ជាតិ
មេធាវី​លោក​គឹម សុខ ប្តឹង​សាទុក្ខ​ពីរ ទៅ​តុលាការ​កំពូល ដើម្បី​ប្រឆាំង​តុលាការ​ជាន់​ទាប​
04, Apr 2017 , 9:39 pm        
រូបភាព
លោក ជូង ជូងី មេធាវីការពារ​ក្តីឲ្យ​លោក គឹម សុខ
លោក ជូង ជូងី មេធាវីការពារ​ក្តីឲ្យ​លោក គឹម សុខ
ភ្នំពេញ​៖ ក្រោយ​មិនបាន​ទទួលលទ្ធផល​ជា​វិជ្ជមាន នៅ​តុលា​ការជាន់​ទាប មេធាវី​របស់លោក គឹម សុខ ក៏​បន្ត​យក​សំណុំរឿង​ទៅ​តវ៉ា​នៅ​តុលាការ​កំពូល​។ មេធាវី បានដាក់​បណ្តឹងសាទុក្ខ​ចំនួន​ពីរ នៅ​តុលាការ​កំពូល ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប​។



​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រគល់​សិទ្ធិ​ជូន​មេធាវី ឲ្យ​ដាក់​បណ្តឹងសាទុក្ខ​ចំនួន​ពីរ ទៅកាន់​តុលាការ​កំពូល ដើម្បី​តវ៉ា​នឹង​ការសម្រេច​របស់​សាលាដំបូង​និង​សាលាឧទ្ធរណ៍ កន្លងមក​។

​លោក ជូ​ង ជូ​ងី មេធាវី​របស់លោក​គឹម សុខ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃ​អង្គារ​នេះ​ថា បណ្តឹង​ទីមួយ គឺ​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ ជា​បណ្តោះអាសន្ន ហើយ​បណ្តឹង​ទី​ពីរ គឺ​សុំ​ឲ្យ​កោះហៅ​សម្តេច ហ៊ុន សែន ក្នុងនាម​ជាដើម​ចោទ ចូលខ្លួន​ទៅ​តទល់​ជាមួយនឹង​លោក​គឹម សុខ នៅក្នុង​តុលាការ​។ លោក បន្តថា រហូតមកដល់​ពេលនេះ តុលាការ​កំពូល មិនទាន់​ផ្តល់ព័ត៌មាន​យ៉ាងណា​នោះទេ ពាក់ព័ន្ធ​នឹង​បណ្តឹង​ទាំងពីរ​ខាងលើ​។

​លោក​មេធាវី​រូបនេះ និយាយថា លោក មិន​គិតពី​លទ្ធផល​នៃ​ការតវ៉ា​ឡើយ​។ ប៉ុន្តែ ក្នុងនាម​ជា​មេធាវី លោក ត្រូវធ្វើ​អ្វី ឲ្យ​ស្របទៅតាម​នីតិវិធី ដែល​កូនក្តី​ស្នើឡើង​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ពិចារណា​ទេ ថា​រឿង​ហ្នឹង​ទៅរួច​ឬ​ទៅ​មិន​រួច​។ អ្វីដែល​ខ្ញុំ​ពិចារណា គឺ​ពិចារណ​ពី​ផ្លូវច្បាប់ ដែល​ខ្ញុំ​ត្រូវធ្វើ​ទៅតាម​សំណើ​របស់​កូនក្តី​ខ្ញុំ​។ ហើយ​ការសម្រេច​យ៉ាងណា​នោះ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​»​។

​កន្លងមក លោក ជូ​ង ជូ​ងី បានដាក់​បណ្តឹង​ទាំងពីរ​ខាងលើ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ រួចទៅហើយ​។ ប៉ុន្តែ បណ្តឹង​ខាងលើ សុទ្ធតែ​ត្រូវបាន​តុលាការ​ទាំងពីរ​ថ្នាក់​នេះ ច្រានចោល​។

​ក្រោយ​ទទួលបាន​បណ្តឹង​ពី​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​កោះហៅ​លោក គឹម សុខ ទៅ​សួរ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។ បន្ទាប់ពី​សួរ​រួច សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​យក​លោក​គឹម សុខ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​ថ្ងៃនោះ​តែម្តង ដោយ​ចោទ​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​»​។

​បើតាម​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន ការដាក់​បណ្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ និយាយថា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្នុង​បណ្តឹង​នេះ សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ចំនួន ៥០​ម៉ឺន​ដុល្លារ​៕


Tag:
 គឹម សុខ
© រក្សាសិទ្ធិដោយ thmeythmey.com