ជាតិ
បទវិភាគ
សេដ្ឋកិច្ច
ចំណាកស្រុក​ពី​ជនបទ​ចូល​ទីក្រុង​ភ្នំពេញ​៖ បញ្ហា​ប្រឈម​ទាំង​ជនបទ និង​ទីក្រុង​!
09, Apr 2017 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ អ្នកគ្មានការងារ​ធ្វើ​នៅ​ជនបទ​បន្ត​ឡើងមក​ទីក្រុង​ភ្នំពេញ​។ ការធ្វើ​ចំណាកស្រុក​ពី​ជនបទ​មក​ទីក្រុង​បង្ក​អោយ​ទីក្រុង​ភ្នំពេញ និង​ជនបទ​ប្រឈម​នឹង​បញ្ហា​មួយចំនួន ក្នុងនោះ​មាន​៖​ចរាចរណ៍​កកស្ទះ តម្លៃ​ឈ្នួល​ផ្ទះ​ឡើងថ្លៃ តម្លៃ​កម្មករ​ធ្លាក់ចុះ រីឯ​ជនបទ​ខ្វះ​កម្លាំង​ពលកម្ម​។​ល​។ តើ​មូល​ហេតុអ្វី​បានជា​មាន​ចលនា​ចំណាកស្រុក​?



​ដោយ​មិន​និយាយ​ពី​ចលនា​ចំណាកស្រុក​ពី​ក្នុង​ទៅ​ក្រៅប្រទេស គេ​សង្កេតឃើញថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​ប្រជាជន​ធ្វើ​ចំណាកស្រុក​ពី​ជនបទ​មក​ទីក្រុង​ភ្នំពេញ​មិនមាន​ការថយចុះ​ទេ​។ ផ្ទុយទៅវិញ វា​មាន​និន្នាការ​កើន​ឡើងជា​លំដាប់​។​

​នៅ​ទីក្រុង​ភ្នំពេញ អ្នកធ្វើ​ចំណាកស្រុក​ពី​ជនបទ​ទទួល​បានការ​ងារ​នៅក្នុង​វិស័យ​មួយចំនួន​ក្នុងនោះ​មាន​៖​វិស័យ​សំណង់ វិស័យ​កាត់ដេរ វិស័យ​សេវាកម្ម​លក់​ម្ហូបអាហារ សេវាកម្ម​សប្បាយ សេវាកម្ម​លាង​រថយន្ត សេវាកម្ម​បម្រើ​តាម​ផ្ទះ ការងារ​នៅតាម​ក្រុមហ៊ុន​តូចធំ​។​ល​។​

​ការងារ​របស់​ពួកគេ​មិន​ទទួលបាន​កម្រៃ​ច្រើន​មែន​ប៉ុន្តែ​វា​ប្រសើរ​ជាង​ការងារ​នៅ​ជនបទ​។ ការប៉ាន់ស្មាន​មួយចំនួន​បាន​បញ្ជាក់ថា កម្មករ​ក្នុង​សេវាកម្ម​ដែល​បាន​រៀបរាប់​ខាងលើនេះ​ទទួលបាន​ប្រាក់ខែ​ក្នុង​ចន្លោះ​ពី​១០០​ទៅ​ជាង​២០០​ដុល្លារ​​អាមេរិក អាស្រ័យទៅលើ​ការងារ​នីមួយៗ​។ និយាយ​ក្នុងន័យ​សេដ្ឋកិច្ច ចំណាកស្រុក ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​រីកចម្រើន​តាមរយៈ​ប្រាក់ចំណូល​កើនឡើង​។ យុវជន​ខ្លះ​មិនមែន​ឡើងមក​ទីក្រុង​ភ្នំពេញ​ដោយសារតែ​ភាពក្រីក្រ​ទេ​។ ប៉ុន្តែ​ពួកគេ នាំគ្នា​ឡើងមក​ទីក្រុង​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា ហើយ​នេះ​បណ្តាលមកពី​ជនបទ​ខ្វះ​មហាវិទ្យាល័យ​សម្រាប់​បន្ត​ការសិក្សា​។ បន្ត​ការសិក្សា​ហើយ និស្សិត​ទាំងនោះ​មិន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ឡើយ​។ ពួកគេ​រក​ការងារ​ធ្វើ និង​រៀបការ​នៅ​ទីក្រុង​ភ្នំពេញ​តែម្តង​។ ដោយសារតែ​និន្នាការ​នេះហើយ ទើប​ផ្ទៃក្រឡា​ទីក្រុង​ភ្នំពេញ​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ពង្រីក​កាន់តែ​ធំ​ឡើងៗ​។

​តើ​មូល​ហេតុអ្វី​បានជា​ប្រជាជន​នៅ​ជនបទ​នាំគ្នា​សម្រុក​មករក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​?
​កត្តា​ដែល​ជំរុញ​អោយ​អ្នក​ជនបទ​សម្រុក​មក​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​មាន​ច្រើន ប៉ុន្តែ​បញ្ហា​ដែល​កើតមាន​ញឹកញាប់​ជាងគេ​នោះ​គឺ​។ ទី​១៖​កង្វះខាត​ដី​ធ្វើស្រែ​ចម្ការ​។ ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក គ្រួសារ​នីមួយៗ​បាន​រីកធំឡើងៗ​ប៉ុន្តែ​ទំហំ​ដី​ធ្វើស្រែ​ដែល​រដ្ឋ​ចែក​អោយ​កាលនោះ​នៅ​ដដែល​។ ទី​២៖ ប្រជាជន​មួយចំនួន​អត់​ដី​ធ្វើស្រែ​តែម្តង​ដោយសារ​ពួកគេ​ប្រឈម​នឹង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។ ដី​ធ្វើ​ចម្ការ​មួយចំនួន​ត្រូវបាន​ពលរដ្ឋ​ក្រីក្រ​លក់​ទៅ​ឲ្យ​ឈ្មួញ​ធំៗ​។ ទី​៣៖​ការធ្វើ​ស្រែ​ប្រវា​ស់នឹង​មេឃ​ធ្វើអោយ​កសិករ​មួយចំនួន​អស់​ទឹកចិត្ត​ឈប់​ធ្វើស្រែ​ហើយ​សម្រេចចិត្ត​ឡើងមក​ស៊ីឈ្នួល​គេ​នៅ​ទីក្រុង​ភ្នំពេញ​។

ទី​៤៖​ប្រជាកសិករ​ខ្លះ​ធ្វើ​ចំណាកស្រុក​តាម​រដូវ មានន័យថា បន្ទាប់ពី​ច្រូតកាត់​រួចហើយ​ពួកគេ​មួយចំនួន​នាំគ្នា​ឡើងមក​ទីក្រុង​ភ្នំពេញ​ដើម្បី​រត់​ម៉ូតូឌុប​ធាក់​ស៊ីក្លូ​ឬ​ធ្វើការ​សំណង់​។​ល​។ កម្មករ​មួយ​ប្រភេទ​ទៀត​ពួកគេ​ឡើងមក​ទីក្រុង​ភ្នំពេញ​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ពេលយប់​ពួកគេ​ត្រឡប់ទៅផ្ទះ​សម្បែង​វិញ​។ ទី​៥៖ អ្នក​ចំណាកស្រុក​ខ្លះ ធ្វើ​ចំណាកស្រុក​តាម​គេ​តាម​ឯង ដោយ​គ្រាន់តែ​លឺ​គេ​និយាយថា ធ្វើការ​នៅ​ទីក្រុង​រកប្រាក់​ចំណូល​បាន​ច្រើន​។ ទី​៦៖ យុវជន យុវនារី​ខ្លះ រំភើប​តាម​គ្នា រក​លេស​ធ្វើការ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​ដើម្បី​មានឱកាស​ដើរ​កម្សាន្ត ចៀសវាង​ការស្តីបន្ទោស​ពី​ឪពុកម្តាយ និង​ទី​៧៖ ទីក្រុង​សម្បូរ​សកម្មភាព​សេដ្ឋកិច្ច ដូចជា រោងចក្រ សហគ្រាស​។​ល​។

​នៅពេលដែល​យុវជន​ឬ​យុវនារី​នាំគ្នា​ធ្វើ​ចំណាកស្រុក​មក​ទីប្រជុំជន​នោះ មនុស្ស​ចាស់ៗ​នៅ​ជនបទ​ត្រូវ​បង្ខំចិត្ត​ធ្វើស្រែ​ចម្ការ​ជំនួស​កម្លាំង​ពលកម្ម​ក្មេងៗ​ដែល​មករក​លុយកាក់​នៅ​ទីក្រុង​។ ជនបទ​ស្ងាត់ជ្រងំ តែ​មក​ផ្តុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ​។ ស្ថានភាព​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា សំណង់​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រៅ​ក្រុងភ្នំពេញ​កាន់តែ​រីក​​ចម្រើន​គួរ​ឲ្យ​ស្ញប់ស្ញែង​។

ប៉ុន្តែ​អ្នកតាមដាន​សភាពការណ៍​សង្គម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ដោយនិយាយ​ថា ចលនា​សម្រុក​ឡើងមក​ទីក្រុង​ភ្នំពេញ​កាន់តែច្រើន​នោះ​នឹង​បង្កបញ្ហា​សង្គម​កាន់តែខ្លាំង​នៅ​ទីក្រុង​។ បញ្ហា​ទាំងនោះ​ជារួម​មាន​៖​ការកកស្ទះ​ចរាចរណ៍ ឈ្នួល​ផ្ទះ​ឡើងថ្លៃ តម្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​នៅ​ទីក្រុង​នឹង​ថយចុះ​និង​ចំណុច​ចុងក្រោយ​គឺ​ទាក់ទង​ទៅ​ការជួញដូរ​មនុស្ស​។ ករណី​យ​ជួញដូរ​អាច​កើតមានឡើង​តាមរយៈ​ការធ្វើ​ចំណាកស្រុក​ពីព្រោះ​ពលករ​មួយចំនួន​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​។

​នៅឯ​ជនបទ​វិញ បញ្ហា​សង្គម​ក៏​កើតឡើង​ដែរ​។  ដោយសារតែ​ធ្វើការ​បែក​គ្នា ប្តី​ប្រពន្ធ​ខ្លះ​លែងលះគ្នា ឪពុក​បែក​កូន កូន​បែក​ម្តាយ​។​ល​។ បញ្ហា​មួយទៀត គឺ​ជនបទ​ខ្វះ​ធនធានមនុស្ស​ល្អៗ​ដើម្បី​អភិវឌ្ឍ​ស្រុកកំណើត ព្រោះ និស្សិត​ដែល​ឡើងមក​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ មិន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ ចំណុច​នេះ គឺជា​កត្តា​ស្លាប់​រស់ក្នុង​ការអភិវឌ្ឍ​តំបន់​ជនបទ និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​តំបន់​ជនបទ និង​ទីក្រុង​។

​អ្នកជំនាញ​សង្គម​សេដ្ឋកិច្ច​បាន​អត្ថាធិប្បាយ​ថា ដើម្បី​ទប់ស្កាត់​ឬ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក រដ្ឋាភិបាល​ត្រូវតែមាន​គោលនយោបាយ​ធ្វើយ៉ាងណា​ជំ​រុញអោយ​ក្រុមហ៊ុន​សហគ្រាស​ធុន​តូច​ឬ​ធុន​មធ្យម​ទៅ​បោះទីតាំង​នៅតាម​តំបន់​ជនបទ​អោយបាន​ច្រើន និង​រុញច្រាន​ឲ្យ​ធនធានមនុស្ស​ល្អ​វិលត្រឡប់​ទៅ​តំបន់​ជនបទ​វិញ​។ តែ​ដើម្បី​ធ្វើអោយ​សម្រេច​គោលបំណង​នេះ រដ្ឋាភិបាល​ត្រូវអនុវត្ត​គោលនយោបាយ​មួយចំនួន​ក្នុងនោះ​មាន​៖​ការសាងសង់​ផ្លូវថ្នល់ ការសាងសង់​បណ្ដាញ​អគ្គិសនី ការកសាង​បណ្ដាញ​ប្រព័ន្ធ​ទឹកស្អាត និង​ការតភ្ជាប់​បណ្ដាញ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ឲ្យ​កាន់តែ​ប្រសើរ​។ ម្យ៉ាងទៀត រដ្ឋាភិបាល​ត្រូវតែមាន​កញ្ចប់​លើកទឹកចិត្ត​ពិសេស សម្រាប់​ក្រុមហ៊ុន​ណា​ដែល​សុខចិត្ត​បោះទុន​វិនិយោគ​នៅ​តំបន់​ជនបទ​។ កញ្ចប់​ពិសេស​នោះ អាចជា​ការលើកលែង​ពន្ធ​រយៈពេល​៥ ឬ​១០​ឆ្នាំ​ជាដើម​។

​ចំពោះ​ធនធានមនុស្ស រដ្ឋាភិបាល​គួរ​រិះរក​វិធានការ​ណា​ដែល​លើកទឹកចិត្ត ឬ​ចង​ជា​កិច្ចសន្យា​ដើម្បី​ឲ្យ​និស្សិត​រៀន​ចប់​អាច​ទៅ​ចូលរួមចំណែក​អភិវឌ្ឍ​ស្រុកកំណើត​ពួកគេ​។ ជនបទ​មិនអាច​រីកចម្រើន​បានឡើយ ប្រសិនបើ​គ្មាន​ធនធានមនុស្ស​ល្អៗ​។

​នៅពេលណា​ក្រុមហ៊ុន​មាន​វត្តមាន​កាន់តែច្រើន​នៅ​ជនបទ បូកផ្សំ​នឹងមាន​វត្តមាន​ធនធានមនុស្ស​ល្អ ពេលនោះ សកម្មភាព​សេដ្ឋកិច្ច​នៅ​ជនបទ​នឹង​រស់​រវើក​។ ជា​លទ្ធផល​ចុងក្រោយ ចលនា​ចំណាកស្រុក​នឹង​កាត់បន្ថយ​ដោយ​ខ្លួនឯង​។ សុភាសិត​ខ្មែរ​បាន​និយាយ​ហើយ​ថា​៖«​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com