ជាតិ
សិល្បះ
កម្ពុជាសុំចុះល្ខោនខោលជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិអង្គការយូណេស្កូ រូបភាពពីហ្វេសប៊ុកយុវជនល្ខោនខោលកម្ពុជា
× ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឯកសារល្ខោនខោលខ្មែរ ដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិរបស់អង្គការយូណេស្កូ រួចហើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧កន្លងទៅ។ បើតាមក្រសួងវប្បធម៌ អង្គការយូណេស្កូនឹងចំណាយពេលជិត២ឆ្នាំ ពិនិត្យ វាយតម្លៃ មុននឹងសម្រេចថាដាក់បញ្ជូលល្ខោនខោលខ្មែរជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិ ឬក៏អត់។ ក្រៅពីល្ខោនខោល កម្ពុជាក៏បានស្នើសុំឲ្យអង្គការយូណេស្កូបញ្ជូលក្បាច់គុនល្បុក្កតោ ជាបេតិកភណ្ឌអរូបីមនុស្សជាតិដែរ។ ជាមួយគ្នានោះ ក្រសួង កំពុងរៀបចំឯកសារពាក់ព័ន្ធនឹងភ្លេងអារក្ខ និងតម្បាញសូត្រខ្មែរជាដើម ដើម្បីស្នើសុំបញ្ជូលជាសម្បតិ្តបេតិកភណ្ឌអរូបីមនុស្សជាតិនៅពេលខាងមុខ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឯកសារពាក់ព័ន្ធនឹងល្ខោនខោល ដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិមនុស្សជាតិ ទៅកាន់អង្គការយូណេស្កូ តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ។ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា អង្គការយូណេស្កូ ក៏បានឆ្លើយតបវិញថា បានទទួលឯកសារទាំងអស់នេះហើយ នៅថ្ងៃដដែលដែរ។
លោក ហាប់ ទូច អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានបន្តបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«អង្គការយូណេស្កូ គេឆ្លើយតបថាគេបានទទួលឯកសារផ្លូវការហើយ ប៉ុន្តែមិនមែនដាក់ទៅភ្លាម គេសម្រេចភ្លាមនោះទេ។ ត្រូវការពេលវេលា ពិនិត្យ វាយតម្លៃ ក៏ជិត២ឆ្នាំដែរ»។
តាមគោលការណ៍ និងនីតិវិធីរបស់អង្គការយូណេស្កូ ឯកសារនីមួយៗដែលដាក់ស្នើសុំ ត្រូវឆ្លងកាត់ការពិនិត្យ វាយតម្លៃ ជាច្រើនដំណាក់កាល ពីក្រុមជំនាញអន្តរជាតិ មុននឹងពិនិត្យសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ ដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ២០១៨ ។
ជាការកត់សម្គាល់ ប្រទេសថៃ ក៏បានដាក់ឯកសារ របាំល្ខោនពាក់របាំងមុខ ឬល្ខោនខោល (Khon Masked Dance) ស្នើសុំចុះបញ្ជីក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី របស់អង្គការយូណេស្កូដែរ នៅចុងខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ។
ជុំវិញការស្នើសុំនេះ លោក ហាប់ ទូច បានគូសបញ្ជាក់ថា លោកមិនបារម្ភនិងមិនប្រឆាំងនោះឡើយ ពីព្រោះប្រទេសនីមួយៗ មានអត្តសញ្ញាណរៀងៗខ្លួន។ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ គូសបញ្ជាក់ដូច្នេះថា៖«ប្រទេសណាក៏គេមានបេតិកភណ្ឌអរូបិយដែរ ហើយវាតែងតែមានឥទ្ធិពលទៅវិញទៅមក។ កម្ពុជាមិនប្រឆាំងនឹងថៃ ហើយថៃក៏មិនត្រូវប្រឆាំងនឹងកម្ពុជាដែរ»។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ ចុះថ្ងៃ៤ មេសា ក្រសួងក៏បានដាក់ឯកសារគុនល្បុក្កតោខ្មែរ ស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិមនុស្សជាតិរបស់អង្គការយូណេស្កូដែរ។ ទន្ទឹមនឹងនេះ ក្រុមបច្ចេកទេសរបស់ក្រសួងវប្បធម៌ បាន និងកំពុងសិក្សាឯកសារមរតកវប្បធម៌អរូបីផ្សេងទៀត ដើម្បីដាក់ស្នើទៅអង្គការយូណេស្កូ មានជាអាទិ៍ ភ្លេងអារក្ខ តម្បាញសូត្រខ្មែរ ជាដើម។៕
Tag:
ល្ខោនខោល
ហាប់ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com