ធ​នឹង​ឯកឧត្តម កឹម សុខា​។



​លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រទេស​ដែល​ឯកឧត្តម កឹម សុខា នឹង​ទៅ​បំពេញបេសកកម្ម មានដូចជា អូ​ស្រា្ត​លី នូ​វែ​ល​សេ​ឡង់ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាដើម​។ លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា បេសកកម្ម​របស់​ឯក​ឧ​ត្ត​ម កឹម សុខា គឺ​ដើម្បី​ជម្រាប​ពី​អំពើ​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ទៅដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅឯ​ក្រៅប្រទេស​។

​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ មិន​ហ៊ាន​អះអាង​ឲ្យ​ច្បាស់​ទេ​ថា ឯកឧត្តម កឹម សុខា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅពេលណា ដោយ​លោក​គ្រាន់តែ​ប្រាប់ថា ទំនងជា​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ​។ លោក និយាយ​ដូច្នេះ​ថា​៖«​គាត់ [​ឯកឧត្តម កឹម សុខា​] មាន​គម្រោង​ទៅ​ក្រៅប្រទេស តែ​ខ្ញុំ​ដឹង​មិន​ច្បាស់​ទេ​ថា គាត់​នឹង​ទៅ​ពេលណា​។ តែ​ប្រហែលជា​សប្តាហ៍​ក្រោយ​ហើយ​មើលទៅ​។ ហើយ​អ្នកណាខ្លះ ដែល​អមដំណើរ​ទៅជា​មួយ​គាត់ ក៏​ខ្ញុំ​មិនទាន់​ដឹង​ដែរ​»​។​

​គម្រោង​នៃ​ការចាកចេញ​ទៅ​ក្រៅប្រទេស បានរៀបចំ​ឡើង​ក្រោយ​ឯកឧត្តម កឹម សុខា ទើបតែ​បញ្ចប់​បេសកកម្ម​ចុះទៅ​គ្រប់​២៥​រាជធានី​-​ខេត្ត ក្នុង​រយៈពេល​មួយខែ​មកនេះ​។ បេសកកម្ម​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ក្នុង​រយៈពេល​មួយខែ​នេះ គឺ​ដើម្បី​ពន្យល់​ពី​គោលនយោបាយ​ជា​អាទិភាព​ទាំង​៥​ចំណុច ទៅដល់​សកម្មជន បេក្ខជន​ឃុំ​-​សង្កាត់ និង​មន្ត្រី​នៅ​តា​មូលដ្ឋាន​។​

​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ដដែល បន្ទាប់ពី​បញ្ចប់​បេសកកម្ម​នៅក្រៅ​ប្រទេស ហើយ​ត្រឡប់​មកដល់​កម្ពុជា​វិញ ឯកឧត្តម កឹម សុខា នឹង​ចាប់ផ្តើម​ចុះ​តាម​មូលដ្ឋាន​តែម្តង ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ មុននឹង​ការឃោសនាបោះឆ្នោត ឈាន​មកដល់​។ គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង ដើម្បី​យកទៅ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នក់​ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។

​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច​នោះ រួមមាន ការពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​, ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​, ការពង្រឹង​សេវាសាធារណៈ​, ការពង្រឹង​សន្តិសុខ និង​ការបែងចែក​អំណាច​ទៅ​ថ្នាក់ឃុំ​-​សង្កាត់ (​វិមជ្ឈការ​)៕
 


Tag:
 CNRP
  កឹម សុខា​
  យ៉ែម បុញ្ញឫទ្ធិ​
  បេសកកម្ម​នៅក្រៅ​ប្រទេស​
© រក្សាសិទ្ធិដោយ thmeythmey.com