ជាតិ
កំណាត់​ផ្លូវជាតិ​លេខ​៦ តម្លៃ​ទឹកប្រាក់​៧០​លាន​ដុល្លារ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​
06, Apr 2017 , 9:36 am        
រូបភាព
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៦ មេសា​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណត់​ផ្លូវជាតិ​លេខ​៦ ដែលមាន​ប្រវែង​៤០​គីឡូម៉ែត្រ ចាប់ពី​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដល់​ថ្នល់កែង ក្នុង​ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​



​តាមរយៈ​ការ​ថ្លែង​សន្ទរកថា របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៦​នេះ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC ស្តង់ដារ​ផ្លូវ​កម្រិត​ទី​១ តាម​គំរូ​បទដ្ឋាន​បច្ចេកទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​សរុប​ប្រវែង ២៦​ម៉ែត្រ ។ ចំណែក​ផ្លូវ​ក្នុង​ក្រុងមាន​ដាំ​បង្គោល​អគ្គិសនី​មួយ​ជួ​រលើ​សួន​កណ្តាល​ទ្រូងផ្លូវ និង​មាន​លូបង្ហូរទឹក​ភ្លៀង​។​

​បើតាម​លោក ស៊ុន ចាន់ថុល កំណាត់​ផ្លូវ​នេះ បាន​ចំណាយ​ថវិកា​សាងសង់​សរុប ៧០,២៥​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ និង​បោសសម្អាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទះ​។ កំណាត់​ផ្លូវជាតិ​លេខ​៦​នេះ បានចាប់ផ្ដើម​សាងសង​តាំងពី​ខែមករា ឆ្នាំ​២០១២ រហូតដល់​ដើមឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន​សំណង់ Shanghai Group និង ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Guangzhou Wanan (Guangzhou Wanan Construction Supervision Co.,Ltd.) របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​កំណាត់​ផ្លូវជាតិ​លេខ​៦ នេះ មាន​ប្រវែង​សរុប​ជាង ៤០​គីឡូម៉ែត្រ ចាប់ពី​សង្កាត់​ព្រែកលៀប ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៦+០០៨ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដល់​ឃុំ​សំបូរ (​ថ្នល់កែង​) ត្រង់​គីឡូម៉ែត្រ​លេខ​៤៦+៥០០ ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦១ ស្ថិតក្នុង​ស្រុក​បាធាយ ខេត្ដ​កំពង់ចាម​។ កំណាត់​ផ្លូវ​នេះ បាន​សាងសង់​ស្ពាន​ថ្មី​ចំនួន ២៦​កន្លែង ប្រវែង​សរុប ១,៣៧០​ម៉ែត្រ សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន ០៩​កន្លែង ប្រវែង​សរុប ២៣៨​ម៉ែត្រ សង់ស្ពាន​រំលង ០១​កន្លែង និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង ១,០០០​ម៉ែត្រ​។​នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល ដែល​បាន​បន្ថែមថា កំណាត់​ផ្លូវជាតិ​លេខ​៦​នេះ ជា​ចំណែក​មួយ​ជួយ​ដល់​ការរីកចម្រើន​របស់​សេដ្ឋកិច្ចជាតិ និង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ហើយក៏​ជួយ​សម្រួល​ដល់​ចរាចរណ៍​ឲ្យ​មាន​ភាពងាយស្រួល​ជាង​មុន​ផងដែរ​៕


Tag:
 ផ្លូវជាតិ​លេខ​៦
 ​ កម្ពុជា​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com