ជាតិ
បក្សប្រឆាំង សង្ឃឹមថា នឹង​លែងមាន​បញ្ហា​ជាមួយ​ក្រសួងមហាផ្ទៃ
04, Apr 2017 , 4:22 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជូន​លិខិត ទៅកាន់​ក្រសួងមហាផ្ទៃ​ម្តងទៀត ដើម្បី​បញ្ជាក់ថា ឯកឧត្តម កឹម សុខា នៅតែ​ជា​ប្រធាន ហើយ​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ នៅតែ​ជា​អនុប្រធាន ដដែល​។



​គណបក្ស​សង្គ្រោះ​ជាតិ​យល់ថា បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម​ជាមួយ​ក្រសួងមហាផ្ទៃ អាច​នឹង​ចប់ ពីព្រោះ​អ្វី ដែល​ខ្លួន​បានធ្វើ គឺ​ត្រឹមត្រូវ​ទៅតាម​លក្ខន្តិកៈ​របស់​គ​ណ​បក្ស​។ គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​នៅតែ​ប្រកាន់​ជំហរ​ថា ការជ្រើសរើស​ឯកឧត្តម កឹម សុខា ឲ្យ​ធ្វើជា​ប្រធាន ព្រមទាំង​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន គឺ​មិន​ប្រាសចាក​ពី​លក្ខន្តិកៈ​របស់​គណបក្ស​ឡើយ​។ ដោយ​ប្រកាន់​ជំហរ​បែបនេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បើក​កិច្ចប្រជុំ​មួយ​នៅក្នុង​គណៈកម្មាធិការ​នា​យក ដើម្បី​អបអរសាទរ​សាជាថ្មី ចំពោះ​ឯកឧត្តម កឹម សុខា លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ​។

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ខាងលើ គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ចំនួន​ពីរ​ច្បាប់ ទៅកាន់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៧​។ លោក បញ្ជាក់ថា លិខិត​ទីមួយ គឺ​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អបអរសាទរ​ម្តងទៀត ចំពោះ ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន រួមទាំង​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អនុប្រធាន ហើយ​លិខិត​ទី​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ឈប់​ប្រើពាក្យ​ស្លោក «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​»​។ 

​យ៉ាងណា រហូតមកដល់​ពេលនេះ លោក យ៉ែម បុញ្ញឫទ្ធិ នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ក្រសួងមហាផ្ទៃ​នោះទេ ជុំវិញ​លិខិត​ខាងលើ​។

​នៅពេលដែល​សួរថា បើ​គ្រាន់តែ​ប្រជុំ​គណៈកម្មាធិការ​នាយក ហើយ​រក្សាទុក​តំណែង​ជា​ប្រធាន​ឲ្យ​ឯកឧត្តម កឹម សុខា រួមទាំង​តំណែង​ជា​អនុប្រធាន​ឲ្យ​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ដដែល តើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងមាន​បញ្ហា​ជាមួយនឹង​ក្រសួងមហាផ្ទៃ តទៅទៀត​ទេ​? លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឆ្លើយ​យ៉ាងខ្លី​ថា​៖«​មិនមាន​បញ្ហា​អ្វី​ទេ​។ ហើយ​ចំពោះ​ប្រធាន​និង​អនុប្រធាន គឺ​គ្មានអ្វី​ប្រែប្រួល​ឡើយ​»​។

​ជុំវិញ​បញ្ហា​នេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាងថា ក្រោយ​ទទួលបាន​លិខិត​ទាំងពីរ​ច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួចហើយ លោក​ក៏​បញ្ជូន​លិខិត​ទាំងនោះ​ទៅកាន់​សម្តេច ស ខេង ដើម្បី​សម្រេច​។ លោក​និយាយថា ក្រសួងមហាផ្ទៃ មិនដែល​លូកដៃ​ចូលទៅក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នោះទេ​។ លោក បន្តថា ក្រសួងមហាផ្ទៃ គ្រាន់តែ​ក្រើនរម្លឹក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ធ្វើតាម​លក្ខន្តិកៈ ប៉ុណ្ណោះ​។

​សូម​រម្លឹកថា ការរៀបចំ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពីដើម​ខែមីនា ដើម្បី​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​ថ្មី បាន​បន្សល់ទុក​ស្លាកស្នាម ដល់​ក្រសួងមហាផ្ទៃ​។ ក្រោយ​សិក្សា​រួច ក្រសួងមហាផ្ទៃ បាន​រកឃើញថា គណ​កប្ស​សង្គ្រោះ​ជាតិ បាន​បំពាន​លក្ខន្តិកៈ​របស់ខ្លួន ក្នុងការ​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​ថ្មី ។ យ៉ាងណា​ក្រសួងមហាផ្ទៃ មិនបាន​បញ្ជាក់​ឬ​បញ្ជា​ថា ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបែបនេះ ឬ​ធ្វើ​បែប​នោះ ឡើយ​។ អ្វីដែល​ដែល​ក្រសួងមហាផ្ទៃ លើកឡើង​ដដែលៗ គឺថា​សូម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យ៉ាង​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់ខ្លួន​ឡើងវិញ ក្នុងការ​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​៕



Tag:
 CNRP
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com