ជាតិ
បទវិភាគ
សេដ្ឋកិច្ច
ចំណាកស្រុកពីជនបទចូលទីក្រុងភ្នំពេញ៖ បញ្ហាប្រឈមទាំងជនបទ និងទីក្រុង!
× ភ្នំពេញ៖ អ្នកគ្មានការងារធ្វើនៅជនបទបន្តឡើងមកទីក្រុងភ្នំពេញ។ ការធ្វើចំណាកស្រុកពីជនបទមកទីក្រុងបង្កអោយទីក្រុងភ្នំពេញ និងជនបទប្រឈមនឹងបញ្ហាមួយចំនួន ក្នុងនោះមាន៖ចរាចរណ៍កកស្ទះ តម្លៃឈ្នួលផ្ទះឡើងថ្លៃ តម្លៃកម្មករធ្លាក់ចុះ រីឯជនបទខ្វះកម្លាំងពលកម្ម។ល។ តើមូលហេតុអ្វីបានជាមានចលនាចំណាកស្រុក?
ដោយមិននិយាយពីចលនាចំណាកស្រុកពីក្នុងទៅក្រៅប្រទេស គេសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាជនធ្វើចំណាកស្រុកពីជនបទមកទីក្រុងភ្នំពេញមិនមានការថយចុះទេ។ ផ្ទុយទៅវិញ វាមាននិន្នាការកើនឡើងជាលំដាប់។
នៅទីក្រុងភ្នំពេញ អ្នកធ្វើចំណាកស្រុកពីជនបទទទួលបានការងារនៅក្នុងវិស័យមួយចំនួនក្នុងនោះមាន៖វិស័យសំណង់ វិស័យកាត់ដេរ វិស័យសេវាកម្មលក់ម្ហូបអាហារ សេវាកម្មសប្បាយ សេវាកម្មលាងរថយន្ត សេវាកម្មបម្រើតាមផ្ទះ ការងារនៅតាមក្រុមហ៊ុនតូចធំ។ល។
ការងាររបស់ពួកគេមិនទទួលបានកម្រៃច្រើនមែនប៉ុន្តែវាប្រសើរជាងការងារនៅជនបទ។ ការប៉ាន់ស្មានមួយចំនួនបានបញ្ជាក់ថា កម្មករក្នុងសេវាកម្មដែលបានរៀបរាប់ខាងលើនេះទទួលបានប្រាក់ខែក្នុងចន្លោះពី១០០ទៅជាង២០០ដុល្លារអាមេរិក អាស្រ័យទៅលើការងារនីមួយៗ។ និយាយក្នុងន័យសេដ្ឋកិច្ច ចំណាកស្រុក ធ្វើឲ្យជីវភាពគ្រួសាររីកចម្រើនតាមរយៈប្រាក់ចំណូលកើនឡើង។ យុវជនខ្លះមិនមែនឡើងមកទីក្រុងភ្នំពេញដោយសារតែភាពក្រីក្រទេ។ ប៉ុន្តែពួកគេ នាំគ្នាឡើងមកទីក្រុងភ្នំពេញដើម្បីបន្តការសិក្សា ហើយនេះបណ្តាលមកពីជនបទខ្វះមហាវិទ្យាល័យសម្រាប់បន្តការសិក្សា។ បន្តការសិក្សាហើយ និស្សិតទាំងនោះមិនត្រឡប់ទៅស្រុកកំណើតវិញឡើយ។ ពួកគេរកការងារធ្វើ និងរៀបការនៅទីក្រុងភ្នំពេញតែម្តង។ ដោយសារតែនិន្នាការនេះហើយ ទើបផ្ទៃក្រឡាទីក្រុងភ្នំពេញត្រូវបានសាលារាជធានីភ្នំពេញពង្រីកកាន់តែធំឡើងៗ។
តើមូលហេតុអ្វីបានជាប្រជាជននៅជនបទនាំគ្នាសម្រុកមករកការងារធ្វើនៅទីក្រុងភ្នំពេញ?
កត្តាដែលជំរុញអោយអ្នកជនបទសម្រុកមករកការងារធ្វើនៅទីក្រុងមានច្រើន ប៉ុន្តែបញ្ហាដែលកើតមានញឹកញាប់ជាងគេនោះគឺ។ ទី១៖កង្វះខាតដីធ្វើស្រែចម្ការ។ ចាប់តាំងពីឆ្នាំ១៩៧៩មក គ្រួសារនីមួយៗបានរីកធំឡើងៗប៉ុន្តែទំហំដីធ្វើស្រែដែលរដ្ឋចែកអោយកាលនោះនៅដដែល។ ទី២៖ ប្រជាជនមួយចំនួនអត់ដីធ្វើស្រែតែម្តងដោយសារពួកគេប្រឈមនឹងជំងឺដង្កាត់ផ្សេងៗ។ ដីធ្វើចម្ការមួយចំនួនត្រូវបានពលរដ្ឋក្រីក្រលក់ទៅឲ្យឈ្មួញធំៗ។ ទី៣៖ការធ្វើស្រែប្រវាស់នឹងមេឃធ្វើអោយកសិករមួយចំនួនអស់ទឹកចិត្តឈប់ធ្វើស្រែហើយសម្រេចចិត្តឡើងមកស៊ីឈ្នួលគេនៅទីក្រុងភ្នំពេញ។
ទី៤៖ប្រជាកសិករខ្លះធ្វើចំណាកស្រុកតាមរដូវ មានន័យថា បន្ទាប់ពីច្រូតកាត់រួចហើយពួកគេមួយចំនួននាំគ្នាឡើងមកទីក្រុងភ្នំពេញដើម្បីរត់ម៉ូតូឌុបធាក់ស៊ីក្លូឬធ្វើការសំណង់។ល។ កម្មករមួយប្រភេទទៀតពួកគេឡើងមកទីក្រុងភ្នំពេញតែពេលថ្ងៃប៉ុណ្ណោះ ប៉ុន្តែពេលយប់ពួកគេត្រឡប់ទៅផ្ទះសម្បែងវិញ។ ទី៥៖ អ្នកចំណាកស្រុកខ្លះ ធ្វើចំណាកស្រុកតាមគេតាមឯង ដោយគ្រាន់តែលឺគេនិយាយថា ធ្វើការនៅទីក្រុងរកប្រាក់ចំណូលបានច្រើន។ ទី៦៖ យុវជន យុវនារីខ្លះ រំភើបតាមគ្នា រកលេសធ្វើការឲ្យឆ្ងាយពីផ្ទះដើម្បីមានឱកាសដើរកម្សាន្ត ចៀសវាងការស្តីបន្ទោសពីឪពុកម្តាយ និងទី៧៖ ទីក្រុងសម្បូរសកម្មភាពសេដ្ឋកិច្ច ដូចជា រោងចក្រ សហគ្រាស។ល។
នៅពេលដែលយុវជនឬយុវនារីនាំគ្នាធ្វើចំណាកស្រុកមកទីប្រជុំជននោះ មនុស្សចាស់ៗនៅជនបទត្រូវបង្ខំចិត្តធ្វើស្រែចម្ការជំនួសកម្លាំងពលកម្មក្មេងៗដែលមករកលុយកាក់នៅទីក្រុង។ ជនបទស្ងាត់ជ្រងំ តែមកផ្តុំគ្នានៅទីក្រុងភ្នំពេញ។ ស្ថានភាពជាក់ស្តែងបានបង្ហាញឲ្យឃើញថា សំណង់នៅទីក្រុងភ្នំពេញ និងក្រៅក្រុងភ្នំពេញកាន់តែរីកចម្រើនគួរឲ្យស្ញប់ស្ញែង។
ប៉ុន្តែអ្នកតាមដានសភាពការណ៍សង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមួយចំនួនបង្ហាញក្តីព្រួយបារម្ភដោយនិយាយថា ចលនាសម្រុកឡើងមកទីក្រុងភ្នំពេញកាន់តែច្រើននោះនឹងបង្កបញ្ហាសង្គមកាន់តែខ្លាំងនៅទីក្រុង។ បញ្ហាទាំងនោះជារួមមាន៖ការកកស្ទះចរាចរណ៍ ឈ្នួលផ្ទះឡើងថ្លៃ តម្លៃឈ្នួលកម្លាំងពលកម្មនៅទីក្រុងនឹងថយចុះនិងចំណុចចុងក្រោយគឺទាក់ទងទៅការជួញដូរមនុស្ស។ ករណីយជួញដូរអាចកើតមានឡើងតាមរយៈការធ្វើចំណាកស្រុកពីព្រោះពលករមួយចំនួនឃ្លាតឆ្ងាយពីក្រុមគ្រួសារ។
នៅឯជនបទវិញ បញ្ហាសង្គមក៏កើតឡើងដែរ។ ដោយសារតែធ្វើការបែកគ្នា ប្តីប្រពន្ធខ្លះលែងលះគ្នា ឪពុកបែកកូន កូនបែកម្តាយ។ល។ បញ្ហាមួយទៀត គឺជនបទខ្វះធនធានមនុស្សល្អៗដើម្បីអភិវឌ្ឍស្រុកកំណើត ព្រោះ និស្សិតដែលឡើងមកសិក្សានៅទីក្រុងភ្នំពេញ មិនត្រឡប់ទៅស្រុកកំណើតវិញ។ ចំណុចនេះ គឺជាកត្តាស្លាប់រស់ក្នុងការអភិវឌ្ឍតំបន់ជនបទ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតំបន់ជនបទ និងទីក្រុង។
អ្នកជំនាញសង្គមសេដ្ឋកិច្ចបានអត្ថាធិប្បាយថា ដើម្បីទប់ស្កាត់ឬកាត់បន្ថយការធ្វើចំណាកស្រុក រដ្ឋាភិបាលត្រូវតែមានគោលនយោបាយធ្វើយ៉ាងណាជំរុញអោយក្រុមហ៊ុនសហគ្រាសធុនតូចឬធុនមធ្យមទៅបោះទីតាំងនៅតាមតំបន់ជនបទអោយបានច្រើន និងរុញច្រានឲ្យធនធានមនុស្សល្អវិលត្រឡប់ទៅតំបន់ជនបទវិញ។ តែដើម្បីធ្វើអោយសម្រេចគោលបំណងនេះ រដ្ឋាភិបាលត្រូវអនុវត្តគោលនយោបាយមួយចំនួនក្នុងនោះមាន៖ការសាងសង់ផ្លូវថ្នល់ ការសាងសង់បណ្ដាញអគ្គិសនី ការកសាងបណ្ដាញប្រព័ន្ធទឹកស្អាត និងការតភ្ជាប់បណ្ដាញប្រព័ន្ធអ៊ិនធឺណិតឲ្យកាន់តែប្រសើរ។ ម្យ៉ាងទៀត រដ្ឋាភិបាលត្រូវតែមានកញ្ចប់លើកទឹកចិត្តពិសេស សម្រាប់ក្រុមហ៊ុនណាដែលសុខចិត្តបោះទុនវិនិយោគនៅតំបន់ជនបទ។ កញ្ចប់ពិសេសនោះ អាចជាការលើកលែងពន្ធរយៈពេល៥ ឬ១០ឆ្នាំជាដើម។
ចំពោះធនធានមនុស្ស រដ្ឋាភិបាលគួររិះរកវិធានការណាដែលលើកទឹកចិត្ត ឬចងជាកិច្ចសន្យាដើម្បីឲ្យនិស្សិតរៀនចប់អាចទៅចូលរួមចំណែកអភិវឌ្ឍស្រុកកំណើតពួកគេ។ ជនបទមិនអាចរីកចម្រើនបានឡើយ ប្រសិនបើគ្មានធនធានមនុស្សល្អៗ។
នៅពេលណាក្រុមហ៊ុនមានវត្តមានកាន់តែច្រើននៅជនបទ បូកផ្សំនឹងមានវត្តមានធនធានមនុស្សល្អ ពេលនោះ សកម្មភាពសេដ្ឋកិច្ចនៅជនបទនឹងរស់រវើក។ ជាលទ្ធផលចុងក្រោយ ចលនាចំណាកស្រុកនឹងកាត់បន្ថយដោយខ្លួនឯង។ សុភាសិតខ្មែរបាននិយាយហើយថា៖«ជួញជិតប្រសើរជាងជួញឆ្ងាយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com