ជាតិ
សង្គមជាតិ
ជា​អតីត​រដ្ឋ​រងគ្រោះ​ដោយ​សង្គ្រាម កម្ពុជា​ផ្តើម​យុទ្ធនាការ​«​ជួយ​គ្នា​» គាំទ្រ​ជនភៀសខ្លួន​ពិភពលោក​
01, Apr 2017 , 6:59 pm        
រូបភាព
 
ភ្នំពេញ៖ យុទ្ធនាការ​ដែលមាន​ឈ្មោះ​ថា​«​ជួយ​គ្នា ឬ #JuiKnia» ដែលមាន​គោលដៅ​រួមចំណែក​ចែករម្លែក​ក្តី​ស្រលាញ់ ក្តីសង្ឃឹម និង​អំពាវនាវ​ឲ្យ​មានការ​គាំទ្រ​ជនភៀសខ្លួន និង​ប្រជាជន​ចំណាកស្រុក​ទូទាំង​ពិភពលោក បានចាប់ផ្តើម​ឡើង​ដំបូង​បំផុត​នៅ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ទី ៣១ ខែមីនា​។ យុទ្ធនាការ​នេះ​មាន​រយៈពេល ៤    សប្តាហ៍ ហើយ​វា​ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ​អុក​ស្វា​ម (Oxfam) ប្រចាំ​នៅ​កម្ពុជា​។​

 
«​ជួយ​គ្នា​-​រឿងរ៉ាវ​ក្តីសង្ឃឹម​របស់​អ្នកធ្វើ​ចំណាកស្រុក​កម្ពុជា​» ឬ​«#JuiKnia-Cambodian Migration Stories of Hope » ជា​ឈ្មោះ​យុទ្ធនាការ​ថ្មី​មួយ​ដែល​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​អង្គការ​អុក​ស្វា​ម​កម្ពុជា​។ ប្រទេស​កម្ពុជា ដែលជា​អតីត​ប្រទេស​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​នោះ បាន​ក្លាយជា​ប្រទេស​ទីមួយ​ដែល​ចាប់ផ្តើម​យុទ្ធនាការ «​ជួយ​គ្នា​»​នេះ​។​
 
 
​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​នេះ លោកស្រី លីម សូ​លីន នាយិកា​អង្គការ​អុក​ស្វា​ម​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖« យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​គៀងគរ​រក​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​ឲ្យ​ចូល​រួមគ្នា​ចែករម្លែក​ក្តីសង្ឃឹម​ជាមួយ​ជនភៀសខ្លួន ដោយ​មិន​ខ្វល់​ថា​ពួកគាត់​មាន​និន្នាការ​របៀប​ម៉េច​ឬ​មកពី​កន្លែង​ណា​ទេ​។ យើង​ឆ្លងកាត់​បទពិសោធន៍​ដ៏​ជូរចត់​ណាស់ ក្នុងពេល ៤០​ឆ្នាំ​ទាំង​សង្គ្រាមស៊ីវិល​និង​ប្រល័យពូជសាសន៍​។ គ្មាន​អ្នកណា​យល់​ក្តី​លំបាក​និង​ការឈឺចាប់​របស់​ពួកគាត់​ជាង​ប្រជាជន​កម្ពុជា​ទេ​»​។ 
 
១.​ក្រៅពី​ចែករម្លែក​ក្តីសង្ឃឹម «​ជួយ​គ្នា​»​ផ្ញើ​សារ​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ជួយ​ជនភៀសខ្លួន​
 
​លោកស្រី​នាយិកា បាន​បន្តថា យុទ្ធនាការ​នេះ​មិន​និយាយ​តែ​ពី​រឿង​ជូរចត់​ទេ​។ វា​ក៏​នឹង​ក្លាយជា​យុទ្ធនា​ការចែក​សេចក្តីសង្ឃឹម​ក៏ដូចជា​ក្តី​អាណិតអាសូរ និង​បង្ហាញ​ពី​ក្តីកង្វល់​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ជនភៀសខ្លួន​។ អ្វីដែល​សំខាន់ វា​ជាការ​ឈឺឆ្អាល​ចូលរួម​ជាមួយគ្នា​ដោយ​សរសេរ​សារ​និង​ញត្តិ​គាំទ្រ​ដើម្បី​អំពាវនាវ​ទៅកាន់​ពិភពលោក​ឲ្យ​ជួយសង្គ្រោះ​ជនភៀសខ្លួន​ដែលជា​ជនរងគ្រោះ​ពិតប្រាកដ​នៃ​សង្គ្រាម​និង​ជម្លោះ​នោះ​។ 
 
« យុទ្ធនាការ​នេះ​ជា​យុទ្ធនាការ​ពិភពលោក​។ ដូច្នេះ​វា​នឹង​ផ្ញើ​សារ​មួយ​ទៅកាន់​មេដឹកនាំ​ពិភពលោក​ទាំងអស់​ឲ្យ​លោក​បន្ត​គិតគូរ​និង​ជួយ​ជនភៀសខ្លួន​ទាំងអស់​ដោយ​បន្ត​បើកចំហ​បេះដូង​និង​ទ្វារផ្ទះ​គាត់​ចំពោះ​ប្រជាជន​ជា​ជនភៀសខ្លួន​។ វា​គួរ​ដូចដែល​អ្វីដែល​ពួកគាត់​ធ្វើ​ចំពោះ​ប្រជាជន​កម្ពុជា​ដែលជា​ជនភៀសខ្លួន​ពី​សង្គ្រាម​កាលពី ៤០​ឆ្នាំមុន​ដូច្នេះ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី លីម សូ​លីន​។ 
 
​បច្ចុប្បន្ននេះ ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ជនភៀសខ្លួន​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ដោយ​ប្រជាជន ៦៥​លាន​នាក់​បាន​ក្លាយជា​ជនភៀសខ្លួន និង​ជន​ដែល​គ្មាន​ជម្រក​ដោយសារតែ​សង្គ្រាម​និង​ជម្លោះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​ក៏​ឃើញ​មាន​ចលនា​ប្រឆាំង​ប្រជាជន​ដែលជា​ជនភៀសខ្លួន​នៅ​តំបន់​មួយចំនួន​ថែមទៀត ដោយ​ប្រទេស​ខ្លះ​បិទទ្វារ​លែង​ទទួលយក​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​ផង​។​
 
២.​កម្ពុជា​៖ ប្រទេស​នៃ​ក្តីសង្ឃឹម​សម្រាប់​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​
 
​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ កម្ពុជា​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​រៀបចំ​យុទ្ធនាការ​នេះ​។ ពាក់​ព័ន្ធមូល​ហេតុនេះ លោក Paolo Lubrano ប្រធាន​គ្រប់​គ្រប់​សកម្មភាព​មនុស្សធម៌​ប្រចាំ​តំបន់​នៃ​អង្គការ​អុក​ស្វា​ម បាន​ពន្យល់​ដូច​ច្នេះ​ថា​៖« យុទ្ធនាការ​នេះ​ចាប់ផ្តើម​ដំបូង​នៅ​កម្ពុជា​ដោយសារ​ហេតុផល​មួយចំនួន​។ ទីមួយ​គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តិចតួច​ដែល​ក្លាយជា​ភាគី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ជនភៀសខ្លួន​»​។​
 
 
​លោក​បន្តថា​៖«​ទី​ពីរ​គឺ​វា​ទាក់ទង​នឹង​អតីតកាល​ដ៏​ជូរចត់​នៃ​កម្ពុជា​ផ្ទាល់​ផ្សាភ្ជាប់បញ្ហា​ជនភៀសខ្លួន​។  ប៉ុន្តែចុងក្រោយ កម្ពុជា​បាន​ផ្លាស់ប្តូរ​រឿង​ឈឺចាប់​និង​ខ្លោចផ្សា​ទៅជា​រឿង​វិជ្ជមាន​និង​ជា​រឿង​នៃ​ក្តីសង្ឃឹម​សម្រាប់​ជនភៀសខ្លួន​។ និយាយ​ឲ្យ​ខ្លី​កម្ពុជា​ជា​ប្រទេស​នៃ​ក្តីសង្ឃឹម​»​។​
 
​លោក Paolo Lubrano សង្ឃឹម​យ៉ាង​មុតមាំ​ថា យុទ្ធនាការ​នេះ​នឹងមាន​អ្នកចូលរួម​រហូតដល់ ១​លាន​នាក់​នៅ​ឆ្នាំ​២០២០ នៅ​យ៉ាងហោចណាស់​ប្រទេស ៥ នៅ​តំបន់​អាស៊ី​។ ហើយ​អ្វីដែល យុទ្ធនាការ​នេះ​ចង់​សម្រេចបាន​គឺ ការចូលរួម​ជា​ភាគី​នៃ​អនុសញ្ញា​ស្តី អង្គការសហប្រជាជាតិ​ពី​ជនភៀសខ្លួន​របស់​ប្រទេស​ក្នុង​តំបន់​។ ក្រៅពីនេះ យុទ្ធនាការ​នេះ​ក៏​ចង់​ឲ្យ​មានការ​គិតគូរ​យកចិត្ត​ទុកដាក់​ផ្តល់ជំនួយ​សុខាភិបាល​,​ផ្ទះសម្បែង​, អប់រំ និង​ការពារ​ផ្លូវច្បាប់​ចំពោះ​ជនភៀសខ្លួន​ផង ជន​ចំណាកស្រុក ក៏ដូចជា​ប្រជាជន​ដែល​បាត់បង់​ជម្រក​ផង​ដោយសារ​ជម្លោះ និង​សង្គ្រាម​ផង​។​
 
​សូមបញ្ជាក់​ផងដែរ យុទ្ធនាការ «​ជួយ​គ្នា ឬ #JuiKnia» ផ្តួចផ្តើម​ដោយ​អង្គការ​អុក​ស្វា​ម (Oxfam) នេះ​មាន​រយៈពេល​បួន​សប្តាហ៍​រាប់​ចាប់​ថ្ងៃ ៣១ មីនា​នេះ​ទៅ ហើយ​កម្មវិធី​ជាច្រើន​ដែល​នឹងត្រូវ​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​កម្ពុជា​បានដឹង​និង​ចូលរួម​។ ក្នុងនោះ​មាន​ការចាក់​បញ្ចាំង​វីដេអូ​ស្តីពី​ជនភៀសខ្លួន​ស៊ី​រី​, ការប្រគុំ​តន្ត្រី​, ការសម្តែង​ផ្ទាល់​និង ការសម្តែង​របាំ​ប្រពៃណី​ជាដើម​ផង ដែល​វា​មានការ​ចូលរួម​ដោយ​ដៃគូ​ជាច្រើន​ដូចជា មជ្ឈមណ្ឌល​បុប្ផា​ណា (Bophanna Center,  កាហ្វេ​នយោបាយ​(Politikoffee), អង្គការ​ហ្វារ​( Phare) និង​សិល្បៈ​ខ្មែរ​អមតៈ (Cambodian Living Arts)៕
 
 
​សូម​ចូលរួម​គាំទ្រ​ទាំងអស់គ្នា​ក្នុង​យុទ្ធនាការ «​ជួយ​គ្នា​» ដោយ​សរសេរ​លិខិត​និង​ចែករម្លែក​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដើម្បី​បង្ហាញ​ការគាំទ្រ​ជនភៀសខ្លួន និង​ប្រាប់​មេដឹកនាំ​ពិភពលោក​ឲ្យ​បានដឹង​។ សូម​ចូល​តាម​តំណរ​នេះ​៖ https://cambodia.oxfam.org/juiknia​។​
 
 




Tag:
 JuiKnia
  លីម សូ​លីន​
  Paolo Lubrano
  យុទ្ធនា​ការជួយ​គ្នា​
  អង្គការ​អុក​ស្វា​ម​
  Oxfam
© រក្សាសិទ្ធិដោយ thmeythmey.com