ជាតិ
បទវិភាគ
សង្គមជាតិ
សេដ្ឋកិច្ច
ក្នុងយុគ្គសម័យថ្មី គេត្រូវការបុគ្គលិកម្នាក់ចេះធ្វើការច្រើនមុខ មិនមែនបុគ្គលិកច្រើននាក់ធ្វើការមួយមុខទេ!
× ភ្នំពេញ៖ កម្លាំងពលកម្មនៅក្នុងប្រទេសមានចំនួនច្រើនជាងការងារដែលត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ។ ដូច្នេះហើយបានជាយុវជនមួយចំនួន បន្ទាប់ពីបញ្ចប់ការសិក្សារួចហើយ មិនអាចទទួលបានការងារភ្លាមទេ ពោលគឺពួកគេត្រូវការពេលមួយរយៈសិន។ យុវជនខ្លះទៀត ត្រូវបង្ខំចិត្តលះបង់«លក់ញើស លក់ឈាម»ទៅធ្វើជាកម្មករនៅឯបរទេស។ ជាការពិត កម្លាំងពលកម្មលើសមែន ប៉ុន្តែប្រទេសក្រីក្រកម្ពុជានៅខ្វះធនធានមនុស្សដែលមានគុណភាព។
«អ្នកស្វែងរកការងារធ្វើមានចំនួនច្រើន។ ប៉ុន្តែអ្នកចេះធ្វើការ ហើយធ្វើការប្រកបដោយភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់មានចំនួនតិច។ ប្រទេសកម្ពុជាកំពុងខ្វះធនធានមនុស្សល្អដែលអាចជំរុញផលិតកម្មអោយឈានទៅមុខឆាប់រហ័ស»។ នេះគឺជាការលើកឡើងប្រហាក់ប្រហែលគ្នារបស់វិនិយោគិនបរទេស និងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា។
ជារៀងរាល់ឆ្នាំ យុវជនច្រើនសែននាក់បានឈានមកដល់ទីផ្សារការងារនៅក្នុងប្រទេសក្រីក្រកម្ពុជា។ មិនមែនពួកគេទាំងអស់គ្នានោះទេដែលគ្មានការងារធ្វើ។ អ្នកខ្លះ អាចរកការងារបានធ្វើភ្លាម អ្នកខ្លះត្រូវការរយៈពេល១ឆ្នាំ ឬ២ឆ្នាំទើបអាចទទួលបានការងារធ្វើជាប់លាប់។ អ្នកខ្លះទៀត ទទួលបានការងារធ្វើដែរ តែជាការងារមិនពេញម៉ោង និងទទួលបានប្រាក់បៀវត្សរ៍មិនសមរម្យ។ ដោយសារតែកង្វះការងារល្អនៅក្នុងប្រទេស និងដោយសារតែប្រាក់ខែនៅក្នុងប្រទេសមានកម្រិតទាប ប្រជាពលករខ្មែរច្រើនសែននាក់បានសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅស្វែងរកការងារធ្វើនៅបរទេសទាំងស្របច្បាប់ និងមិនស្របច្បាប់។ ក្រៅពីអ្នកមិនអាចរកការងារធ្វើបាននៅក្រៅប្រទេស និងក្នុងប្រទេស គេសង្កេតឃើញថា មានយុវជនជាច្រើនម៉ឺននាក់ផ្សេងទៀតគ្មានការងារធ្វើ ដើរទាត់ខ្យល់ជារៀងរាល់ថ្ងៃ។
តើហេតុអ្វីបានជាយុវជនខ្មែរមួយចំនួនមិនអាចរកការងារធ្វើបាននៅក្នុងប្រទេស?
បើផ្អែកលើតថៈភាពជាក់ស្តែង ប្រទេសក្រីក្រកម្ពុជាប្រឈមនឹងអតិផរណាផ្នែកកម្លាំងពលកម្មមែន។ ប៉ុន្តែការពិតបានបង្ហាញបញ្ច្រាសមកវិញថា ក្រុមហ៊ុនជាច្រើនបាននិងកំពុងខ្វះកម្លាំងពលកម្មដែលមានគុណភាព(សមត្ថភាព, ភាពស្មោះត្រង់, ការតាំងចិត្ត, ការចូលចិត្តអាជីព។ល។)
បញ្ហាអត់ការងារធ្វើអាចបណ្តាលមកពីទីផ្សារតូចចង្អៀតម្យ៉ាង។ តែម្យ៉ាងទៀត វាបណ្តាលមកពីគុណភាពបណ្តុះបណ្តាលតាមវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យា និងកង្វះខាតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ គុណភាពអប់រំនៅក្នុងប្រទេសក្រីក្រមួយនេះត្រូវបានគេវាយតម្លៃថា មានកម្រិតទាបជាងគេបើប្រៀបធៀបទៅនឹងគុណភាពអប់រំនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក។
ដោយសារតែប្រទេសកម្ពុជាខ្វះកម្លាំងពលកម្មដែលមានគុណភាពនេះហើយ ទើបក្រុមហ៊ុនជាច្រើនបានដណ្តើមយកបុគ្គលិកល្អៗពីគ្នាទៅវិញទៅមក។ ការដណ្តើមបុគ្គលិកពីគ្នាទៅវិញទៅមកនេះត្រូវបានគេធ្វើឡើងនៅក្នុងស្ទើរគ្រប់វិស័យទាំងអស់ ដូចជា នៅក្នុងវិស័យធនាគារ វិស័យសារព័ត៌មាន វិស័យបច្ចេកវិទ្យា វិស័យកសិកម្ម វិស័យសំណង់ និងអចលនទ្រព្យ។ និយាយជារួម កង្វះខាតធនធានមនុស្សគុណភាពកើតមានឡើងនៅក្នុងគ្រប់វិស័យទាំងអស់ បើទោះបីជាប្រទេសកម្ពុជាបាន និងកំពុងខិតខំផលិតធនធានមនុស្សយ៉ាងណាក្តី។
ជារៀងរាល់ឆ្នាំ និស្សិតច្រើនម៉ឺននាក់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់។ ប៉ុន្តែធនធានមនុស្សដែលអាចប្រើការបានប្រកបដោយប្រសិទ្ធភាពនៅមានចំនួនតិច។ បញ្ហានេះត្រូវបានគេស្តីបន្ទោសយ៉ាងខ្លាំងទៅលើប្រព័ន្ធអប់រំនៅកម្ពុជាដែលតែងតែអនុវត្តនូវទ្រឹស្តី«ផលិតបរិមាណមនុស្សអោយបានច្រើនជាជាងគុណភាព»ពីព្រោះធនធានមនុស្សកម្ពុជាត្រូវបានខ្មែរក្រហមសម្លាប់ស្ទើរអស់កាលពីជំនាន់ប៉ុលពត១៩៧៥-១៩៧៩។ ទស្សនទាននេះវាត្រឹមត្រូវក្នុងស្ថានភាពក្រោយរបបប៉ុលពតភ្លាម។ ប៉ុន្តែគេមិនអាចអនុវត្តវាបានទៀតឡើយនៅក្នុងសតវត្សរ៍ទី២១នេះ និងជាង៣០ឆ្នាំក្រោយរបបប៉ុលពត។
សម្រាប់ស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បរិមាណធនធានមនុស្សមានច្រើនគួរសមហើយ តែវានៅខ្វះធនធានមនុស្សដែលមានគុណភាព។ មនុស្សគ្មានគុណភាព ផលិតភាពនៃផលិតកម្មក៏ខ្សោយដែរ។
អ្នកជំនួញនៅក្នុងប្រទេសកម្ពុជាមួយចំនួនបានអត្ថាធិប្បាយថា ធនធនមនុស្សដែលមានគុណភាព គឺមានសារៈប្រយោជន៍ខ្លាំណាស់សម្រាប់ការអភិវឌ្ឍក្រុមហ៊ុន និងប្រទេសជាតិ។ ប្រសិនបើខួរក្បាលរបស់ក្រុមហ៊ុនមួយឬប្រទេសមួយមានកម្រិតទាបជាងគេ ការរីកចម្រើនរបស់ក្រុមហ៊ុននោះឬប្រទេសនោះត្រូវតែយឺតជាងគេពីព្រោះខួរក្បាលមនុស្សជាអ្នកជំរុញក្រុមហ៊ុនឬប្រទេសអោយជឿនលឿន។
ក្រៅពីលក្ខណៈសម្បត្តិមួយចំនួន អ្នកជំនួញទាំងឡាយត្រូវការធនធនមនុស្សដែលមានគំនិតឆ្នៃប្រឌិត និងមានគំនិតបង្កើតថ្មីៗលឿនមុនគេ។ ពួកគេមិនចូលចិត្តឡើយទស្សនទាន ចាំតែចម្លងពីគេនោះ។
សូមបញ្ជាក់ថា ក្នុងយុគ្គសម័យថ្មីនេះ គេត្រូវការធនធានមនុស្សម្នាក់ដែលអាចធ្វើកិច្ចការបាន«១០មុខ» ជាជាងជ្រើសរើសបុគ្គលិក១០នាក់ដើម្បីធ្វើកិច្ចការតែ«មួយមុខ»ប៉ុណ្ណោះ។ មានសញ្ញាបត្រខ្ពស់ តែមនុស្សគ្មានគុណភាព សញ្ញាបត្រនោះពុំមានតម្លៃអ្វីឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com