ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចំណុច​ដែល​មហាផ្ទៃ​ថា សង្គ្រោះ​ជាតិ​ ខុស តែ​ប្រជាពលរដ្ឋខ្លះ​ពិបាក​យល់
01, Apr 2017 , 4:34 pm        
រូបភាព
ដោយ:
​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តាមដាន​ស្ថានការណ៍​នយោបាយ​ខ្លះ នៅតែ​មិនទាន់​យស់​ច្បាស់​នូវ​ចំណុច ដែល​ក្រសួងមហាផ្ទៃ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បំពាន​លក្ខន្តិកៈ​គណបក្ស​គណបក្ស​ខ្លួន​។ ចំណុច​ដែល​គេ​នៅមាន​ចម្ងល់​សំខាន់​នោះ នៅត្រង់ថា ក្រសួងមហាផ្ទៃ​ចាត់ទុក សមាជ​វិសាមញ្ញ​របស់​បក្ស​សង្គ្រោះ​ជាតិ កាលពីដើម​ខែមីនា កន្លងទៅ ស្របតាម​លក្ខន្តិកៈ​ហើយ តែ​ក្រសួង​នេះ ក៏​ចោទ​គណបក្ស​នេះ​ថា ធ្វើ​សមាជ​វិសាមញ្ញ​រើស​ប្រធាន និង​អនុប្រធាន​កន្លងទៅ បំពាន​លក្ខន្តិកៈ​ដែរ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការលើកឡើង​របស់​ក្រសួងមហាផ្ទៃ​ថា គ្រាន់តែ​ជា​លេស​ដើម្បី​ចាំ​កំហុស​បក្សប្រឆាំង​តែប៉ុណ្ណោះ​។



​បើ​ផ្អែក​តាម​ការបកស្រាយ​រប​ស់ ប្រាក់ សំអឿន អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង លោក ប៊ុន ហុន អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ៣០ ខែ មីនា មាន​ចំណុច គួរ​ឲ្យ​កត់សម្គាល់​មួយ​ចំ​នួ​យ ដើម្បី​ឲ្យ​ងាយ​យល់​នូវ​ទឡ្ហីករណ៍​របស់​ក្រសួងមហាផ្ទៃ ដែល​ចោទថា គណបក្ស​សង្គ្រោះ​ជាតិ​បំពាន​លក្ខន្តិកៈ​គណបក្ស​ខ្លួនឯង​។ ចំណុច​ទាំងនោះ មាន​ដូចតទៅ​៖

ជាដំបូង អាន​ហើយ​ប្រៀបធៀប​ភាពដូចគ្នា និង​ខុសគ្នា រវាង​ប្រការ ៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាស់ និង​ថ្មី​។​
 
​ប្រការ ៤៧ ចាស់ បាន​ចែងថា ក្នុងករណី​ដែល​ប្រធាន​គណបក្ស បាត់បង់​សមត្ថភាព​ដឹកនាំ​គណបក្ស ដែល​បញ្ជាក់​ដោយ​គណៈកម្មាធិកា​រ​នាយក ត្រូវគោរព​តាម​លក្ខខណ្ឌ​ពីរ​យ៉ាង ទីមួយ បើ​អាណត្តិ​នៅ​តិចជាង ១៨ ខែ អនុប្រធាន​គណបក្ស​ត្រូវ​ទទួល​តួនាទី​ជា​ប្រធានស្តីទី ហើយ​គណៈកម្មាធិការ​នា​យក​ត្រូវ​ជ្រើសរើស​អនុប្រធាន​ថ្មី​មួយរូប  ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូ​ពី​ក្នុងចំណោម​សមាជិក​របស់ខ្លួន ដោយ​សំឡេង​ដាច់ខាត​៥០​បូក​១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងមូល ដើម្បី​ជួយ​ការងារ​ប្រធានស្តីទី​គណបក្ស​រហូតដល់​ចប់​អាណត្តិ​។ លក្ខខណ្ឌ​ទី​ពីរ បើ​អាណត្តិ​នៅ​លើស ១៨ ខែ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​កំណត់ពេល​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ថ្មី ក្នុង​រយៈពេល​យ៉ាងយូរ ៣០ ថ្ងៃ ដើម្បី​ដឹកនាំ​គណបក្ស​រហូតដល់​ចប់​អាណត្តិ​។ 
 
​ក្រឡេក​មក​មើល​ប្រការ ៤៧ ថ្មី ដែល​ទើបតែ​វិសោធនកម្ម​នៅក្នុង​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៧ បាន​ចែងថា បើ​ប្រធាន​គណបក្ស​បាត់បង់​សមត្ថភាព​ដឹកនាំ​គណបក្ស ដែល​បញ្ជាក់​ដោយ​គណៈកម្មាធិកា​រ​នាយក មាន​លក្ខខណ្ឌ​ពីរ​ដូចគ្នា ទីមួយ​បើ​អាណត្តិ​នៅសល់​តិចជាង​១៨ ខែ អនុប្រធាន​គណបក្ស​ដែលមាន​អាយុ​ច្រើនជាងគេ ត្រូវ​ទទួល​នាទី​ជា​ប្រធាន​គណបក្ស​។ ហើយ​បើ​គ្មាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក ត្រូវ​រៀបចំ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ថ្មី​យ៉ាងតិច​មួយរូប ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូរ​ពី​ក្នុងចំណោម​សមាជិក​របស់ខ្លួន ដោយ​សំឡេង​ដាច់ខាត​៥០​បូក​១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងមូល ដើម្បី​ជួយ​ការងារ​ប្រធានស្តីទី​គណបក្ស​រហូតដល់​ចប់​អាណត្តិ​។ លក្ខខណ្ឌ​ទី​ពីរ បើ​អាណត្តិ​នៅ​លើស ១៨ ខែ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​កំណត់ពេល​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ថ្មី ក្នុង​រយៈពេល​យ៉ាងយូរ ៣០ ថ្ងៃ ដើម្បី​ដឹកនាំ​គណបក្ស​រហូតដល់​ចប់​អាណត្តិ​។​
 
​លោក ប្រាក់ សំអឿន អគ្គនាយក​រដ្ឋបាលរ​បស់​ក្រសួងមហាផ្ទៃ បាន​និយាយថា លក្ខន្តិកៈ​ចាស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់ និង​ផ្តល់​សុពលភាព កាលពី​ឆ្នាំ ២០១៣ ហើយ​ការ​វិសោធនកម្ម​ប្រការ ៤៧ ថ្មី ក៏​ស្របតាម​លក្ខន្តិកៈ និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ដែរ​។ លោក​ថា ប្រការ ២១ និង ២២ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​ចែងថា សមាជ​ជា​ស្ថាប័ន​កំពូល សម្រាប់​កំណត់​គោលនយោបាយ និង​វិសោធនកម្ម ឬ​អនុម័ត​លក្ខន្តិកៈ ដើម្បី​ជ្រើសរើស​ប្រធាន ឬ​អនុប្រធាន គឺ​សង្គ្រោះ​ជាតិ បានធ្វើ​ត្រឹមត្រូវ ហើយ​ក្រសួងមហាផ្ទៃ​ក៏​ទទួលស្គាល់​។ 
 
​ស្តាប់​ការពន្យល់​របស់លោក ប្រាក់ សំអឿន បន្ថែម​៖



​ជាការ​ពិតណាស់​ក្រសួងមហាផ្ទៃ​បាន​ទទួលស្គាល់ថា គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សមាជ​វិសាមញ្ញ​ស្របតាម​លក្ខន្តិកៈ​គណបក្ស​ខ្លួន​។ ការទទួលស្គាល់​នេះ ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា ចុះបើ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​សមាជ​វិសាមញ្ញ​ហើយ ហេតុអ្វី​ក៏​ចោទថា គណបក្ស​សង្គ្រោះ​ជាតិ​រើស​ប្រធាន ឬ​អនុប្រធាន​នៅក្នុង​សមាជ​នោះ​ខុស​លក្ខន្តិកៈ​? ចំណុច​នេះ ត្រូវ​លោក ប្រាក់ សំអឿន បកស្រាយ​ថា អ្វីដែល​ក្រសួង​ថា សមាជ​វិសាមញ្ញ​ត្រឹមត្រូវ​នោះ គឺ​សំដៅ​ទៅលើ​របៀប​រៀបចំ​នៃ​ការធ្វើ​សមាជ​នោះ​ស្របតាម​លក្ខន្តិកៈ​បក្ស​ប៉ុណ្ណោះ​។ 

​ស្តា​ប់លោក ប្រាក់ សំអឿន​៖



​ក៏ប៉ុន្តែ​អ្វីដែល ក្រសួងមហាផ្ទៃ​រកឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​នោះ គឺ​ការ​រើស​ប្រធាន និង​អនុប្រធាន​គណបក្ស នៅក្នុង​សមាជ កាលពី​ថ្ងៃទី ២ ខែមីនា នោះ បំពាន​ទៅលើ​លក្ខន្តិកៈ​បក្ស​ខ្លួនឯង​។ លោក ប៊ុន ហុន អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ ដែលមាន​វត្តមាន​ជាមួយ​លោក ប្រាក់ សំអឿន នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧ បញ្ជាក់​ដូច្នេះ​ថា​៖«​អ្វីដែល​យើង​ចង់​បញ្ជាក់​នោះ នៅក្នុង​សមាជ​នោះ មាន​រើស​ប្រធាន និង​អនុប្រធាន ៣ រូប ដែល​វា​ម​ឲ​មិន​ស្រប​នឹង​ប្រការ ៤៧ នៃ​លក្ខន្តិកៈ​»​។​

ស្តា​ប់លោក ប៊ុន ហុន ពន្យល់​បន្ថែម​៖



​លោក ប៊ុន ហុន ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មិន​ស្រប​នឹង​ប​ប្រការ ៤៧ នៃ​លក្ខន្តិកៈ​បក្ស​នោះ នៅត្រង់ចំណុច​ទី ២ នៃ​ប្រការ ៤៧ ដែល​បាន​ចែងថា «​បើ​អាណត្តិ​នៅ​លើស ១៨ ខែ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​កំណត់ពេល​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ថ្មី ក្នុង​រយៈពេល​យ៉ាងយូរ ៣០ ថ្ងៃ ដើម្បី​ដឹកនាំ​គណបក្ស​រហូតដល់​ចប់​អាណត្តិ​»​។ នៅត្រង់ចំណុច​នេះ លោក​បាន​គណនា​ពី​ពេលដែល​លោក សម រង្ស៊ី ធ្វើជា​ប្រធាន​គណបក្ស កាលពី​ខែកក្កដា ឆ្នាំ ២០១២ និង​ថ្ងៃ​ដែល​លោក សម រង្ស៊ី លាឈប់​ពី​បក្ស នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែលមាន​រយៈពេល ៤ ឆ្នាំ ៧ ខែ​។ មានន័យថា អាណត្តិ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំណត់​ឲ្យ​ប្រធាន​កាន់តំណែង​មួយ​អាណត្តិ ៥ ឆ្នាំ នោះ លោក​សម រង្ស៊ី ធ្វើជា​ប្រធាន​បក្ស​នោះបាន ៤ ឆ្នាំ ៧ ខែ​ហើយ ពោលគឺ​នៅសល់តែ ៥ ខែ​ទៀត​ប៉ុណ្ណោះ​នឹង​គ្រប់​មួយ​អាណត្តិ ដែល​អាណត្តិ​សល់​តែ ៥ ខែ​នេះ វា​តិចជាង ១៨ ខែ​។ 
 
​ដោយសារតែ​លោក​សម រង្ស៊ី លាឈប់​ពី​ប្រធាន​បក្ស នៅ​អា​សល់​អាណត្តិ​តិចជាង ១៨ ខែ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស កំណត់ពេល​ធ្វើ​សមាជ​វិសាមញ្ញ រើស​ប្រធាន​និង​អនុប្រធាន​ក្នុងអំឡុងពេល ៣០ ថ្ងៃ បែបនេះហើយ ទើប​ក្រសួង​ចាំ​ថ្នាក់​ថា គណបក្ស​នេះ​បំពាន​លក្ខន្តិកៈ នៅត្រង់ចំណុច​ទី ២ ប្រការ ៤៧ ទាំងចាស់ ទាំងថ្មី​។ ពីព្រោះថា តាម​ចំណុច​ទី ២ នៃ​ប្រការ ៤៧ ចែងថា លុះត្រាតែ​អាណត្តិ​នៅ​«​លើស ១៨ ខែ​» ទើប​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​កំណត់ពេល​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ថ្មី ក្នុង​រយៈពេល​យ៉ាងយូរ ៣០ ថ្ងៃ ដើម្បី​ដឹកនាំ​គណបក្ស​រហូតដល់​ចប់​អាណត្តិ​។​

ស្តា​ប់លោក ប៊ុន ហុន ពន្យល់​បន្ថែម 

 
 
​លោក ប៊ុន ហុន ដែលជា​អតីត​ប្រធាន​គណៈមេធាវី​កម្ពុជា ដែល​ទើបបាន​តំណែង​ជា​មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​នោះ បន្ត​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ បំពាន​លក្ខន្តិកៈ​បក្ស​ខ្លួនឯង ច្បាប់​គណបក្សនយោបាយ​មិន​ទទួលស្គាល់​នោះឡើយ​។ «​វា​ជាការ​បំពាន​លក្ខន្តិកៈ គឺ​គណបក្ស​ខ្លួនឯង បំពាន​ច្បាប់កំពូល​ខ្លួនឯង​។ បើ​បំពាន​ច្បាប់​កំពួ​ល​ខ្លួនឯង ច្បាប់​ស្តីពី​គណបក្សនយោបាយ មិន​ទទួលស្គាល់​នោះទេ ព្រោះ​នៅក្នុង​មាត្រា ១៧ ថ្មី ច្បាប់​បក្សនយោបាយ សរសេរ​ច្បាស់​ថា ការ​រើស​ប្រធាន និង​អនុប្រធាន​បក្ស ត្រូវធ្វើ​ឲ្យ​ស្របតាម​លក្ខន្តិកៈ​របស់​ខ្លួន​»​។ លោក​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ថ្លែង​ដូច្នេះ ក៏​ឆ្លៀត​បង្ហាញ​ពី​វិធានការ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ក្រសួង​មិនអាច​បញ្ជា​កិច្ចការ​របស់​គណបក្ស​ថា ត្រូវធ្វើ​បែបណា​ទេ តែ​គ្រាន់តែ​ក្រសួង​ណែនាំ​ឲ្យ​គណបក្ស​ធ្វើ​ទៅតាម​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​។ 

​ស្តា​ប់លោក ប៊ុន ហុន 

 

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ទាំងពីរ​ខាងលើ​និយាយ​តែ​ពីរ​បញ្ហា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ខុស​ប៉ុណ្ណោះ តែ​មន្ត្រី​ទាំងនោះ មិន​ប្រាប់ គណបក្ស​សង្គ្រោះ​ជាតិ​ថា ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​ត្រឹមត្រូវ​តាម​ការចង់បាន​របស់​ក្រសួងមហាផ្ទៃ​នោះទេ ដោយ​ទុក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គិត​មើល​ខ្លួនឯង​។​
 
​ទោះបីជា​បែបនេះ​ក្តី ក្រោយពី​ការលើកឡើង​របស់​មន្ត្រី​ក្រសួង​ខាងលើ គេ​អាច​សន្និដ្ឋានថា ការ​រើស​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់តែ​ធ្វើតាម​ចំណុច​ទី ១ នៃ​ប្រការ ៤៧ ទៅជា​ការ​ស្រេច ដោយ​មិនចាំបាច់​ឲ្យ​មានការ​សម្រេច​លើកដៃ​រើស​ប្រធាន ឬ​អនុប្រធាន​បក្ស នៅក្នុង​អង្គសមាជ​នោះទេ ពោលគឺ​សមាជ​នោះ​គ្រាន់តែ​សម្រេច​គោលនយោបាយ និង​សម្រេច​អនុម័ត​ការធ្វើ​វិ​សោ​ន​កម្ម​ប្រការ ៤៥ និង ៤៧ ដែល​បើកផ្លូវ​ឲ្យ​អនុប្រធាន​ឡើងជា​ប្រ​ធាំ​ន​បក្ស​ដោយ​ស្វ័យប្រវត្តិ​។ សូម​រម្លឹក​ឡើងវិញ​ថា ចំណុច​ទី ១ នៃ​ប្រការ ៤៧ ថ្មី​ចែងថា « អាណត្តិ​នៅសល់​តិចជាង​១៨ ខែ អនុប្រធាន​គណបក្ស​ដែលមាន​អាយុ​ច្រើនជាងគេ ត្រូវ​ទទួល​នាទី​ជា​ប្រធាន​គណបក្ស​។ ហើយ​បើ​គ្មាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក ត្រូវ​រៀបចំ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ថ្មី​យ៉ាងតិច​មួយរូប ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូ​ពី​ក្នុងចំណោម​សមាជិក​របស់ខ្លួន ដោយ​សំឡេង​ដាច់ខាត​៥០​បូក​១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងមូល ដើម្បី​ជួយ​ការងារ​ប្រធានស្តីទី​គណបក្ស​រហូតដល់​ចប់​អាណត្តិ​»​។​
 
​ទាក់ទង​នឹង​ការលើកឡើង​របស់​ក្រសួងមហាផ្ទៃ លោក អេង ឆៃអ៊ាង បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​ចង់​អត្ថាធិប្បាយ​ច្រើន​តប​នឹង​តំណាង​ក្រសួងមហាផ្ទៃ​នោះទេ ព្រោះ​លោក​យល់ថា អំណាច​នៅលើ​ក្រសួងមហាផ្ទៃ​ទាំងអស់​។ លោក បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី ៣១ ខែមីនា យ៉ាងនេះ​ថា​៖ «​ខ្ញុំ​មិន​ចង់​និយាយ​ដដែលៗ​ទេ ព្រោះ​អំណាច​នៅលើ​ក្រសួងមហាផ្ទៃ ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ ត្រឹមត្រូវ ឬ​មិនត្រូវ ស្រេច​តែ​គេ​ថា​។ ខ្ញុំ​យល់ថា ការលើកឡើង​របស់​តំណាង​ខាង​ក្រសួងមហាផ្ទៃ គ្រាន់តែ​ជា​លេស​ពាក្យពេជន៍​ប៉ុណ្ណោះ​»​។  
 
​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ ក៏​បកស្រាយ​ទាក់ទង​នឹង​ការ​រើស​ប្រធាន និង​ក្នុង​អង្គសមាជ ដែល​ក្រសួងមហាផ្ទៃ​បាន​ចោទថា បំពាន​លក្ខន្តិកៈ​ដូច្នេះ​ថា​៖«​ក្រសួងមហាផ្ទៃ ហាក់​មិនបាន​ពិនិត្យមើល​នីតិវិធី​របស់​យើង​ឲ្យ​ច្បាស់​នោះទេ យើង​ធ្វើ​សមាជ​នោះ គ្រាន់តែ​ដើម្បី​វិសោធនកម្ម​លក្ខន្តិកៈ ដាក់​គោលនយោបាយ​បក្ស ហើយ​ការ​រើស​ប្រធាន និង​អនុប្រធាន គ្រាន់តែ​យើង​ឲ្យ​អង្គសមាជ​រើស ជាការ​ប្រថាប់ត្រា​បន្ថែម​ទេតើ​។ តាមពិត លោក កឹម សុខា បាន​ធ្វើជា​ប្រធាន​ដោយ​ស្វ័យប្រវត្តិ​ហើយ ក្រោយ​លោក​ប្រធាន​សម រង្ស៊ី លាឈប់​នោះ​»​។​
 
​យ៉ាងណាក្តី លោក ឆៃអ៊ាង ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​កោះប្រជុំ​គណៈកម្មាធិការ​នាយ​កប​ក្ស ដើម្បី​សម្រេច​ជ្រើសរើស​អនុប្រធាន​គណបក្ស​ទាំងបី​ឡើងវិញ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​លក្ខន្តិកៈ ដែល​ធ្វើ​វិសោធនកម្ម​ដោយ​អង្គសមាជ​វិសាមញ្ញ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១៧​។  ការសម្រេច​រើស​អនុប្រធាន ៣ រូប សា​ថ្មី ត្រូវ​លោក​អេង ឆៃអ៊ាង ពន្យល់ថា ធ្វើឡើង​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ឬ ៥០ ភាគរយ បូក ១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​។ ហើយ​បើតាម​ការគ្រោងទុក​គណៈ​ក​ម្មា​ធិ​ការ​នាយក​គណ​បក្ស​នឹង​ប្រជុំ​សម្រេច​នៅ​ថ្ងៃអាទិត្យ​ទី ២ ខែមេសា​៕

Tag:
 CNRP
  មហាផ្ទៃ​
  អេង ឆៃអ៊ាង​
  កឹម សុខា​
  ប៊ុន ហុន
© រក្សាសិទ្ធិដោយ thmeythmey.com